ញឹម ចាន់ថន ដើរតួឯក២រឿងជាប់ៗគ្នា គិតត្រឹមដើមឆ្នាំថ្មីនេះ
- 2019-01-31 08:08:31
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ញឹម ចាន់ថន ដើរតួឯក២រឿងជាប់ៗគ្នា គិតត្រឹមដើមឆ្នាំថ្មីនេះ
ចន្លោះមិនឃើញ
គិតត្រឹមដើមឆ្នាំ ២០១៩ តារាសម្ដែង ញឹម ចាន់ថន កំពុងតែមមាញឹកច្រើនក្នុងវិស័យសិល្បៈ ដែលមានគម្រោងថ្មីៗឲ្យធ្វើជាបន្តបន្ទាប់សឹងតែរកពេលដកឃ្លាមិនឃើញ។
កាលពីដើមខែមករាឆ្នាំនេះ កញ្ញា ចាន់ថន បានសម្ដែងជាតួអង្គឯកម្ដងរួចទៅហើយ ជាមួយតារាសម្ដែង ម៉េង ប៊ុនឡូ នៅក្នុងរឿង "ចិញ្ចៀន" ដែលទទួលបានការគាំទ្រនិងជោគជ័យ ដល់ថ្នាក់ពេលនេះត្រៀមដាក់បញ្ចាំងនៅខេត្តកំពង់ចាមទៀតផង។ ចំណែកឯភាពយន្តថ្មី "ម៉ាដាមអាប" គ្រោងដាក់បញ្ចាំងនៅចុងខែនេះគឺ ជាស្នាដៃរបស់នាងថតតាំងពីឆ្នាំមុនមកម្ល៉េះ ប៉ុន្តែត្រូវឆ្លងកាត់ការកាត់ត និងបច្ចេកទេសផ្សេងៗរហូតទើបមានឱកាសសម្ពោធដាក់បញ្ចាំងជាផ្លូវការល្ងាចមិញ។
ថ្លែងមកកាន់ Sabay កញ្ញាបញ្ជាក់ប្រាប់ថា ខ្លួនពិតជាមមាញឹកខ្លាំងដកឃ្លាសឹងមួយរួចក្នុងវិស័យសិល្បៈតាំងពីឆ្នាំមុន។ «ហ្នឹងហើយអូន តាំងពីឆ្នាំ២០១៨មកម្ល៉េះ បងបដិសេធចោលរឿងភាគដល់ទៅ ៥ ៦ រឿងឯណោះ ព្រោះតែរវល់ពេលហើយថាចង់សម្ដែងរឿងដុំ ប៉ុន្តែឆ្នាំនេះនឹងផ្ដោតលើការថតរឿងភាគវិញហើយ»។
ក្រៅពីសម្ដែង តារាជើងចាស់រូបនេះក៏កំពុងចង់បើកអាជីវកម្មផ្ទាល់ខ្លួនមួយផងដែរ ប៉ុន្តែទាស់ត្រង់គឺមិនទាន់មានទុនគ្រប់គ្រាន់ និងចង់ផ្ដោតសំខាន់ទៅលើអាជីពជាអ្នកសម្ដែងនិងទុកការរកស៊ីនៅមួយឡែកសិន៕