សម្តេច ហ៊ុន សែន នឹងជួប​លោក ស៊ី ជិនពីង និង​​លោក លី ខឺឈាង ដើម្បី​ពិភាក្សា​ពង្រឹង​កិច្ច​សហប្រតិបត្តិការ

  • 2019-01-18 08:29:53
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


សម្តេច​នាយក​រដ្ឋមន្រ្តី នឹង​ជួប​សម្តែង​ការ​គួរសម​ជាមួយ លោក ស៊ី ជិនពីង ប្រធានាធិបតី​ចិន, លោក លីចាន់ស៊ូ (LiZhanshu) ប្រធាន​គណៈកម្មាធិការ​អចិន្រ្តៃយ៍​នៃ​សភា​ប្រជាជនចិន, លោក វ៉ាង យ៉ាង (Wang Yang) ប្រធាន​សភា​ប្រឹក្សា​នយោបាយ​ចិន ព្រមទាំង​ជួប​ពិភាក្សា​ទ្វេភាគី​ជាមួយ​ លី ខឺឈាង (Li Keqiang) នាយករដ្ឋមន្រ្តី​ចិន ក្នុង​អំឡុង​ទស្សនកិច្ច​របស់​សម្តេច​ទៅកាន់​ប្រទេស​ចិន ពី​ថ្ងៃទី ២០ ដល់ថ្ងៃទី ២៣ ខែ​មករា ឆ្នាំ​២០១៩។ នេះ​បើតាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រសួង​ការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ នៅថ្ងៃទី១៨ ខែមករា ឆ្នាំ​២០១៩។

សម្តេច ហ៊ុន សែន ក្នុងជំនួបជាមួយ​លោក ស៊ី ជិនពីង នៅរាជធានីភ្នំពេញ កាលពីឆ្នាំ២០១៦
ជំនួប​ពិភាក្សា​ខាងលើ​នេះ នឹង​ផ្តោតទៅ​លើ​ការ​ពង្រឹង និង​ពង្រីក​បន្ថែម​ទៀត​នូវ​កិច្ច​សហប្រតិបត្តិការ​ភាពជា​ដៃគូ​យុទ្ធសាស្រ្ត​គ្រប់ជ្រុងជ្រោយ​រវាង​កម្ពុជា​ និង​ចិន ដើម្បី​ផលប្រយោជន៍​នៃ​ប្រជាជាតិ​ទាំងពីរ។

ក្នុង​អំឡុងពេល​ទស្សនកិច្ច​រនេះ ត្រូវបាន​រំពឹង​ថា នឹងមាន​ការ​ចុះហត្ថលេខា​លើ​ឯកសារ និង​កិច្ចព្រមព្រៀង​កិច្ចសហប្រតិបត្តិការ​មួយ​ចំនួន​រវាង​ភាគី​ទាំង២​ផងដែរ។

លោក លី ខឺឈាង ក្នុងអំឡុងមកធ្វើទស្សនកិច្ចនៅកម្ពុជា កាលពីខែមករា ឆ្នាំ​២០១៨

​ ក្រៅពី​ជំនួប​ខាងលើ សម្តេច​នាយក​រដ្ឋមន្រ្តី នឹង​ទទួល​ការចូល​ជួប​សម្តែង​ការគួរសម​ដាច់ដោយ​ឡែកពីគ្នា​ដោយ លោក​រដ្ឋមន្ត្រី សុង តាវ ប្រធាន​មន្ទីរ​ទំនាក់ទំនង​អន្តរជាតិ​របស់​គណៈ​កម្មាធិការ​មជ្ឈឹមបក្ស​កុម្មុយនិស្ត​ចិន និង​លោក​ស្រី គូ សៀវលៀន ប្រធាន​សមាគម​មិត្តភាព​ចិន-កម្ពុជា និង​ថ្នាក់ដឹកនាំ​ធុរកិច្ច​ចំនួន​៤រូប​ទៀត​ពី ធនាគារ​ចិន សាជីវកម្ម​ស្ពានថ្នល់​ចិន ក្រុមហ៊ុន​វិស្វកម្ម និង​ដែកថែប​ចិន និង​ក្រុមហ៊ុន​ហួណេង​គ្រុប។ ​​

​ក្នុង​អំឡុង​ពេល​ស្នាក់នៅ​ប្រទេស​ចិន សម្តេច ហ៊ុន សែន នឹង​អញ្ជើញ​ទៅ​ទស្សនា​ការ​តាំង​ពិព័រណ៍​ខួប​អនុស្សាវរីយ៍​លើកទី​៤០ នៃ «កំណែ​ទម្រង់ និង​ការ​បើក​ទូលាយ» ប្រទេស​ចិន និង​អញ្ជើញ​ចូលរួម​ជា​អធិបតី​ក្នុង​ពិធី​បើក​វេទិកា​សេដ្ឋកិច្ច និង​ពាណិជ្ជកម្ម កម្ពុជា-ចិន ឆ្នាំ​២០១៩។ សម្តេច​ក៏នឹង​ជួប​សំណេះ​សំណាល​ជាមួយ​និស្សិត​កម្ពុជា ដែល​កំពុង​សិក្សា​នៅ​ប្រទេស​ចិន​ផងដែរ៕

អត្ថបទ៖ សំភី

អត្ថបទថ្មី
;