រដ្ឋមន្រ្តី​ការបរទេស​កម្ពុជា នឹង​ទៅ​បំពេញ​ទស្សនកិច្ច​ផ្លូវកា​រនៅ​ប្រទេស​អឺរ៉ុប​ចំនួន​២

  • 2018-12-09 01:21:49
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


លោក ប្រាក់ សុខុន ឧប​នាយក​រដ្ឋមន្រ្តី រដ្ឋមន្រ្តី​ការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ​ នឹង​អញ្ជើញ​ទៅ​បំពេញ​ទស្សនកិច្ច​ផ្លូវការ​ដាច់​ដោយឡែកពី​គ្នា នៅ​ប្រទេស​ហុងគ្រី និង​រ៉ូម៉ានី ពីថ្ងៃទី១១ ដល់ ១៣ ខែធ្នូ ឆ្នាំ២០១៨។ នេះបើតាម​សេចក្តី​ប្រកាស​ព័ត៌​មាន​របស់​ក្រសួង​ការបរទេស កាលពី​ថ្ងៃទី​៨ ខែ​ធ្នូ ឆ្នាំ​២០១៨។

ក្នុង​អំឡុង​ពេល​ស្នាក់នៅ​ប្រទេស​ហុងគ្រី លោក ប្រាក់ សុខុន នឹង​ជួប​ប្រជុំ​ទ្វេភាគី​ជាមួយ​លោក ភីធ័រ ហ្ស៊ីចារតូ រដ្ឋមន្រ្តី​ការបរទេស និង​ពាណិជ្ជកម្ម​ហុងគ្រី ដើម្បី​ពិភាក្សា​ និង​ស្វែងរក​លទ្ធផល​ដើម្បី​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​នយោបាយ និង​សេដ្ឋកិច្ច រួមទាំងស្តាឡើងវិញ​នូវ​វិស័យ​សក្តានុពល​មួយចំនួន​សម្រាប់​ផល​ប្រយោជន៍​ទៅវិញ​ទៅមក​នៃ​ប្រទេស​ទាំង២។ រដ្ឋមន្រ្តី​ទាំង២ នឹង​ផ្លាស់ប្តូរ​ទស្សនៈ​គ្នា​ផងដែរ​ទាក់ទង​នឹង​បញ្ហា​តំបន់ និង​អន្តរជាតិ ដែល​ជា​កង្វល់​រួម។

នៅឯ​ចុងបញ្ចប់​នៃ​កិច្ច​ប្រជុំ នឹង​មាន​ពិធី​ចុះហត្ថលេខា​លើ​ឯកសារ​កិច្ច​សហប្រតិបត្តិការ​មួយ​ចំនួន និង​បញ្ចប់​ដោយ​ការ​ធ្វើសន្និសីទ​សារព័ត៌មាន។

លោក ប្រាក់ សុខុន ឧប​នាយក​រដ្ឋមន្រ្តី រដ្ឋមន្រ្តី​ការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ​
បន្ទាប់មក​នៅថ្ងៃទី១២ ខែធ្នូ លោកឧបនាយករដ្ឋមន្រ្តី នឹង​ធ្វើដំណើរ​ឆ្ពោះ​ទៅកាន់​ប្រទេស​រ៉ូម៉ានី សម្រាប់​កិច្ច​ពិភាក្សា​ទ្វេភាគី​ជាមួយ​លោក តេអូឌ័រ ម៉េឡិស្កានូ រដ្ឋមន្រ្តី​ការបរទេស​រ៉ូម៉ានី ដែល​ក្នុង​អំឡុង​ពេលនោះ រដ្ឋមន្រ្តី​ទាំង២ នឹង​ពិភាក្សា​ពីផល​ប្រយោជន៍​ដែល​កើនឡើង និង​កិច្ច​សហប្រតិបត្តិការ​ប្រកបដោយ​ផ្លែផ្កា រវាង​ប្រជាជាតិ​ទាំង២ ដោយ​ផ្អែក​ទៅលើ​ផល​ប្រយោជន៍រួម និង​ការ​គោរព​គ្នា​ទៅវិញ​ទៅមក។

នៅ​ចុង​បញ្ចប់​នៃកិច្ចពិភាក្សានេះ រដ្ឋមន្រ្តី​ការបរទេសកម្ពុជា-រ៉ូម៉ានី នឹង​ចុះ​ហត្ថលេខា​លើ​ឯកសារ​មួយចំនួន ដែល​ទាក់ទង​នឹង​កិច្ច​សហប្រតិបត្តិការ​នៃ​ប្រទេស​ទាំង២ និង​បញ្ចប់​ដោយ​ការ​ធ្វើ​សេចក្តី​ប្រកាស​ព័ត៌មាន។

ក្រសួង​ការបរទេស​ឱ្យដឹង​បន្ថែម​ថា ដំណើរ​ទស្សនកិច្ច​របស់​លោក ប្រាក់ សុខុន ទៅកាន់​ប្រទេស​អឺរ៉ុប​ទាំង​២នេះ ត្រូវ​បាន​ធ្វើឡើង​ដោយ​មើលឃើញ​នូវ​ទំនាក់​ទំនង​ការទូត ផល​ប្រយោជន៍​សេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ និង​ទេសចរណ៍ ដែល​កំពុង​តែ​រីកចម្រើន និង​ដើម្បី​ស្វែងរក​ការគាំទ្រ​ផ្នែក​នយោបាយ​បន្ថែម​ទៀត នៅលើ​ឆាក​អន្តរជាតិសម្រាប់​បុព្វហេតុ​យុត្តិធម៌ សុចរិតភាព​ជាតិ និង​ការ​គោរព​អធិបតេយ្យ​ភាព​គ្នា​ទៅវិញ​ទៅមក៕

អត្ថបទ៖ សំភី

អត្ថបទថ្មី
;