រុស្ស៊ី ឆ្លើយតប​នឹង​អាមេរិក ជុំវិញ​បញ្ហា​ប្រព័ន្ធ​មីស៊ីល​​របស់​ខ្លួន​

  • 2019-01-24 02:18:43
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ប្រទេស​រុស្ស៊ី កាលពី​ថ្ងៃ​ទី​២៣ ខែ​មករា ឆ្នាំ​២០១៩ បាន​អះអាង​ថា ប្រព័ន្ធ​មីស៊ីល​​របស់​ខ្លួន មិន​បាន​រំលោភ​លើ​សន្ធិសញ្ញា​ស្ដីពី​អាវុធ​នុយក្លេអ៊ែរ​ចម្ងាយ​មធ្យម​ ដូច​ការ​ចោទ​ប្រកាន់​របស់​សហរដ្ឋ​អាមេរិក​នោះទេ​។

លោក Mikhail Matveevsky មន្ត្រី​យោធា​ជាន់​ខ្ពស់​ផ្នែក​កាំភ្លើង​ធំ បាន​បញ្ជាក់​ថា មីស៊ីល​ប្រភេទ 9M729 របស់​រុស្ស៊ី មាន​សមត្ថភាព​បាញ់​ត្រឹម​ចម្ងាយ ៤៨០គីឡូម៉ែត្រ​តែ​ប៉ុណ្ណោះ។

សន្ធិសញ្ញា​ស្ដីពី​អាវុធ​នុយក្លេអ៊ែរ​នេះ ត្រូវ​បាន​ចុះ​ហត្ថលេខា​កាលពី​ឆ្នាំ​១៩៨៧ ដោយ​អតីត​ប្រធានាធិបតី​អាមេរិក​លោក Ronald Reagan និង​អតីត​មេដឹកនាំ​សូវៀត Mikhail Gorbachev ក្នុង​គោល​បំណង​ដាក់​បម្រាម​លើ​មីស៊ីល ដែល​មាន​ចម្ងាយ​ចន្លោះ​ពី ៥០០ ទៅ​ដល់​ ៥៥០០ គីឡូម៉ែត្រ។

ការ​បញ្ជាក់​ពី​មន្ត្រី​ជាន់​ខ្ពស់​រុស្ស៊ី ដើម្បី​បដិសេធ​ការ​រំលោភ​សន្ធិសញ្ញា​នេះ គឺ​ជា​ការ​ផ្ដល់​សេចក្ដី​លម្អិត​ពី​មីស៊ីល​រុស្ស៊ី 9M729 ជា​លើក​ដំបូង។ លោក Matveevsky បាន​បន្ត​ថា សមត្ថភាព​របស់​មីស៊ីល 9M729 ត្រូវ​បាន​បង្ហាញ​យ៉ាងច្បាស់ ក្នុង​សម​យុទ្ធ កាលពី​ឆ្នាំ​២០១៧​។

សហរដ្ឋអាមេរិក បាន​ព្រមាន​ដក​ខ្លួន​ចេញ​ពី​សន្ធិសញ្ញា​អាវុធ​នុយក្លេអ៊ែរ​ចម្ងាយ​មធ្យម នៅ​ដើម​ខែ​កុម្ភៈ​ខាងមុខ បន្ទាប់ពី​ខ្លួន​ចាត់​ទុក​ប្រព័ន្ធ​មីស៊ីល​ថ្មី​របស់​រុស្ស៊ី ជា​ការ​រំលោភ​សន្ធិសញ្ញា​អាវុធ​នុយក្លេអ៊ែរ​ចម្ងាយ​មធ្យម និង​ប៉ះពាល់​ដល់​សន្តិសុខ​ពិភពលោក។ អាមេរិក ក៏បាន​ទាមទារ​ឲ្យ​រុស្ស៊ី កម្ទេច​ចោល​ប្រព័ន្ធ​មីស៊ីល​នេះ​ផងដែរ​៕

អត្ថបទទាក់ទង អាមេរិក ចង់​ឲ្យ​រុស្ស៊ី ​កម្ទេច​ចោល​ប្រព័ន្ធ​មីស៊ីល​ថ្មី​របស់​ខ្លួន​

ប្រភព៖ Bangkokpost ប្រែ​សម្រួល៖ លាភ.

អត្ថបទថ្មី
;