ក្រសួង រៀបចំបែបបទផ្ទេរកម្មសិទ្ធិយានយន្ត កាន់តែងាយស្រួល
- 2018-12-06 03:46:47
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ក្រសួង រៀបចំបែបបទផ្ទេរកម្មសិទ្ធិយានយន្ត កាន់តែងាយស្រួល
ចន្លោះមិនឃើញ
ក្រសួងពាក់ព័ន្ធ កំពុងរៀបចំប្រកាសថ្មីមួយ ដើម្បីរៀបចំបែបបទ និងនីតិវិធីផ្ទេរកម្មសិទ្ធិយានយន្តកាន់តែមានភាពសាមញ្ញ និងងាយស្រួល។
ក្នុងកិច្ចប្រជុំ កាលពីថ្ងៃទី៥ធ្នូ នៅទីស្ដីការក្រសួងសាធារណការ និងដឹកជញ្ជូន ក្រោមការដឹកនាំរបស់លោក ពៅ ម៉ាលី រដ្ឋលេខាធិការក្រសួងសាធារណការ អន្តរក្រសួងបានពិនិត្យ និងកែស្រួលខ្លឹមសារលើប្រកាសអន្តរក្រសួងស្ដីពី បែបបទនិងនីតិវិធីនៃការផ្ទេរកម្មសិទ្ធិយានយន្ត ដោយមានការចូលរួមពីថ្នាក់ដឹកនាំនៃអគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវគោក នាយកដ្ឋានព័ត៌មានវិទ្យា និងទំនាក់ទំនងសាធារណៈ និងថ្នាក់ដឹកនាំ នៃអគ្គនាយកដ្ឋានពន្ធដារ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។
អន្តរក្រសួងបានឯកភាពថា ដើម្បីផ្ទេរកម្មសិទ្ធិយានយន្តបាន ប្រជាពលរដ្ឋជាម្ចាស់យានយន្ត និងត្រូវទៅបំពេញសំណុំបែបបទបង់ពន្ធប្រថាប់ត្រាផ្ទេរកម្មសិទ្ធិ នៅទីតាំងផ្តល់សេវា កំណត់ដោយអគ្គនាយកដ្ឋានពន្ធដារ ជាមុនសិន។ បន្ទាប់មក ម្ចាស់កម្មសិទ្ធិយានយន្ត នឹងត្រូវយកឯកសារពន្ធប្រថាប់ត្រាផ្ទេរកម្មសិទ្ធិ និងឯកសារពាក់ព័ន្ធមកកាន់ ទីតាំងផ្តល់សេវាដែលកំណត់ដោយក្រសួងសាធារណការ និងដឹកជញ្ជូន ដើម្បីស្នើផ្ទេរកម្មសិទ្ធិតែម្តងជាការស្រេច។
អន្តរក្រសួង នឹងបង្កើតក្រុមការងារ តភ្ជាប់ប្រព័ន្ធចែករំលែកទិន្នន័យជាមួយគ្នាទៅវិញទៅមក ដើម្បីចូលរួមកាត់បន្ថយពេលវេលាទទួលសេវា និងនីតិវិធីស្មុគស្មាញក្នុងការផ្ទេរកម្មសិទ្ធិយានយន្ត និងដើម្បីលុបបំបាត់ការក្លែងបន្លំឯកសារសាធារណៈ ក៏ដូចជាជំរុញការលុបយានយន្តដែល មិនបង់ពន្ធលើមធ្យោបាយធ្វើដំណើរប្រចាំឆ្នាំ ឬមិនបានយកមកត្រួតពិនិត្យលក្ខណៈបច្ចេកទេសត្រឹមត្រូវ។
តាមរយៈកិច្ចប្រជុំពិភាក្សានេះ ទទួលបានលទ្ធផលជាទីផ្លែផ្កា ដោយខ្លឹមសារនៃប្រកាសអន្តរក្រសួង ស្ទើរតែទាំងស្រុងត្រូវបានឯកភាព អនុលោមតាមច្បាប់នៃព្រះរាជាណាចក្រកម្ពុជា។ ដោយឡែក ប្រការមួយចំនួនតូចដែលអង្គប្រជុំ ថ្នាក់ជំនាញមិនទាន់បានសម្រេច នឹងត្រូវទុកជូនថ្នាក់ដឹកនាំពិនិត្យ និងសម្រេច។
សូមជម្រាបថា កន្លងទៅ ក្រសួងសាធារណការ និងដឹកជញ្ជូន បានធ្វើការតភ្ជាប់ប្រព័ន្ធ ជាមួយនឹងអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា និងកំពុងប្រើប្រាស់បច្ចេកវិទ្យាទំនើប ដើម្បីផ្ទៀងផ្ទាត់សន្លឹកពន្ធនាំចូល ដែលបានចូលរួមចំណែកពង្រឹងការគ្រប់គ្រងចុះបញ្ជីយានយន្តកាន់តែប្រសើរ និងបានបង្កើនចំណូលពន្ធនាំចូលជូនជាតិផងដែរ៕