ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន​ ម៉ា​ណែ​ត៖ ការជ្រើសរើស​នាយទាហាន​ គឺ​គ្មាន​ការអន្តរាគមន៍​​នោះទេ

  • 2019-01-04 03:22:33
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


លោក​ឧ​ត្ត​ម​សេនីយ៍​ឯក​ហ៊ុន​ ម៉ា​ណែ​ត​ អគ្គ​មេបញ្ជាការរង​ នៃ​កងយោធពល​ខេមរភូមិន្ទ​ មេបញ្ជាការ​កងទ័ពជើងគោក​ និង​ជា​ប្រធាន​អនុគណៈកម្មការ​ប្រឡង​ជ្រើសរើស​នាយទាហាន កងយោធពល​ខេមរភូមិន្ទ ​ឆ្នាំ​២០១៩​ បាន​លើក​ឡើងថា ការប្រឡង​ជ្រើសរើស​នាយទាហាន​ ត្រូវ​ធ្វើឱ្យ​ត្រឹមត្រូវ​ និង​គ្មាន​ការអន្តរាគមន៍​នោះទេ។

លោក​បាន​លើក​ឡើង​យ៉ាង​ដូច្នេះ នៅ​ក្នុងពិធី​បើក​កិច្ចប្រជុំ​ផ្សព្វផ្សាយ និង​ត្រួតពិនិត្យ​ការងារ​ប្រឡង​ជ្រើសរើស​នាយទាហាន កងយោធពល​ខេមរភូមិន្ទ​ឆ្នាំ​២០១៩ កាលពី​ព្រឹក​ថ្ងៃទី​៣ ខែមករា ឆ្នាំ​២០១៩ នៅ​អគ្គបញ្ជាការដ្ឋាន កងយោធពលខេមរភូមិន្ទ។​

លោក ហ៊ុន ម៉ាណែត បានថ្លែង​ថា៖ “​ភារកិច្ច​ចម្បង​របស់​យើង​នៅក្នុង​ការជ្រើសរើស​នាយ​ទាហាន​នេះ គឺ​យើង​ជ្រើសរើស​នាយទាហាន​ដែលមាន​សមត្ថភាព​ពិតប្រាកដ ទៅតាម​វិធានការ វិធីសាស្ត្រ​តម្លាភាព ប្រសិទ្ធភាព​យុត្តិធម៌​។​ គឺជា​គោលដៅ​ធំ​ដែល​ថ្នាក់ដឹកនាំ​ប្រគល់ឱ្យ​សង្ឃឹមថា​គណៈកម្មការ​នឹង​ទទួលបាន​ជោគជ័យ​បន្ថែមទៀត​ដោយ​សិក្សា​អំពី​ចំណុច​ខ្វះខាត​ពី​ឆ្នាំ​កន្លងទៅ។​ យើងត្រូវធ្វើ​ផែនការ​ឱ្យ​ច្បាស់លាស់​ទាំង​នីតិវិធី​សម្ភារៈ​ពេលវេលា​សំដៅយក​សុ​ក្រិត​ភាព​ និង​ប្រសិទ្ធភាព​"។​

លោក ហ៊ុន ម៉ាណែត ថ្លែង​ប្រាប់​អ្នកកាសែត​នា​ពេល​កន្លងមក
​លោក​បាន​បន្តថា៖ "ការចូលរួម​ធ្វើ និង​ការលះបង់​របស់​ក្រុមការងារ​នៃ​គណៈកម្មការ​ជ្រើសរើស​ទា​ហានក្នុង​រយៈពេល​ខ្លី​ ក៏ប៉ុន្តែ​យើង​ធ្វើ​ដើម្បី​អនាគត​កងទ័ព​ជំនាន់​ក្រោយ​ប្រកបដោយ​សមត្ថភាព និង​ការទទួលស្គាល់​ពី​មហាជន​តាមរយៈ​ការចូលរួមចំណែក​រប​ស់​ក្រុមការងារ​របស់​យើង​និង​ការធ្វើឱ្យមាន​យុត្តិធម៌ តម្លាភាព សុ​ក្រិត​ភាព ប្រសិទ្ធភាព និង​ការធ្វើ​ឲ្យ​មានការ​ជឿទុកចិត្ត​ពី​មហាជន នេះហើយ​គឺជា​មោទនភាព​របស់​យើង​"។

ជាមួយគ្នានេះ​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក​ ហ៊ុន​ ម៉ា​ណែ​ត​ ក៏​បាន​ណែនាំ​ និង​បានដាក់​បទបញ្ជា​យ៉ាង​ម៉ឺងម៉ាត់​ទៅដល់​ក្រុមការងារ​ថ្នាក់កណ្តាល នៃ​អនុគណៈកម្មការ​ប្រឡង​ជ្រើសរើស ក៏ដូចជា​គណៈមេប្រយោគ អគា​នុ​រក្ស​ និង​អនុរក្ស​ ​មិនឱ្យ​មានការ​អន្តរាគមន៍​ និង​មិន​ត្រូវមាន​មនោសញ្ចេតនា​ចំពោះ​បុគ្គល​ទេ។

​លោក ហ៊ុន ម៉ាណែត បាន​ឲ្យដឹង​ដែរថា ការ​ជ្រើសរើស​នាយទាហាន​នៃ​កងយោធពល​ខេមរភូមិន្ទ​ឆ្នាំ​២០១៩​ នេះ​ មានការ​កើនឡើង​ បើ​ប្រៀបធៀប​ឆ្នាំ​២០១៨​ កន្លងមក។​ លោកថា ​ការ​កើន​ឡើង​នេះ គឺ​ដោយសារ​ការមើលឃើញ​នៃ​ការជ្រើសរើស​នាយទាហាន​នៃ​កង​យោពល​ខេមរភូមិន្ទ​បណ្ដា​ឆ្នាំមុនៗ​កន្លងមក​ មាន​ភាព​សុក្រឹត យុត្តិធម៌ ត្រឹមត្រូវ ​និង​តម្លាភាព​។​

​គួរ​បញ្ជាក់ថា​ ការប្រឡង​ជ្រើសរើស​នាយទាហាន​នៃ​កង​យោពល​ខេមរភូមិន្ទ​ វគ្គ​នាយទាហាន​សកម្ម​ជំនា​ន់ទី​២៣ ​វគ្គ​នាយទាហាន​ទ័ពជើងគោក​ជំនា​ន់ទី​១១​ វគ្គ​នាយទាហាន​បន្តវេន​ជំនា​ន់ទី​១២​ និង​វគ្គ​នាយទាហាន​ជំនាញ​បច្ចេកទេស​យោធាឆ្នាំ​២០១៩​ នេះ នឹង​ប្រព្រឹត្តទៅ​នៅ​ថ្ងៃទី​១៣ ដល់ទី ១៥ ខែមករា ឆ្នាំ​២០១៩។ ការប្រឡង​ធ្វើ​ឡើង​នៅ ៦​មណ្ឌល គឺ​​មណ្ឌល​រាជធានី​ភ្នំពេញ យោធភូមិភាគ ទី​១ ទី​២ ទី​៣ ទី​៤ និង​ទី​៥​ ដោយ​ផ្ដោតទៅលើ​វិញ្ញាសា ​ចំណេះដឹង​ទូទៅ ​ភាសាបរទេស​ និង​វិញ្ញាសា​កីឡា​កាយសម្បទា​៕

ប្រភព៖ រស្មីកម្ពុជា ប្រែ​សម្រួល៖ សុខ សុវត្ថិ

អត្ថបទថ្មី
;