ព្រិលធ្លាក់នៅ​ក្នុង​ស្ថានទូត​អាមេរិក នារាជធានី​ភ្នំពេញ​ កាល​យប់មិញនេះ

  • 2018-12-14 03:53:16
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ព្រិល​បាន​ធ្លាក់​ចុះ​មក នៅ​ក្នុង​បរិវេណ​ស្ថានទូត​អាមេរិក ប្រចាំ​កម្ពុជា នាម៉ោង​ប្រមាណ ៦ល្ងាច ថ្ងៃទី១៣ ខែធ្នូ​ម្សិលមិញនេះ។ វា​គឺ​​ជា​ព្រិល​សិប្បនិមិត្ត ដែល​ស្ថានទូត​អាមេរិក​បាន​បង្កើត​ឡើង ដើម្បីអបអរ​ពិធីបុណ្យណូអែល ដែល​ឈាន​ចូល​មក​ដល់​ នាពេលឆាប់ៗ​ខាងមុខ។

កម្មវិធី​អបអរ​ពិធីបុណ្យ​ណូអែល​នេះ ត្រូវ​បាន​ស្ថានទូត​អាមេរិក រៀបចំ​ឡើងជារៀងរាល់ឆ្នាំ ដើម្បី​ឲ្យ​បុគ្គលិក​ស្ថានទូត​ រួម​ទាំង​ក្រុម​គ្រួសារ​របស់​ពួកគេ បាន​ជួបជុំ​គ្នា​សប្បាយ​រីករាយ មុន​រដូវ​ឈប់​សម្រាក​របស់​អាមេរិកមក​ដល់។ មិន​ខុស​ពី​ឆ្នាំមុនៗនោះទេ ស្ថានទូត បាន​រៀបចំ​ជា​ភ្លើងពណ៌ លោត​តាម​ចង្វាក់​ភ្លេងណូអែល និង​មាន​​ការ​បាញ់​ព្រិល​សិប្បនិមិត្ត​ ប្រៀប​ដូច​ព្រិល​មែនទែន​ដែល​កំពុង​ធ្លាក់​នា​រដូវ​បុណ្យ​ណូអែល​នៅ​សហរដ្ឋអាមេរិក​ដែរ។ អ្នកចូលរួម​ដែល​មាន​ប្រមាណ ៥០០នាក់ បាន​ថត​យក​ទិដ្ឋភាព​ដ៏​ស្រស់ស្អាត​នេះ រីឯ​​កុមារាកុមារី ដែល​បាន​ថត​លេង​ជាមួយ​តាណូអែល​រួចហើយ​នោះ ក៏​បាន​នាំគ្នា​លេង​កម្សាន្ត​យ៉ាង​សប្បាយ​ក្រោម​ពពុះ​ព្រិល​ដែល​ធ្លាក់​ចុះ​មក។

អ្នកចូលរួម ជាពិសេសក្មេងៗ កំពុង​សប្បាយ​រីករាយ​ក្រោម​ពពុះ​ព្រិល​សិប្បនិមិត្ត
លោក Chris Grawburg អ្នក​គ្រប់គ្រងសម្ភារៈឧបករណ៍ផ្សេងៗនៅស្ថានទូតអាមេរិកប្រចាំ​កម្ពុជា ដែល​ជា​អ្នក​រៀបចំ​ភ្លើង​ពណ៌ និង​ព្រិល​សិប្បនិមិត្ត​ បាន​ថ្លែង​ឲ្យ​ដឹងថា លោក​ និង​ក្រុមការងារ បានរៀបចំទុកមុនប្រមាណពីរបីសប្ដាហ៍មកហើយ។ លោក​បញ្ជាក់ថា ព្រិល​ដែល​ប្រៀបដូច​ពពុះ​ដ៏ស្រស់ស្អាត ត្រូវ​បាន​បាញ់​ចេញ​មក​ប្រមាណ ៣០នាទី នា​ម៉ោង ៦ល្ងាច។ ចំណែក​ភ្លើងពណ៌ គឺ​បើក​ចាប់​ពីម៉ោង ៦ល្ងាច ដល់ម៉ោង ១០យប់ ប៉ុន្តែមិន​មែន​បើក​តែថ្ងៃ​ទី១៣ ខែធ្នូនេះទេ គឺ​បើក​ជា​រៀងរាល់​ថ្ងៃ នា​វេលា​ម៉ោងដដែល​នេះ រហូត​ដល់​ថ្ងៃ​ឆ្លង​ឆ្នាំ​តែម្ដង។

គួររំលឹកថា ស្ថានទូត​អាមេរិកប្រចាំកម្ពុជា បានរៀបចំ​កម្មវិធី​​​ភ្លើង​ពណ៌​អបអរ​បុណ្យ​ណូអែល តាំងពីឆ្នាំ ២០០៦ មក ចំណែក​ឯ​ការ​ធ្វើព្រិល​សិប្បនិមិត្ត គឺ​ចាប់តាំងពីឆ្នាំ ២០១១ មក។

ប្រិយមិត្ត​ចង់ដឹង​ថា​កម្មវិធី​នេះ មានទិដ្ឋភាព​បែបណា សូមទស្សនា​បណ្ដុំរូបភាព​ជាច្រើនទៀត ដូចខាងក្រោម៖

សូមទស្សនា​វីដេអូ​ផ្សាយ​ផ្ទាល់​តាម​រយៈ​ហ្វេសប៊ុកស្ថានទូត​អាមេរិក ដូចខាងក្រោមនេះ៖

អត្ថបទ៖ សុខ សុវត្ថិ

អត្ថបទថ្មី
;