ផ្លូវ​ល្បឿនលឿន៖ ក្រសួង​ស្នើឱ្យ​សិក្សា​ពីចំនួន​ស្ពាន​ប្រអប់-អាកាស និង​ផ្លូវ​ក្រោមដី​ឡើងវិញ

  • 2019-01-15 01:52:07
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


កិច្ចប្រជុំ​អន្តរ​ក្រសួង​ដែលដឹកនាំ​ដោយ​ក្រសួង​បរិស្ថាន បាន​គាំទ្រ​លើគម្រោង​វិនិយោគ​ផ្លូវល្បឿនលឿន​ ភ្នំពេញ-ព្រះសីហនុ របស់​ក្រុមហ៊ុន China Road and Bridge Corporation ប៉ុន្តែ​បានស្នើឱ្យ​ក្រុមហ៊ុន​នេះ សិក្សា​ឡើងវិញ​អំពី​ការ​បង្កើន​ចំនួន​ស្ពាន​ប្រអប់ ស្ពាន​អាកាស និង​ផ្លូវ​ក្រោម​ដី សម្រាប់​ប្រជាពលរដ្ឋ​ប្រើប្រាស់​ឆ្លងកាត់។ កិច្ចប្រជុំ​នេះ ធ្វើឡើង​កាលពីថ្ងៃទី១៤ ខែមករា ឆ្នាំ​២០១៩ ក្រោម​អធិបតីភាព​លោក ផៃ ប៊ុនឈឿន រដ្ឋលេខាធិការ​ក្រសួងបរិស្ថាន។

ជាមួយ​គ្នានេះ កិច្ចប្រជុំ​អន្តរ​ក្រសួង​នេះ ក៏បាន​ស្នើ​នូវ​ចំណុច​មួយចំនួន​ទៀត​ដូច​ខាងក្រោម៖

-ស្នើ​ក្រុម​ការងារ​នាយកដ្ឋាន​វាយតម្លៃ​ហេតុ​ប៉ះពាល់​បរិស្ថាន និង​ក្រុមហ៊ុន​ម្ចាស់គម្រោង​ ធ្វើការ​ជាមួយ​អគ្គនាយកដ្ឋាន​រដ្ឋបាល​ការពារ និង​អភិរក្ស​ធម្មជាតិ​ ពាក់ព័ន្ធ​នឹងការ​ប៉ះពាល់​តំបន់​ការពារ​ដោយ​គម្រោង​នេះ

-ក្រុមហ៊ុន​ម្ចាស់​គម្រោង​ ត្រូវ​គ្រប់គ្រង​សំណល់​រឹង-រាវ​ឱ្យបាន​ត្រឹមត្រូវ​តាម​លក្ខណៈ​បច្ចេកទេស​នៅ តាម​ចំណត​ទាំង៤ នៃ​ផ្លូវ​ល្បឿនលឿន

-ស្នើ​ក្រុមហ៊ុន​ម្ចាស់​គម្រោង​ដាំដើមឈើ​អមសង​ខាង​ផ្លូវ​ល្បឿនលឿន

-ក្រុមហ៊ុន​ម្ចាស់​គម្រោង​ត្រូវ​ធ្វើការ​កែ​សម្រួល​របាយការណ៍​នេះ​តាម​រាល់​មតិ​យោបល់​ទាំងអស់​របស់ ក្រុម​ការងារ​នាយកដ្ឋាន​ជំនាញ តំណាង​អគ្គនាយដ្ឋាន​នៃ​ក្រសួង​បរិស្ថាន និង​តំណាង​ក្រសួង-ស្ថាប័ន ជំនាញ​ពាក់ព័ន្ធ ដែល​ផ្តល់​យោបល់​ក្នុង​អង្គ​ប្រជុំ រួម​បញ្ចូល​ទាំង​មតិ​បូក​សរុប​របស់​ប្រធាន​អង្គប្រជុំ។

