បេក្ខជនឯកអគ្គរដ្ឋទូត​អាមេរិក​ថ្មី​ប្រចាំ​កម្ពុជា ប្ដេជ្ញា​ពង្រីក​លំហ​សេរីភាព​សារព័ត៌មាន

  • 2018-12-06 09:27:59
  • ចំនួនមតិ 0 | ចំនួនចែករំលែក 11

ចន្លោះមិនឃើញ

បេក្ខជនឯកអគ្គរដ្ឋទូត​អាមេរិក​ថ្មី​ប្រចាំ​កម្ពុជា​គឺ​លោក​ W. Patrick Murphy បាន​សម្ដែង​ការ​ប្ដេជ្ញា​ចិត្ត​នៅ​ចំពោះ​មុខ​គណៈកម្មាធិការ​កិច្ចការ​បរទេស​នៃ​ព្រឹទ្ធសភា​អាមេរិក កាល​ពី​ថ្ងៃ​អង្គារ​ថា លោក​នឹង​ធ្វើ​ការ​ជាមួយ​ភាគី​ពាក់ព័ន្ធ​នានា​ ដើម្បី​ជំរុញ​ឱ្យ​អាជ្ញាធរ​កម្ពុជា ពង្រីក​លំហ​សេរីភាព​សារព័ត៌មាន​ឯករាជ្យ​ក្នុង​ប្រទេស​នោះ។

លោក​ W. Patrick Murphy បច្ចុប្បន្ន​គឺ​ជា​ឧបការី​រង​ជាន់ខ្ពស់​ទទួល​បន្ទុក​កិច្ចការ​អាស៊ី​បូព៌ា​និង​ប៉ាស៊ីហ្វិក​នៃ​ក្រសួង​ការ​បរទេស​សហរដ្ឋ​អាមេរិក។ (រូបថតដោយ U.S. Embassy of Phnom Penh)

ការ​ប្ដេជ្ញា​ចិត្ត​នេះ ធ្វើ​ឡើង​ក្នុង​អំឡុង​ពេល​សវនាការ​របស់​គណៈកម្មាធិការ​នេះ ​ដើម្បី​សាកសួរ​រូប​លោក​អំពី​គោលជំហរ​ និង​ការ​តាំង​ចិត្ត​របស់​លោក ប្រសិន​បើ​លោក​ត្រូវ​បាន​អនុម័ត ជា​ឯកអគ្គរដ្ឋទូត​ថ្មីរបស់​សហរដ្ឋ​អាមេរិក​ប្រចាំ​កម្ពុជា។

ឆ្លើយ​តប​នឹង​សំណួរ​របស់​សមាជិក​ម្នាក់​នៃ​គណៈកម្មាធិការ​កិច្ចការ​បរទេស​នៃ​ព្រឹទ្ធសភា​គឺ​លោក Ed Markey មកពី​រដ្ឋ​ម៉ាស្សាឈូសិត​ អំពី​គោលជំហរ​របស់​លោក​ក្នុង​ការ​ដោះស្រាយការ​វាយ​ប្រហារ​របស់​រដ្ឋាភិបាល​កម្ពុជា​ទៅលើ​សំឡេង​ឯករាជ្យ​ជា​ពិសេស​សារព័ត៌មាន​សេរី​ក្នុង​ប្រទេស​កម្ពុជានោះ លោក ​W. Patrick Murphy បាន​មាន​ប្រសាសន៍យ៉ាង​ដូច្នេះ​ថា៖ «‍ប្រសិនបើ​ព្រឹទ្ធសភា​អនុម័ត​បេក្ខភាព​របស់​ខ្ញុំ ខ្ញុំ​នឹង​ពាំនាំ​សារ​ដ៏​ខ្លាំង​នេះ​ពី​សភា​និង​រដ្ឋបាល​សហរដ្ឋ​អាមេរិក ហើយ​និង​ធ្វើ​ការ​ជាមួយ​ភាគី​ទាំង​អស់​រួម​ទាំង​អង្គការ​សង្គម​ស៊ីវិល និង​ដៃគូ​អង្គការ​អន្តរជាតិ​នានា ដើម្បី​ជំរុញ​យ៉ាង​ខ្លាំងក្លា​ ឱ្យ​អាជ្ញាធរ បើក​ឡើង​វិញ​និង​ពង្រីក​លំហ​សម្រាប់​ប្រព័ន្ធ​ផ្សព្វផ្សាយ​នេះ»៕


ប្រភព៖ VOA News ប្រែ​សម្រួល៖ វាសនា