ស្វែងយល់ពីមហាវិថីឈ្នះឈ្នះ ដែលភ្ជាប់ពីផ្លូវជាតិលេខ៤ ដល់ផ្លូវជាតិលេខ៦
- 2018-12-27 09:39:24
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ស្វែងយល់ពីមហាវិថីឈ្នះឈ្នះ ដែលភ្ជាប់ពីផ្លូវជាតិលេខ៤ ដល់ផ្លូវជាតិលេខ៦
ចន្លោះមិនឃើញ
មហាវិថីឈ្នះឈ្នះ មានប្រវែងសរុប ២៤,៤៨គីឡូម៉ែត្រ ទទឹង ២២ម៉ែត្រ ចាប់ពីផ្លូវជាតិលេខ៤ ដល់ផ្លូវជាតិលេខ៦ កាត់តាមស្ពានព្រែកព្នៅ។ មហាវិថីនេះត្រូវបានបែងចែកជា ២កំណាត់ ក្នុងនោះ៖
-កំណាត់ផ្លូវទី១ ចាប់ពីផ្លូវលេខ៤ ដល់គល់ស្ពានព្រែកព្នៅត្រើយខាងលិច មានប្រវែង ១៦ ៦៥០ម៉ែត្រ ជាប្រភេទផ្លូវបេតុងអារមេ។
-កំណាត់ផ្លូវទី២ ចាប់ពីគល់ស្ពានព្រែកព្នៅត្រើយខាងកើត ដល់ផ្លូវលេខ៦ មានប្រវែង ៧ ៨៣៧ម៉ែត្រ មានទទឹង ២៥,៥ម៉ែត្រ មានសួនច្បារកណ្តាលទំហំ ៦ម៉ែត្រ ដោយមានដាំដើមច័ន្ទគីរី ជាប្រភេទផ្លូវបេតុងអារមេ ដែលអតីតជាផ្លូវវិនិយោគដោយក្រុមហ៊ុនលីយ៉ុងផាត់។
ខណ្ឌដែលផ្លូវនេះឆ្លងកាត់រួមមាន៖ ខណ្ឌពោធិ៍សែនជ័យ ខណ្ឌសែនសុខ ខណ្ឌព្រែកព្នៅ និងខណ្ឌជ្រោយចង្វារ។
លោក សាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ បានឱ្យដឹងថា មហាវិថី ឈ្នះឈ្នះ ជាផ្លូវខ្សែក្រវាត់ក្រុងទី៣ សម្រាប់បម្រើការដឹកជញ្ជូនធុនធ្ងន់ និងធុនស្រាល ពង្វាងចរាចរណ៍ មិនឱ្យចូលមកក្នុងរាជធានីភ្នំពេញ ស្ថិតនៅក្នុងភូមិសាស្ត្រខាងជើង និងខាងលិចរាជធានីភ្នំពេញ ហើយក៏មានតួនាទីក្នុងការតភ្ជាប់ការដឹកជញ្ជូនទំនិញ គ្រប់ប្រភេទឆ្លងកាត់តំបន់ភាគខាងត្បូងទៅតំបន់ភាគខាងជើងនៃព្រះរាជាណាចក្រកម្ពុជា។
ចំពោះគម្រោងសាងសង់មហាវិថីឈ្នះឈ្នះនេះ លោក សាំ ពិសិដ្ឋ ក៏បានបញ្ជាក់ដែរថា ដោយប្រឈមនឹងទឹកជន់លិច នៅទីតាំងខ្លះ និងដោយរងនូវការដឹកជញ្ជូនធុនធ្ងន់ បណ្តាលឲ្យផ្លូវទំនប់រងការខូចខាត នៅឆ្នាំ២០១២ រដ្ឋបាលរាជធានីភ្នំពេញ បានចាត់ឱ្យមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ ធ្វើការសិក្សាលើកគម្រោងសាងសង់ជាផ្លូវបេតុងអារមេ ជាដំណាក់កាលវិញ។ ក្នុងនោះ៖
