កម្ពុជា ទទួល​បាន​ ៨លាន​ដុល្លារ​ពី​មូលនិធិ​ពិសេស​នៃ​កិច្ច​សហប្រតិបត្តិការ​មេគង្គ-ឡានឆាង

  • 2018-12-18 01:34:52
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


កិច្ច​ប្រជុំ​រដ្ឋមន្រ្តី​ការបរទេស​នៃ​កិច្ច​សហប្រតិបត្តិការ​មេគង្គ-ឡាន​ឆាង​លើកទី៤ បាន​ឯកភាព​លើ​បញ្ជី​គម្រោង​ថ្មី ដែល​ផ្តល់​ថវិកា​គាំទ្រ​ដោយ​មូលនិធិ​ពិសេស​នៃ​កិច្ច​សហប្រតិបត្តិការ​មេគង្គ-ឡានឆាង​ឆ្នាំ២០១៨ មាន​ចំនួន​សរុប​ ១៣៨​គម្រោង។ ក្នុងនោះ​កម្ពុជា មាន​ចំនួន ១៩​គម្រោង ដែល​មាន​ទឹកប្រាក់​សរុប​ចំនួន​ប្រហែល ៨លាន​ដុល្លារ។ នេះ​បើតាម​សេចក្តី​ប្រកាស​ព័ត៌មាន​ស្តីពី​លទ្ធផល​នៃ​កិច្ច​ប្រជុំ​រដ្ឋមន្រ្តី​ការបរទេស​មេគង្គ-ឡានឆាង​លើកទី៤ នៅ​ទីក្រុងហ្លួងប្រាបាង្គ ប្រទេស​ឡាវ ពីថ្ងៃទី១៦ ដល់ ១៧ ខែធ្នូ ឆ្នាំ​២០១៨ ដែល​គណៈ​ប្រតិភូ​កម្ពុជា គឺ​ដឹកនាំ​ដោយ​លោក​ឧប​នាយក​រដ្ឋមន្រ្តី ហោ ណាំហុង។

គម្រោង​ទាំងនេះ​ភាគច្រើន​គ្រប​ដណ្តប់​លើ​សកម្មភាព​នានា ដែល​ទាក់ទង​នឹង​ការ​ពង្រឹង​សមត្ថភាព ការ​សិក្សា​ស្រាវជ្រាវ ការ​អប់រំ និង​កម្មវិធី​ផ្លាស់ប្តូរ។ កាលពី​ឆ្នាំ​២០១៧ កម្ពុជា​បាន​ទទួល​គម្រោង​ចំនួន ១៦ សរុប​ជា​ទឹក​ប្រាក់​ជាង ៧លាន​ដុល្លារ ដែល​មកទល់​ពេល​នេះ មាន ២​គម្រោង​ត្រូវ​បាន​បញ្ចប់​ហើយ​និង​គម្រោង ១៤​ផ្សេងទៀត កំពុង​ត្រូវបាន​អនុវត្ត។

ប្រជាពលរដ្ឋខ្មែរ កំពុងនេសាទត្រីក្នុងទឹកទន្លេមេគង្គ កាលពីពេលកន្លងមក
សូម​បញ្ជាក់​ថា កិច្ចប្រជុំ​នេះ​បាន​អនុម័ត "សេចក្តី​ប្រកាស​រួម​នៃ​កិច្ចប្រជុំ​រដ្ឋមន្រ្តី​ការបរទេស​នៃ​កិច្ច​សហប្រតិបត្តិការ មេគង្គ-ឡានឆាង​លើកទី៤" និង​កត់​សម្គាល់​លើ "របាយការណ៍​វឌ្ឍនភាព​ឆ្នាំ​២០១៨ ស្តីពី​ការ​អនុវត្ត ផែនការ​សកម្មភាព​៥ឆ្នាំ​នៃ​កិច្ច​សហប្រតិបត្តិការ​មេគង្គ-ឡានឆាង (២០១៨-២០២២)" ដែល​បាន​លើកឡើង​ពីការ​អភិវឌ្ឍ​ចុងក្រោយ​បំផុត និង​សមិទ្ធផល​ដែល​លេច​ចេញពី​ការ​អនុវត្ត​សេចក្តី​សម្រេច​នៃ​កិច្ច​ប្រជុំ​កំពូល​លើកទី២ នៃ​កិច្ចសហប្រតិបត្តិការ​មេគង្គ-ឡានឆាង និង​កិច្ចប្រជុំ​រដ្ឋមន្រ្តី​ការបរទេស​មេគង្គ- ឡានឆាង លើកទី៣៕

អត្ថបទ៖ សំភី

អត្ថបទថ្មី
;