សូម​បញ្ជាក់​ថា ផ្លូវ​ល្បឿនលឿន​ដែល​មាន​ប្រវែង​ជាង ១៩០​គីឡូម៉ែត្រ​នេះ គឺនឹង​ត្រូវ​ចាប់ផ្តើម​សាងសង់​ចេញពី​ភូមិ​សំរោង សង្កាត់​សំរោង​ក្រោម ខណ្ឌ​ពោធិសែនជ័យ រាជធានី​ភ្នំពេញ និង​បញ្ចប់​នៅ​ភូមិ១ សង្កាត់​៣ ក្រុង​ព្រះសីហនុ ខេត្ត​ព្រះសីហនុ។ ផ្លូវ​​នេះ គ្រោង​នឹង​ចំណាយ​ថវិកា​ប្រមាណ ១៩០០លាន​ដុល្លារ ដែល​សាងសង់​ដោយ​ក្រុមហ៊ុន​ចិន​ខាងលើ ក្រោម​រូបភាព​វិនិយោគ​សាងសង់-ធ្វើអាជីវកម្ម-ផ្ទេរ (BOT)។

បើតាម​ការលើកឡើង​របស់​លោក ស៊ុន ចាន់ថុល រដ្ឋមន្រ្តី​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន ក្នុង​កិច្ចប្រជុំមួយ​កាលពី​សប្តាហ៍មុន បាន​ឱ្យដឹងថា លូវ​ល្បឿនលឿន ភ្នំពេញ-ព្រះសីហនុ នឹងអាច​បើក​ការដ្ឋាន​សាងសង់​នៅក្នុង​អំឡុងខែ​កុម្ភៈ ឬដើមខែ​មីនា ខាងមុខ​នេះ ខណៈ​ដែល​គ្រឿងចក្រ​ដែល​មាន​តម្លៃ​ប្រមាណ ១០០លាន​ដុល្លារ នឹងត្រូវ​បញ្ជូន​មក​ដល់​កម្ពុជា នៅ​ដំណាច់ខែ​មករា​ខាងមុខ​នេះ ឯ​អ្នក​បច្ចេកទេស-វិស្វកម្ម​ចិនប្រហែល​២០០​នាក់ បាន​មកដល់​ហើយ។

គម្រោង​ផ្លូវ​ល្បឿនលឿន​នេះ ឆ្លងកាត់ ៤​រាជធានី​ខេត្ត រួមមាន រាជធានី​ភ្នំពេញ ខេត្ត​កណ្តាល ខេត្ត​កំពង់ស្ពី ខេត្ត​ព្រះសីហនុ ក្នុងនោះ​គឺ​ឆ្លងកាត់ ៦​ស្រុក ១​ខណ្ឌ ២​ក្រុង ៣១​ឃុំ/សង្កាត់ និង​១១០​ភូមិ។ ផ្លូវ​ល្បៀនលឿន​នេះ ក្រាល​​បេតុង​កៅស៊ូ AC មាន​ប្រវែង​សរុប​ជាង ១៩០​គីឡូម៉ែត្រ (គិតរួម​ទាំង​ស្ពាន និង​លូ​ទាំងអស់) ហើយមាន​ទទឹង​សរុប ២៤,៥​ម៉ែត្រ ក្នុងនោះ​មាន​គន្លង​ផ្លូវ​រថយន្ត (២x៣,៧៥​ម៉ែត្រ) សងខាង ជាយផ្លូវ​កៅស៊ូ​២ (២x២,៥ម៉ែត្រ) សម្រាប់​ម៉ូតូ ជាយ​ផ្លូវ​ដីក្រហម ២(២x០,៧៥) សម្រាប់​ថ្មើរជើង និង​សួន​នៅ​អ័ក្ស​កណ្តាល​ទ្រូងផ្លូវ ៣​ម៉ែត្រ ព្រម​ទាំង​មាន​ស្ពាន ៨៩​កន្លែង។

ផ្លូវ​នេះ​មាន​កន្លែង​សម្រាប់​ឈប់​សម្រាក​ចំនួន​៤​កន្លែង និង​ស្ថានីយ​ប្រេង​ឥន្ធនៈ ៣​កន្លែង។ ផ្លូវនេះ​ក៏មាន​របង​អម​តាម​សងខាង​ផ្លូវនោះ​ដើម្បី​ការពារ​សត្វ​ពាហនៈ​ឆ្លងកាត់ និង​របាំង​ការពារ​សំឡេង​រំខាន​ សរុប​ប្រហែល​៥៧,១៩​គីឡូម៉ែត្រ ព្រមទាំង​មាន​កន្លែង​មនុស្ស និង​សត្វ​ព្រៃ​ឆ្លងកាត់​ចំនូន ៣៥២​កន្លែង​ផងដែរ៕

ប្រភពរូបថត៖ ក្រសួងបរិស្ថាន

អត្ថបទ៖ សំភី

អត្ថបទថ្មី
;