-ដំណាក់កាលទី១ ចាប់ផ្តើមសាងសង់នៅឆ្នាំ២០១២ ជាផ្លូវបេតុងអារមេ កម្រាស់២០សង់ទីម៉ែត្រ បណ្តោយប្រវែង ៤០៤៣ម៉ែត្រ ទទឹង ២២ម៉ែត្រ ក្នុងនោះសួនច្បារកណ្តាល ២,៥មែត្រ ផ្លូវទទឹង ៩,៧៥ម៉ែត្រសងខាង ចាប់ផ្តើមពីផ្លូវជាតិលេខ៤ ដល់ផ្លូវរថភ្លើងខ្សែបាត់ដំបង។ កំណាត់ផ្លូវនេះក៏មានដាក់បណ្តាញលូទំហំ ១,៥ម៉ែត្រសងខាង ដំឡើងបង្គោលភ្លើងបំភ្លឺព្រែកជា២ ចំកណ្តាលសួនច្បារចំនួន ១៣៤ដើម និងដាក់ស្លាកសញ្ញាចរាចរណ៍ផងដែរ។ ហើយរហូតមកដល់ពេលនេះ កំណាត់ផ្លូវថ្មីនេះ បានប្រើប្រាស់អស់រយៈពេល ៥ឆ្នាំហើយ តែផ្លូវនៅមានគុណភាពរឹងមាំល្អនៅឡើយ។
-ដំណាក់កាលទី២ ចាប់សាងសង់នៅឆ្នាំ២០១៥ ជាផ្លូវបេតុងអារមេ កម្រាស់ ២០សង់ទីម៉ែត្រ បណ្តោយប្រវែង ១២ ៦០៧ម៉ែត្រ ទទឹង ២២ម៉ែត្រ ក្នុងនោះសួនច្បារកណ្តាល ២,៥មែត្រ ទទឹងផ្លូវ ៩,៧៥ម៉ែត្រ ចាប់ពីផ្លូវរថភ្លើងខ្សែបាត់ដំបង ដល់ស្ពានព្រែកព្នៅខាងលិច។
លោកបានបញ្ជាក់បន្ថែមទៀតថា ដោយសារលទ្ធភាពថវិកាមានកម្រិត រដ្ឋបាលរាជធានីភ្នំពេញ បានធ្វើការសាងសង់ជាជំហានៗ ដោយនៅក្នុង២០១៥ ដល់ឆ្នាំ២០១៦ កំណាត់ផ្លូវនេះ ត្រូវបានសាងសង់ឡើង ជាប្រភេទផ្លូវបេតុងអារមេមួយចំហៀងផ្លូវមុន ដើម្បីអាចធ្វើចរាចរណ៍បានទ្វេទិសជាបណ្តោះអាសន្ន និងចាក់ដីពង្រីកផ្លូវនៅចំណុចទីតាំងទំនប់កប់ស្រូវ។
នៅឆ្នាំ២០១៧-២០១៨ គម្រោងនេះបានបន្តស្ថាបនាផ្លូវបេតុងអារមេមួយចំហៀងផ្លូវទៀត ព្រមទាំងស្ថាបនាសួនច្បារកណ្តាលទ្រូងផ្លូវ ដំឡើងបង្គោលភ្លើងបំភ្លឺ និងដាក់ស្លាកសញ្ញាចរាចរណ៍។
ការចាប់ផ្តើមតាំងពីបើកការដ្ឋាន រហូតដល់បញ្ចប់ការសាងសង់ មានរយៈពេល ៦ឆ្នាំ ពោលគឺបានបញ្ចប់នៅថ្ងៃទី ១៥ ខែធ្នូ ឆ្នាំ២០១៨ ហើយរដ្ឋបាលរាជធានីភ្នំពេញ ក៏បានដាក់ឱ្យប្រើប្រាស់កំណាត់ផ្លូវដែលសាងសង់រួចនេះ ធ្វើចរាចរណ៍ជាបណ្តោះអាសន្នតាមតម្រូវការចាំបាច់របស់ប្រជាពលរដ្ឋ៕