ឡាន ពូទីន នឹងត្រូវផលិតលក់ច្រើនគ្រឿង ឲ្យអ្នកប្រើប្រាស់ទូទៅ
- 2018-12-26 03:08:48
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ឡាន ពូទីន នឹងត្រូវផលិតលក់ច្រើនគ្រឿង ឲ្យអ្នកប្រើប្រាស់ទូទៅ
ចន្លោះមិនឃើញ
រថយន្តដែលជិះដោយប្រធានាធិបតីរុស្ស៊ី វ្ល៉ាឌឺមៀ ពូទីន នឹងត្រូវផលិតជាច្រើនគ្រឿង នៅក្នុងឆ្នាំ២០២០។
គម្រោងនេះ នឹងត្រូវអនុវត្តដោយក្រុមហ៊ុនផលិតយានយន្តរុស្ស៊ី Sollers នៅរោងចក្រក្នុងតំបន់សេដ្ឋកិច្ចពិសេស Alabuga សាធារណរដ្ឋ Tatarstan ភាគខាងកើតប្រទេសរុស្ស៊ី។ នេះបើយោងតាមការបញ្ជាក់ពីរដ្ឋមន្ត្រីពាណិជ្ជកម្មរុស្ស៊ី លោក Denis Manturov ។
រថយន្តរបស់ប្រធានាធិបតីរុស្ស៊ី មានឈ្មោះថា Aurus ។ ក្រុមហ៊ុន Sollers គ្រោងផលិតចំនួន ៥ពាន់គ្រឿងក្នុងមួយឆ្នាំ។ រដ្ឋមន្ត្រីរុស្ស៊ីដដែលបន្ថែម។
បច្ចុប្បន្ន រថយន្ត Aurus ត្រូវបានផលិតមានកំណត់ ដោយវិទ្យាស្ថានស្រាវជ្រាវយានយន្តវិទ្យាសាស្ត្រប៉ែកកណ្ដាល និងម៉ាស៊ីនយានយន្ត។ ក្នុង១ឆ្នាំ វិទ្យាស្ថាននេះផលិតរថយន្ត Aurus តែ ២៥០គ្រឿងប៉ុណ្ណោះ ដែលចំនួននេះមិនអាចឆ្លើយតប នឹងតម្រូវការទីផ្សារនោះទេ។
សូមជម្រាបថា រថយន្ត Aurus កើតចេញពីគម្រោង "Kortezh” ដែលមានគោលបំណងជំរុញឧស្សាហកម្មយានយន្តក្នុងស្រុក តាមរយៈការវិនិយោគប្រើប្រាស់ចំណូលពន្ធ ដើម្បីអភិវឌ្ឍជារថយន្តសម្រាប់ដឹកប្រធានាធិបតី។ គ្រឿងបង្គំនានា ត្រូវបានផលិតក្នុងស្រុក។
រដ្ឋមន្ត្រីពាណិជ្ជកម្មរុស្ស៊ី បន្ថែមថា គម្រោង Kortezh ប្រើប្រាស់ថវិកាប្រហែល ១៩០លានដុល្លារអាមេរិកក្នុងរយៈពេល ៥ឆ្នាំ។
សូមបញ្ជាក់ថា រថយន្ត Aurus Senat ដែលលោកប្រធានាធិបតី វ៉្លាឌឺមៀ ពូទីន ជិះនាពេលបច្ចុប្បន្ន មានតម្លៃប្រហែល ២លានដុល្លារអាមេរិក។ រថយន្ដនេះ មានប្រព័ន្ធសុវត្ថិភាពខ្ពស់បំផុត គឺកាំភ្លើងមិនអាចបាញ់ធ្លុះ គ្រាប់បែកក៏មិនអាចបង្កគ្រោះថ្នាក់ដល់អ្នកជិះ៕
អត្ថបទទាក់ទង រថយន្ដមេដឹកនាំពិភពលោក ៥រូប ដែលមានប្រព័ន្ធសុវត្ថិភាពខ្ពស់បំផុត