ក្រសួង​សាធារណការ គ្រោង​ពង្រីក​អាង​បន្សុទ្ធ​ទឹក​កខ្វក់​ នៅ​ក្រុង​ព្រះសីហនុ

  • 2019-01-10 02:46:01
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្រសួង​សាធារណការ និង​ដឹកជញ្ជូន គ្រោង​ពង្រីក​អាង​ប្រព្រឹត្តិកម្ម​ទឹក​កខ្វក់​នៅ​ក្រុង ព្រះសីហនុ ឲ្យ​កាន់តែ​ប្រសើរ​ឡើង​ថែម​ទៀត ដើម្បី​ឆ្លើយតប​ទៅ​នឹង​កំណើន​ប្រជាជន និង​ការ​អភិវឌ្ឍ​នា​ពេល​បច្ចុប្បន្ន ក៏ដូចជា​ទប់ស្កាត់​ការ​បង្ហូរ​ទឹក​កង្វក់​ដោយ​ផ្ទាល់ ចូល​ទៅ​ក្នុង​សមុទ្រ ដែល​ធ្វើ​ឲ្យ​ខូច​បរិស្ថាន និង​ប៉ះពាល់​ទឹក​សមុទ្រ។ នេះ​បើ​តាម​ការ​ចុះ​ផ្សាយ​របស់ AKP ​កាលពី​ថ្ងៃទី​៩ ខែ​មករា​ ឆ្នាំ​២០១៩។

លោក​ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋ​មន្ត្រី​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន
លោក​ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋ​មន្ត្រី​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន បាន​មាន​ប្រសាសន៍​ឲ្យ​ដឹង​ថា ក្រសួង​ជំនាញ​របស់​រាជរដ្ឋាភិបាល​កំពុង​សហការ​គ្នា សិក្សា​លើ​គម្រោង​ពង្រីក​អាង​ស្តុក​ទឹក​កខ្វក់​ នៅ​ក្រុង​ព្រះសីហនុ​លើ​ផ្ទៃ​ដី ១៦​ហិកតា ដើម្បី​ធ្វើ​ប្រព្រឹត្តិកម្ម ​ឲ្យ​ស្អាត​មុន​នឹង​បង្ហូរ​ចូល​សមុទ្រ។

ថ្លែង​ប្រាប់​អ្នក​សារព័ត៌មាន​ក្រោយ​ពិធី​បើក​សន្និបាត​បូក​សរុប​លទ្ធផល​ការងារ ប្រចាំ​ឆ្នាំ​២០១៨ និង​ទិសដៅ​ការងារ​ក្នុង​ឆ្នាំ​២០១៩ របស់​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន កាលពី​ព្រឹក​ថ្ងៃ​ទី​០៩ ខែ​មករា លោក​ទេសរដ្ឋមន្ត្រី បាន​បញ្ជាក់​ថា បច្ចុប្បន្ន​បរិមាណ​នៃ​ការ​បញ្ចេញ​ទឹក​កង្វក់​នៅ​ក្នុង​ខេត្ត​នេះ មាន​ចន្លោះ​ពី ២ម៉ឺន ទៅ ៤ម៉ឺន​ម៉ែត្រ​គូប​ក្នុង​មួយ​ថ្ងៃ ខណៈ​សមត្ថភាព​អាង​ស្តុក​ អាច​បន្សុទ្ធ​ទឹក​កខ្វក់​នេះ   ក្នុង​មួយ​ថ្ងៃ អាច​គ្រប់គ្រង​ទឹក​កង្វក់​បាន​តែ​ ៦ពាន់​ម៉ែត្រ​គូប​ប៉ុណ្ណោះ​។

រូប៖ រដ្ឋបាលខេត្តព្រះសីហនុ

លោក​រដ្ឋមន្ត្រី​បន្ត​ថា ក្រសួង​ក៏​បាន​ឲ្យ​ក្រុមហ៊ុន​មួយ​ចំនួន​ សិក្សា​លើ​ផែនការ​មេ សម្រាប់​ការ​គ្រប់គ្រង​ទឹក​ស្អុយ​ នៅ​ក្នុង​ក្រុង​ព្រះសីហនុ ក្រុង​កែប កោះ​កុង កំពត បាត់ដំបង សៀមរាប ក្រុង​តាខ្មៅ​ខេត្ត​កណ្តាល កំពង់​ស្ពឺ តាកែវ ផង​ដែរ ដើម្បី​ឈាន​ទៅ​កសាង​អាង​ចម្រោះ​ទឹក​ស្អុយ​ទាំងនេះ​ ឲ្យ​បាន​លឿន​បំផុត។ បញ្ហា​ទឹក កខ្វក់​ហូរ​ចូល​សមុទ្រ ជា​ក្តី​បារម្ភ​ខណៈ​ខេត្ត​ព្រះសីហនុ ជា​ប៉ូល​សេដ្ឋកិច្ច​មួយ ដែល​មាន​សក្តានុពល​ផ្នែក   ឧស្សាហកម្ម ពាណិជ្ជកម្ម កសិកម្ម និង​ទេសចរណ៍ ហើយ​រយៈពេល ២ឆ្នាំ​ចុងក្រោយ​នេះ កំពុង​មាន​ការ​អភិវឌ្ឍ​យ៉ាង​គំហុក មាន​សំណង់​អគារ​ពាណិជ្ជកម្ម ខុនដូ និង​សណ្ឋាគារ​ផ្កាយ​៣ ផ្កាយ​៥ កំពុង​សាងសង់ និង​ដំណើរការ​អាជីវកម្ម​របស់​ខ្លូន​ នៅ​លើ​ទឹកដី​ខេត្ត​មាត់​សមុទ្រ​មួយ​នេះ​។

លោក​រដ្ឋមន្ត្រី​បន្ត​ទៀត​ថា កន្លង​មក​រដ្ឋបាល​ខេត្ត​នេះ​ បាន​ផ្សព្វផ្សាយ និង​ជំរុញ​ម្ចាស់​ទីតាំង​ឧស្សាហកម្ម​ទេសចរណ៍ អគារ​ពាណិជ្ជកម្ម​ធំ​ៗ ផ្ទះសំណាក់ សណ្ឋាគារ ភោជនីយដ្ឋាន អាហារដ្ឋាន​ទាំងអស់ ឲ្យ​ធ្វើ​អាង​ប្រព្រឹត្តិកម្ម ដើម្បី​ចម្រោះ​ជាតិ​កខ្វក់ មុន​នឹង​បង្ហូរ​ចូល​ទៅ​លូ​សមុទ្រ ក៏​ប៉ុន្តែ​ម្ចាស់​ទីតាំង​អាជីវកម្ម​មួយ​ចំនួន បាន​ចូល​រួម​សហការ​ជាមួយ​រដ្ឋបាល​ខេត្ត តែ​មួយ​ចំនួន​មិន​ទាន់​បាន​អនុវត្ត​នោះ​ទេ​៕

អត្ថបទ៖ លាភ.

អត្ថបទថ្មី
;