វៀតណាម ចាប់ផ្តើម​ប្រតិបត្តិការ​អាជីវកម្ម​រោងចក្រ​ចម្រាញ់​ប្រេងកាត​ហើយ

  • 2018-12-24 07:19:28
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


រោងចក្រ​ចម្រាញ់​ប្រេង​កាត Nghi Son និង​រោងចក្រ​ឥន្ធនៈ​គីមី នៅក្នុង​ខេត្ត Thanh Hoa ប្រទេស​វៀតណាម ត្រូវ​បាន​ចាប់ផ្តើម​ប្រតិបត្តិការ​អាជីវកម្ម​ហើយ កាលពី​ថ្ងៃទី​២៣ ខែ​ធ្នូ ឆ្នាំ​២០១៨។

លោក ង្វៀន សួនហ៊្វុក នាយក​រដ្ឋមន្រ្តី​វៀតណាម បាន​ថ្លែង​ក្នុង​ពិធី​បើក​ដំណើការនេះ​ថា ប្រតិបត្តិការ​ពាណិជ្ជកម្ម​នេះ គឺ​មាន​សារៈសំខាន់​ចំពោះ​នយោបាយ សេដ្ឋកិច្ច សង្គម សន្តិសុខ ​ការពារ​ជាតិ និង​ចូលរួម​ចំណែក​ក្នុង​ការ​ធានា​ដល់​សន្តិសុខ​ថាមពល​ជាតិ។

លោក​បន្ត​ថា តាម​រយៈ​រោងចក្រ​​នេះ និង​រោងចក្រ​ចម្រាញ់​ប្រេងកាត Dung Quat ដែល​ស្ថិតក្នុង​ខេត្ត Quang Ngai នោះ​នឹង​អាច​បំពេញ​បាន​ជាង ៨០% នៃ​តម្រូវការ​ក្នុងស្រុក ពោលគឺ​អាច​កាត់​បន្ថយ​ការពឹងផ្អែក​ការនាំចូល​ប្រេង​​ពី​បរទេស។

នាយក​រដ្ឋមន្ត្រី​រូបនេះ លើកឡើង​បន្ថែម​ថា គម្រោង​នេះ​គឺ​ជា​និមិត្ត​រូប​មួយ​នៃ​កិច្ច​សហ​ប្រតិបត្តិការ​អន្តរជាតិ ដែល​ទទួល​បាន​ការ​យកចិត្តទុកដាក់​ជាពិសេស​ពី​រដ្ឋាភិបាល​វៀតណាម និង​ដៃគូ​សំខាន់ៗ​ដូចជា គូវែត និង​ជប៉ុន ជាដើម។ មិន​តែ​ប៉ុណ្ណោះ វា​ក៏បាន​បង្កើត​នូវ​កម្លាំង​ពលកម្ម​ជំនាញ ដែល​បម្រើ​ធ្វើ​ជា​ស្នូលដ៏​សំខាន់​សម្រាប់​ការ​អភិវឌ្ឍ​ធនធាន​មនុស្ស​នៅក្នុង​តំបន់​ផងដែរ។

សូម​បញ្ជាក់​ថា ការ​សាងសង់​រោងចក្រ​ខាងលើ​នេះ ត្រូវបាន​ចាប់ផ្តើម​ធ្វើឡើង​នៅក្នុង​ឆ្នាំ​២០១៣ ដែល​ចំណាយ​ដើមទុន​សរុប​ជាង ៩ពាន់​លាន​ដុល្លារ។ គម្រោង​នេះ ជាការ​រួមគ្នា​រវាង​ក្រុមហ៊ុន​វៀតណាម PetroVietnam (២៥,១%), ក្រុមហ៊ុន​គូវែត Kuwait Petroleum International (៣៥,១%) និង​ក្រុមហ៊ុន​ជប៉ុន Mitsui Chemicals (៤,៧%)។ ក្នុង​ដំណាក់​កាលទី១ រោងចក្រ​នេះ​មាន​សមត្ថភាព​អាច​ផលិត​ប្រេងឆៅ​បាន ២០ម៉ឺន​បារែល​ក្នុង​មួយ​ថ្ងៃ៕

ប្រភព៖ Vietnam News ប្រែ​សម្រួល៖ សំភី

អត្ថបទថ្មី
;