ចិន គ្រោង​បង្កើត​ប្រព័ន្ធ​ធារាសាស្ត្រ​បូម​ទឹក​ដោយ​ថាមពល​ពន្លឺ​ព្រះអាទិត្យ​ នៅ​កម្ពុជា

  • 2018-12-12 03:12:41
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


លោក Ma Chengxiang នាយក​វិទ្យាស្ថាន​ស្រាវជ្រាវ​ប្រព័ន្ធ​ធារាសាស្ត្រ​ Gansu នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន បាន​លើក​ឡើង​ពី​គម្រោង ស្ដីពី​ប្រព័ន្ធ​ធារាសាស្ត្រ​បូមទឹក​ដោយ​ថាមពល​ពន្លឺ​ព្រះអាទិត្យ​បម្រើ​ឲ្យ​វិស័យ​កសិកម្ម នៅ​កម្ពុជា។ ការ​លើកឡើង​នេះ ​ត្រូវ​បាន​ធ្វើឡើង​ក្នុង​ជំនួប​ជាមួយ​លោក វេង សាខុន រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ នៅ​ទីស្ដីការ​ក្រសួង កាលពី​ថ្ងៃ​ទី​១១ ខែ​ធ្នូ ឆ្នាំ​២០១៨។

លោក វេង សាខុន រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ ជួបជាមួយលោក Ma Chengxiang នាយក​វិទ្យាស្ថាន​ស្រាវជ្រាវ​ប្រព័ន្ធ​ធារាសាស្ត្រ​ Gansu នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន (រូបថត៖ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ)
លោករដ្ឋមន្ត្រី បាន​ឲ្យ​ដឹង​ថា គម្រោង​ប្រព័ន្ធ​ធារាសាស្ត្រ​បូមទឹក​ដោយ​ថាមពល​ពន្លឺ​ព្រះអាទិត្យ​បម្រើ​ឲ្យ​វិស័យ​កសិកម្ម​នេះ នឹង​ផ្តល់​ប្រយោជន៍​យ៉ាង​ច្រើន​ដល់​អ្នក​ផលិត ជា​ពិសេស​ផលិតកម្ម​កសិកម្ម​ខ្នាត​តូច តាម​រយ:​ការ​កាត់​បន្ថយ​ថ្លៃ​ដើម ប្រេង ពលកម្ម ពេលវេលា រក្សា​បាន​នូវ​បរិស្ថាន​ល្អ និង​ធានា​បាន​នូវ​និរន្តរភាព​នៃ​ការ​ផលិត​ឆ្លើយតប​តាម​សេចក្តី​ត្រូវការ​ទីផ្សារ​។

លោក​បាន​បញ្ជាក់​បន្ថែម​ថា ប្រសិនបើ​គម្រោង​នេះ​ទទួល​បាន​ជោគជ័យ នោះ​វា​នឹង​ជួយ​យ៉ាង​ច្រើន​ដល់​ផលិតកម្ម​ដំណាំ​ស្រូវ ផលិតកម្ម​បន្លែ និង​ដំណាំ​ក​សិ-ឧស្សាហកម្ម​មួយ​ចំនួន​ធំ​ទៀត។ ​វា​នឹង​រួមចំណែក​លើក​កម្ពស់​ផលិតភាព​ផលិតកម្ម​ក្នុង​ស្រុក ការ​បង្កើន​ទិន្នផល បង្កើន​ប្រាក់​ចំណូល​គ្រួសារ និង​ចូលរួម​អភិវឌ្ឍន៍​សេដ្ឋកិច្ច​ជាតិ ដើម្បី​ចូលរួម​ចំណែក​សម្រេច​ឲ្យ​បាន​តាម​ចក្ខុវិស័យ​របស់​រាជ​រដ្ឋា​ភិបាល​ គឺ​ប្រែក្លាយ​កម្ពុជា​ឲ្យ​ទៅ​ជា​ប្រទេស​ដែល​មាន​ចំណូល​មធ្យម​កម្រិត​ខ្ពស់​នា​ឆ្នាំ​២០៣០​។

ដើម្បី​ឲ្យ​គម្រោង​អនុវត្ត​ទៅ​ដោយ​រលូន និង​ទទួល​បាន​ជោគជ័យ លោក​រដ្ឋមន្ត្រី​បាន​ស្នើសុំ​ឲ្យ​វិទ្យាស្ថាន សហការ​ជាមួយ​អគ្គនាយកដ្ឋានកសិកម្ម រក​ទីតាំង​សមស្រប​ណាមួយ​ធ្វើការ​ស្រាវជ្រាវ និង​បង្ហាញ​ដល់​អ្នក​ប្រើប្រាស់ ជាពិសេស​សហការ​ជាមួយ​សហគមន៍​កសិកម្ម​ នៅ​តាម​បណ្តា​ខេត្ត​នានា​ដែល​មាន​សក្តានុពល​លើ​ការ​ផលិត​ដំណាំ​បន្លែ ស្រូវ និង​ឈើ​ហូបផ្លែ។

ក្រៅពី​នេះ លោក​រដ្ឋមន្រ្តី​បាន​ស្នើឲ្យ​សាស្រ្តាចារ្យ Ma ជួយ​សិក្សា​ស្រាវជ្រាវ និង​វាយ​តម្លៃ​លើ​គុណភាព​ដី​ដើម្បី​បង្ក​លក្ខណ​ងាយស្រួល​ដល់​ការ​កំណត់​តំបន់​ដាំដុះ​ដំណាំ​៕

អត្ថបទ៖ លាភ.

អត្ថបទថ្មី
;