ស៊ី ជីន​ពីង សន្យា​បន្ត​នាំ​ចូល​អង្ករ​កម្ពុជា ៤០​ម៉ឺន​តោន និង​ផ្ដល់​ជំនួយ​​ជិត​៦០០​លាន​ដុល្លារ

  • 2019-01-22 01:48:17
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


លោក ស៊ី ជីនពីង ប្រធានាធិបតី​សាធារណរដ្ឋ​ប្រជាមានិត​ចិន បាន​ថ្លែង​ឲ្យ​ដឹង​ថា នៅ​ក្នុង​ឆ្នាំ​២០១៩នេះ ចិន​នឹង​បន្ត​នាំចូល​អង្ករ​ចំនួន ៤០​ម៉ឺនតោន ពី​ប្រទេស​កម្ពុជា និង​ផ្ដល់​ជំនួយ​ឥត​សំណង​ចំនួន ៤ពាន់​លាន​យ័ន (ប្រមាណ ៥៩០លានដុល្លារអាមេរិក) សម្រាប់​រយៈ​ពេល ៣​ឆ្នាំ​ ពី​ឆ្នាំ​២០១៩ ដល់​ឆ្នាំ​២០២១​។

ជំនួប​រវាងសម្ដេច ហ៊ុន សែន និង​លោកប្រធានាធិបតីចិន ស៊ី ជិនពីង កាលពីថ្ងៃទី២១ មករា ឆ្នាំ​២០១៩
ប្រសាសន៍​របស់​លោក​ប្រធានាធិបតី​ចិន បាន​ធ្វើឡើង​ក្នុង​ជំនួប​ពិភាក្សា​ការងារ​ជាមួយ សម្ដេច ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា កាល​ពី​ថ្ងៃ​ទី២១ ខែ​មករា ឆ្នាំ​២០១៩​។

លោក ស៊ី ជីនពីង បាន​ឲ្យដឹង​ថា នឹង​ជំរុញ​ទំហំ​ពាណិជ្ជកម្ម​នៃ​ប្រទេស​ទាំងពីរ​កើន​ដល់ ១០ពាន់​លាន​ដុល្លារ​អាមេរិក ត្រឹម​ឆ្នាំ​២០២៣ ក្នុង​នោះ​ចិន​នឹង​បន្ត​លើក​ទឹក​ចិត្ត​ដល់​អ្នក​វិនិយោគ​ចិន ទៅ​វិនិយោគ​នៅ​កម្ពុជា។

សម្ដេច ហ៊ុន សែន ចាប់ដៃជាមួយលោក ស៊ី ជីនពីង

សូម​រំឭក​ថា ក្នុង​ជំនួប​សំណេះ​សំណាល​ជាមួយ​និស្សិត​ខ្មែរ​ចំនួន ៤៦៨​នាក់ ដែល​កំពុង​សិក្សា​ក្នុង​ប្រទេស​ចិន កាលពី​ថ្ងៃទី​២០ ខែ​មករា ឆ្នាំ​២០១៩ សម្តេច​នាយក​រដ្ឋមន្រ្តី ហ៊ុន សែន បាន​ថ្លែង​ថា កម្ពុជា​ត្រូវ​ខិតខំ​បើក ពង្រីក និង​ពង្រឹង​ទីផ្សារ​ ឲ្យ​បាន​ច្រើន​ថែម​ទៀត​ក្រៅពី​ទីផ្សារ​អាមេរិក និង​អឺរ៉ុប ដើម្បី​បញ្ចេញ​ទំនិញ និង​ផលិតផល​កសិកម្ម​កម្ពុជា​ចេញ​ក្រៅ ដូចជា​នៅ​ក្នុង​ប្រទេស​ចិន, អាហ្វ្រិក, មជ្ឈឹមបូព៌ា និង​កូរ៉េ​ជាដើម។ សព្វថ្ងៃ​នេះ ទំហំ​ពាណិជ្ជកម្ម​កម្ពុជា និង​ចិន​ក៏បាន​កើន​ឡើង​ដល់ ៥៦០០លាន​ដុល្លារ​ហើយ។ សម្តេច​លើកឡើង​ថា មិត្ត​ចិន​គឺ​វិនិយោគ​ធំ​ជាង​គេ​នៅ​កម្ពុជា ជាពិសេស​លើ​វិស័យ​ហេដ្ឋារចនា​សម្ព័ន្ធ​ផ្លូវថ្នល់ ស្ពាន ស្ពាន​អាកាស និង​វារី​អគ្គីសនី​ជាដើម៕

រូប៖ ទំព័រហ្វេសប៊ុកសម្ដេច ហ៊ុន សែន​

អត្ថបទទាក់ទង សម្តេច ហ៊ុន សែន៖ កម្ពុជា ត្រូវខិតខំ​ពង្រីកទីផ្សារ​ឱ្យបាន​ច្រើន ក្រៅពី​អាមេរិក និង​អឺរ៉ុប

អត្ថបទ៖ លាភ.

អត្ថបទថ្មី
;