Rika៖ ខ្ញុំ​នឹង​​បំបាក់​​គូប្រកួត​ទាំងអស់ ដើម្បី​​ឡើង​ទៅ​​ឲ្យ​កៀក​តំណែង​ជើងឯក​ពិភពលោក

  • 2019-02-01 08:08:45
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


កីឡា​ការិនី​​វាយ​ក្នុង​ទ្រុង Rika Ishige បានអះអាង​ថា​នឹង​យកឈ្នះ​គ្រប់​ការប្រកួត​នៅ​ក្នុង​ឆ្នាំ ២០១៩ នេះ ដើម្បី​ឆ្ពោះ​ទៅ​រក​ការ​វាយ​យក​ខ្សែ​ក្រវាត់​ពិភពលោក​នៅ ONE Championship។ ស្រីស្អាត​ថៃ វ័យ ២៩ឆ្នាំ​រូបនេះ បាន​និយាយ​យ៉ាងដូច្នេះ អំឡុង​ពិធី​បង្ហាញ​ខ្លួន (Open Workout) នៅ​ចំពោះ​មុខ​អ្នកកាសែត​ថៃ នា​ទីក្រុង​បាងកក កាលពី​ចុង​ខែ​មករា ឆ្នាំ២០១៩ កន្លងទៅ។

Rika បញ្ចេញ​ក្បាច់​ក្លេ​នៅ​ចំពោះ​មុខ​អ្នក​កាសែត​ថៃ ក្នុង​ Open Workout នៅ​បាងកក កាលពី​ចុង​ខែមករា​កន្លងទៅ (រូបភាព​ផ្ដល់ឲ្យ​ដោយ ONE Championship)
គូប្រកួត​របស់​កីឡា​គុនខ្មែរ នៅ ស្រីពៅ រូបនេះ បាន​និយាយ​ក្នុង​ឱកាស​នោះថា៖ "ខ្ញុំ​បាន​រៀន​មេរៀន​ជាច្រើន ក្នុង​ប៉ុន្មានឆ្នាំ​ចុងក្រោយ​នេះ។ ខ្ញុំ​អាច​និយាយ​បាន​ថា ខ្ញុំ​ខ្លាំង​ជាមុន មាន​ការ​ផ្ដោត​អារម្មណ៍​ខ្លាំង​ជាង​មុន។ ខ្ញុំ​ទន្ទឹង​រង់ចាំ​យក​ជ័យជម្នះ​ នា​ប្រកួត​បន្ទាប់ទៀត បន្ត​ពី​ជ័យជម្នះ​ដែល​ខ្ញុំ​ធ្វើ​បាន​ក្នុង​ប្រកួត​ចុងក្រោយ​កាលពីថ្មីៗកន្លងទៅ។ ខ្ញុំ​នឹង​បង្ហាញ​ឲ្យ​អ្នកគ្រប់គ្នា​ដឹង ពី​ភាព​រីកចម្រើន​របស់​ខ្ញុំ"។

Rika បាន​បន្ត​ថា៖ "នៅក្នុង​ប្រភេទ​​ទម្ងន់ Atomweight (ក្រោម ៥២គីឡូក្រាម) នៅ ONE មាន​កីឡា​ការិនី​ក្មេងៗ និង​ខ្លាំងៗ​ជាច្រើន រួមទាំង​ខ្ញុំ​ផងដែរ។ ក្នុង​ឆ្នាំនេះ ខ្ញុំ​ដាក់​ផែនការ ឡើង​​ឲ្យ​កាន់​តែ​ខ្ពស់​ ហើយ​នឹង​បំបាក់​​អ្នក​​ដែល​រារាំង​នៅ​ចំពោះ​មុខ​ខ្ញុំទាំងអស់ (ចង់សំដៅ​លើ​គូប្រកួត) ដើម្បី​ឡើង​ទៅ​កាន់​តែ​កៀក​នឹង​តំណែង​ជើង​ឯក​ពិភពលោក"

Rika Ishige (រូបភាព​ផ្ដល់​ឲ្យ​ដោយ ONE Championship)

Rika ដែល​មាន​វ័យ ២៩ឆ្នាំ នឹង​ត្រូវ​ជួប​កីឡា​ការិនី​គុនខ្មែរ "នៅ ស្រីពៅ" ក្នុង​កម្មវិធី ONE: CLASH OF LEGENDS នា​ថ្ងៃ​ទី១៦ ខែកុម្ភៈ​ខាងមុខ នៅ​ទីក្រុង​បាងកក ប្រទេសថៃ។ កីឡា​ការិនី​ដែល​ហាត់​នៅ​ក្លឹប Tiger Muay Thai រូបនេះ ធ្លាប់​ឆ្លង​កាត់​ការ​ប្រកួត​ក្នុង​ទ្រុង ៦ប្រកួត ដោយ​ទទួល​លទ្ធផល ឈ្នះ ៤ដង និង​ចាញ់ ២ដង (នៅ ONE Championship ទាំង ៦ប្រកួត)។ ប្រកួត​ចុងក្រោយ Rika យកឈ្នះ​កីឡា​ការិនី​មីយ៉ាន់ម៉ា Bozhena Antoniyar ក្នុង​ទឹក​ទី១ កាល​ពី​ខែតុលា ឆ្នាំ២០១៨៕

អត្ថបទទាក់ទង៖ ទិដ្ឋភាព កីឡា​ការិនី​គុនខ្មែរ "នៅ ស្រីពៅ" ប្រឹងប្រែង​ហ្វឹកហាត់​ ត្រៀម​ប៉ះ​ថៃ នៅ ONE Championship

Rika Ishige (រូបភាព​ផ្ដល់​ឲ្យ​ដោយ ONE Championship)

អត្ថបទ៖ សុខ សុវត្ថិ

អត្ថបទថ្មី
;