លោក ស៊ី ជីនពីង៖ ទំនាក់ទំនង​ចិន-កម្ពុជា មាន​លក្ខណៈ​ពិសេស​ខ្លាំង បើប្រៀប​ធៀប​នឹង​ប្រទេស​ដទៃ

  • 2019-01-22 02:17:18
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


លោក ស៊ី ជីនពីង ប្រធានាធិបតី​ចិន បាន​ថ្លែងទៅកាន់​សម្តេច​នាយករដ្ឋមន្រ្តី ហ៊ុន សែន ​ថា ទំនាក់ទំនង​រវាង​ចិន ​និង​កម្ពុជា គឺ​ពិតជា​មាន​លក្ខណៈ​ពិសេស​ខ្លាំង​ណាស់ បើ​ប្រៀបធៀប​ទៅនឹង​ប្រទេស​ផ្សេងៗ​ទៀត ពោលគឺ​ទំនាក់ទំនង​នៃ​ប្រទេស​ទាំងពីរ មាន​លក្ខណៈ​សំខាន់​បំផុត។ ជំនួប​ពិភាក្សា​នេះ ធ្វើឡើង​កាលពីថ្ងៃទី២១ ខែមករា ឆ្នាំ​២០១៩ នៅ​ក្រុងប៉េកាំង ប្រទេស​ចិន។

លោក​បញ្ជាក់​ថា លក្ខណៈ​ពិសេស​នោះគឺ​ទំនាក់​ទំនង​រវាង សម្តេច ហ៊ុន សែន និង​គណបក្ស​ប្រជាជន​កម្ពុជា ជាមួយ​ថ្នាក់​ដឹកនាំ​ចិន ដោយ​ចាត់ទុក​ថា បាន​ឡើង​ដល់​កម្រិត​​មួយ​ដែល​ខ្ពស់​បំផុត បើ​ប្រៀបធៀប​ទៅនឹង​ប្រទេស​ផ្សេងៗ​ទៀត។

លោក ស៊ី ជីនពីង បន្ត​ថា ចិន​និង​កម្ពុជា នឹង​បន្ត​កសាង​សហគមន៍​រួមគ្នា ដើម្បី​រៀបចំ​ផែនការ​ធ្វើ​កិច្វសហការ​លើ​គ្រប់​វិស័យ ទាំង​វិស័យ​នយោបាយ សន្តិសុខ សេដ្ឋកិច្ច និង​រវាង​ប្រជាជន និង​ប្រជាជន។

សម្តេច ហ៊ុន សែន ក្នុងជំនួបជាមួយលោក ស៊ី ជីនពីង  កាលពីថ្ងៃទី២១ មករា ២០១៩ នៅក្រុងប៉េកាំង (រូបភាព​ផ្តល់សិទ្ធិដោយ Reuters)
ជាមួយគ្នានេះ លោក​ប្រធានាធិបតី​ចិន មាន​ប្រសាសន៍​ចាត់ទុក​ទស្សនកិច្ច​ផ្លូវការ​របស់​សម្តេច​ហ៊ុន សែន ទៅកាន់​ប្រទេសចិន​នៅ​ពេល​នេះ គឺពិតជា​មាន​តម្លៃ​បំផុត​សម្រាប់​ទំនាក់ទំនង នៃប្រទេស​ទាំងពីរ ឱ្យ​កាន់តែ​ខ្ពស់ត្រដែត​ថែមទៀត។ លោក​ក៏បាន​គូស​បញ្ជាក់​ពីខួប​៦០ឆ្នាំ នៃ​ទំនាក់ទំនង​ការ​ទូត​ប្រទេស​ទាំងពីរ​ផងដែរ។

បច្ចុប្បន្ន​នេះ បើ​ទោះ​បីជា​ទំនាក់​ទំនង​អន្តរជាតិ ​មានការ​ប្រែប្រួល​ក៏​ពិតមែន ប៉ុន្តែ​ទំនាក់ទំនង​រវាង​ចិន និង​កម្ពុជា គឺ​ពិតជា​បាន​ផ្តល់នូវ​អត្ថប្រយោជន៍​ជាច្រើន​ពីគ្នា​ទៅវិញ​ទៅមក។ តាមរយៈ​នេះ​ ចិន​នឹង​បន្ត​បង្កើន​កិច្ច​សហប្រតិបត្តិការ​ជាមួយ​កម្ពុជា ពិសេស​ការ​ចូលរួម​ចំណែក​ដល់ការ​អភិវឌ្ឍ​ប្រទេស​កម្ពុជា កាន់តែ​រឹងមាំ​ទ្វេ​ឡើង​ថែមទៀត។ នេះជាការ​បញ្ជាក់​បន្ថែម​របស់​លោក ស៊ី ជីនពីង។

បើតាម​ការ​ថ្លែង​របស់​សម្តេច ហ៊ុន សែន ក្នុង​ជំនួប​ពិភាក្សា​នេះ អ្វី​ដែល​សម្តេច​ចង់ឃើញ​នោះ​គឺ ក្នុង​ភាព​ជាដៃគូ​យុទ្ធសាស្រ្ត​គ្រប់​ជ្រុងជ្រោយ​នោះ បន្ត​ថែទាំ និង​រក្សា​ឲ្យកាន់​តែរឹងមាំ​ថែមទៀត។ សម្តេច​បាន​ស្នើឲ្យ​បន្ត​យន្តការ​ទ្វេភាគី​កាន់តែ​រឹងមាំ។

សម្តេច​នាយករដ្ឋមន្រ្តី​ ក៏បាន​ស្នើថា ឆ្នាំ​២០១៩ គឺជាឆ្នាំ​នៃការ​ផ្លាស់ប្តូរ​វប្បធម៌ និងជាឆ្នាំ​នៃការ​ផ្លាស់ប្តូរ​ទេសចរណ៍​នៃ​ប្រទេស​ទាំងពីរ។ ទន្ទឹមនឹង​នេះ សម្តេច ហ៊ុន សែន ក៏បាន​ស្នើដល់​ប្រធានាធិបតី​ចិន គឺធ្វើ​យ៉ាងណា​ឲ្យ​ប្រទេសទាំងពីរ​ អាចមាន​នូវ​កិច្ចព្រមព្រៀង​សេដ្ឋកិច្ច​សេរី ព្រោះ​ដោយសារ​ប្រទេស​ទាំងពីរ​មាន​ភាព​ជាដៃគូ​យុទ្ធ​សាស្រ្ត​គ្រប់​ជ្រុងជ្រោយ រួចមកហើយ​តាំងពីឆ្នាំ​២០១០មក៕

អត្ថបទ​ទាក់ទងស៊ី ជីន​ពីង សន្យា​បន្ត​នាំ​ចូល​អង្ករ​កម្ពុជា ៤០​ម៉ឺន​តោន និង​ផ្ដល់​ជំនួយ​​ជិត​៦០០​លាន​ដុល្លារ

អត្ថបទ៖ សំភី

អត្ថបទថ្មី
;