​ថ្ងៃ​អវសាន​របស់​ iPhone កំពុង​ខិត​ចូល​មក​ដល់​?

  • 2019-01-08 09:04:04
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្នុង​រយៈ​ពេល​ ៣​ខែ​ ចុង​ឆ្នាំ​២០១៨ ​​តម្លៃ​របស់​​ក្រុមហ៊ុន​ Apple បាន​ធ្លាក់​ចុះ​​ប្រមាណ​ ៤៤៦ ពាន់​លាន​ដុល្លារ​អាមេរិក​។ តម្លៃ​ដែល​ធ្លាក់​ចុះ​នេះ​គឺ​​ច្រើន​ជាង​តម្លៃ​ទីផ្សារ​របស់​ក្រុមហ៊ុន​ Facebook ដែល​មាន​ត្រឹម​ ៣៨០ ពាន់​លាន​ដុល្លារ​អាមេរិក​ប៉ុណ្ណោះ។​ ការ​ធ្លាក់​ចុះ​នេះ បាន​ធ្វើឲ្យ​មាន​ការ​លើក​ឡើង​ថា រជ្ជកាល​​របស់ iPhone នៃ​ក្រុមហ៊ុន​ផ្លែ​ប៉ោម Apple បាន​ឈាន​ចូល​ដល់​ដំណាក់កាល​មួយ ដែល​នឹង​ត្រូវ​អវសាន​ក្នុង​ពេល​ដ៏​ខ្លី​ខាង​មុខ​។

ជុំវិញ​ការ​លើក​ឡើង​នេះ អ្នក​វិភាគ​មួយ​ចំនួន បាន​អះអាង​ថា iPhone ដែល​ជា​ផលិតផល​លក់​ដាច់​បំផុត​របស់​ Apple មិន​ទាន់​ឈាន​ដល់​ថ្ងៃ​អវសាន​ក្នុង​ពេល​ដ៏​ខ្លី​ខាង​មុខ​នោះ​ទេ។

iPhone XS និង XS Max
លោក Ben Wood ប្រធាន​ផ្នែក​ស្រាវជ្រាវ​របស់​ក្រុមហ៊ុន​ផ្ដល់​ព័ត៌មាន​ទីផ្សារ និង​វិភាគ CCS Insight បាន​ឲ្យ​ដឹង​ថា ការ​ហៅ​ថា ថ្ងៃ​អវសាន​របស់ iPhone ជា​រឿង​ខុស​ ប៉ុន្តែ​នេះ​ជា​ការ​ឈាន​ចូល​ដំណាក់កាល​ថ្មី​មួយ។ លោក​បន្ត​ថា វិស័យ​ស្មាតហ្វូន​ដែល​ដើរ​ដល់​ចំណុច​មួយ​ដែល​មាន​ការ​បត់បែន​យ៉ាង​ខ្លាំង​ក្នុង​រយៈពេល​១ទសវត្សរ៍​ចុងក្រោយ​នេះ​ បាន​ឈាន​ដល់​ទី​បញ្ចប់​។ ដូច្នេះ វា​ប៉ះពាល់​ដល់​ក្រុមហ៊ុន​ទូរសព្ទ​ទាំងអស់ មិន​មែន​តែ Apple នោះ​ទេ។

លោក Wood បន្ថែម​ថា កត្តា​ទូរសព្ទ​ដែល​អាច​ប្រើប្រាស់​បាន​យូរ និង​កត្តា​ឡើង​ថ្លៃ បាន​ផ្លាស់ប្ដូរ​ឥរិយាបថ​របស់​អ្នកប្រើប្រាស់ មាន​ន័យ​ថា ពួកគេ​ជ្រើសរើស​យក​ការ​បន្ត​ប្រើប្រាស់​ iPhone ស៊េរី​ចាស់​របស់​ខ្លួន កាន់តែ​យូរ​បន្ថែម​ទៀត​។

Apple បង្ហាញតម្លៃ​ iPhone ក្នុងព្រឹត្តិការណ៍មួយកាលពីខែកញ្ញា ឆ្នាំ​២០១៨​​

លោក Julian Shovlin ស្ថាបនិក​ក្រុមហ៊ុន​ជួសជុល​បច្ចេកវិទ្យា iSmash បាន​ឲ្យ​ដឹង​ដែរ​ថា កត្តា​យឺតយ៉ាវ​នៃ​ការ​អភិវឌ្ឍ​ឲ្យ​កាន់តែ​ប្លែក​ទៅ​លើ​ស៊េរី​ថ្មី ក៏​បាន​រួមចំណែក​ធ្វើឲ្យ iPhone ស៊េរី​ថ្មី មិនសូវ​ទទួល​បាន​ការ​គាំទ្រ ពី​សំណាក់​អតិថិជន​ផងដែរ​។

លោក​បន្ត​ថា ក្រុមហ៊ុន​ផលិត​ទូរសព្ទ​ធំៗ កំពុង​ប្រឈម​មុខ​នឹង​សម្ពាធ ពី​ដៃ​គូ​ប្រកួត​ប្រជែង​ដែល​ផលិត​ទូរសព្ទ​ដែល​មាន​លក្ខណៈ​សម្បត្តិ​ប្រហាក់ប្រហែល​គ្នា តែ​មាន​តម្លៃ​ថោក​ជាង​។

ពាក់ព័ន្ធ​នឹង​កត្តា​នេះ លោក Wood បាន​លើក​យក​ឧទាហរណ៍ ដែល Apple ត្រូវ​បាន​ក្រុមហ៊ុន​ចិន​ Huawei ដណ្ដើម​យក​ដំណាត់​ថ្នាក់​លេខ​២ ជា​ក្រុមហ៊ុន​ផលិត​ទូរសព្ទ​ធំ​បំផុត​នៅ​លើ​ពិភពលោក បន្ទាប់ពី​ Apple មាន​រឿង​ក្ដី​ចម្លង​ប៉ាតង់​របស់​ក្រុមហ៊ុន Qualcomm ដែល​អាច​ប៉ះពាល់​ដល់​ការ​លក់ iPhone ស៊េរី​ចាស់​។

លោក Tim Cook នាយក​ប្រតិបត្តិ​ Apple បាន​ថ្លែង​កាលពី​ពេល​ថ្មី​ៗ​នេះ​ថា Apple បាន​ជួប​វិបត្តិ​សេដ្ឋកិច្ច​នៅ​ក្នុង​ប្រទេស​ចិន និង​បាន​បន្ទោស​កត្តា​សង្គ្រាម​ពាណិជ្ជកម្ម​រវាង​ចិន ជាមួយ សហរដ្ឋអាមេរិក ​ដែល​ធ្វើឲ្យ​ការ​លក់ iPhone ធ្លាក់​ចុះ​៕

អត្ថបទទាក់ទង មេ Apple បន្ទោស​កត្តា ២យ៉ាង ដែល​ធ្វើ​ឲ្យ​ការ​លក់​ដាំ​ក្បាល​ចុះ

ប្រភព៖ Businessinsider | irishexaminer ប្រែ​សម្រួល៖ លាភ.

អត្ថបទថ្មី
;