រូប​សំណាក​ព្រះ​បរមរតនកោដ្ឋ នឹងត្រូវ​​ដាក់​សម្ពោធ​នៅ​ប្រទេស​រ៉ូមានី ក្នុងឆ្នាំ​២០២០

  • 2018-12-17 02:36:44
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ការ​ធ្វើ​ពិធី​សម្ពោធ​រូប​សំណាក​ចំនួន​៤ ជា​កិត្តិយស​រំលឹក​ដល់​ស្ថាបនិក​អង្គការ​ក្រុមប្រទេស​និយាយ​ភាសា​បារាំង​ហ្វ្រង់​កូហ្វូនី (IOF) ដែល​ក្នុង​​ចំណោម​នោះក៏​​មាន​រូប​សំណាក​ព្រះបរមរតនកោដ្ឋ​របស់​កម្ពុជា នៅ​ក្នុងទីក្រុង​ប៊ុយការ៉េស ប្រទេស​រ៉ូម៉ានី នឹង​ត្រូវ​ធ្វើឡើង​នៅឆ្នាំ​២០២០ ដើម្បី​អបអរ​សាទរ​ខួប​លើកទី៥០​ឆ្នាំ នៃការ​បង្កើត​អង្គការ IOF។ នេះ​បើតាម​ការថ្លែង​របស់​រដ្ឋមន្រ្តី​ការបរទេស​រ៉ូម៉ានី លោក តេអូឌ័រ ម៉េឡិស្កាណូ ទៅកាន់​លោក ប្រាក់ សុខុន ឧប​នាយករដ្ឋមន្រ្តី រដ្ឋមន្រ្តី​ក្រសួង​ការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ ក្នុង​ជំនួប​ពិភាក្សាគ្នា​មួយ ក្នុង​អំឡុង​ដំណើរ​ទស្សនកិច្ច​របស់​លោក នៅ​ប្រទេស​រ៉ូមានី ពីថ្ងៃទី​១២ ដល់ ១៣ ខែ​ធ្នូ ឆ្នាំ​២០១៨។

យោងតាម​ឯកសារ​របស់​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ ឱ្យដឹងថា  រូប​សំណាក​ព្រះបាទសម្តេច ​ព្រះ​នរោត្តម សីហនុ មាន​ទំហំ​ទទឹង​កន្លះ​ម៉ែត្រ ​កម្ពស់​កន្លះម៉ែត្រ និង​ទម្ងន់២០​គីឡូក្រាម  ដោយ​ចំណាយ​ការ​រចនា​សរុប​ប្រមាណ​ជាង ២ពាន់​ដុល្លារ។

រដ្ឋាភិបាល​រ៉ូម៉ានី បាន​ស្នើសុំ​កម្ពុជា នាំយក​រូបសំណាក​នេះ ទៅដាក់​តាំងបង្ហាញ​នៅ​ទីលាន​ហ្វ្រង់កូហ្វូនី ក្នុង​ទីក្រុង​ប៊ុយការ៉េស។ ក្រៅពីការ​តាំង​រូប​សំណាក​ព្រះ​បរមរតនកោដ្ឋ ក៏នឹង​មាន​ការ​ដាក់តាំង​រូបសំណាក​ស្ថាបនិក​អង្គការ​ហ្វ្រង់​កូហ្វូនី អន្តរជាតិ​ចំនួន ២រូប​ផ្សេងទៀត​ផងដែរ​រួមមាន៖ រូប​សំណាក​លោក Leopold Sedar Senghor អតីត​ប្រធានាធិបតី​សេណេហ្គាល់ និងលោក Habib bourguiba អតីត​ប្រធានាធិបតី​ទុយណេស៊ី។ បច្ចុប្បន្ននេះ​រូប​សំណាក​អតីត​ប្រធានាធិបតី​សេណេហ្គាល់ ត្រូវបាន​ដាក់តាំង​រួចរាល់​ហើយ។

សូមជម្រាប​ថា អង្គការ​ហ្វ្រង់កូហ្វូនី គឺ​ជា​ក្រុម​ប្រទេស​ប្រើប្រាស់​ភាសា​បារាំង​បាន​ក្លាយ​ជា​អង្គការ​ដ៏​ធំ​មួយ ថ្នាក់​ពិភពលោក ត្រូវ​បាន​បង្កើត​ឡើង​នៅឆ្នាំ១៩៧០ និង​មាន​លក្ខន្តិកៈ​ទទួល​ស្គាល់​ជា​លក្ខណៈ​អន្តរជាតិ។​ ក្នុង​នោះ​ព្រះ​បាទ​សម្ដេច ​ព្រះ​នរោត្តម សីហនុ ក៏ជា​ស្ថាបនិក​មួយ​អង្គនៃ​អង្គការ​នេះ​​ផងដែរ​៕

អត្ថបទ៖ សំភី

អត្ថបទថ្មី
;