កម្ពុជា-មីយ៉ាន់ម៉ា គ្រោង​បង្កើត​ជើង​ហោះហើរ​ត្រង់

  • 2019-02-03 03:47:37
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


កម្ពុជា - មី​យ៉ាន់​ម៉ា បាន​ពិភាក្សា​អំពី​លទ្ធភាព​នៃ​ការបង្កើត​ជើងហោះហើរ​ត្រង់​ត​ភ្ជាប់​ខេត្តសៀមរាប និង​បា​ហ្កាន ដើម្បី​បង្កើន​ចំនួន​ភ្ញៀវទេសច​រ​​មក​ទស្សនា​ប្រទេស​ទាំង​ពីរ ក៏ដូចជា ពង្រឹង​ការប្រាស្រ័យ​ទាក់ទង​គ្នា​រវាង​ប្រជាជន និង​ប្រជាជន។ នេះ​បើ​តាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​ក្រសួង​ការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ ចុះ​ថ្ងៃ​ទី​២ ខែ​កុម្ភៈ ឆ្នាំ​២០១៩។​

រូបតំណាង
ការប្រកាស​នេះ ធ្វើឡើង​ក្នុង​ជំនួប​ប្រជុំ​គណៈកម្មការ​ចម្រុះ​ស្តីពី​សហប្រតិបត្តិការ​ទ្វេភាគី​កម្ពុជា​-​មី​យ៉ាន់​ម៉ា លើក​ទី​២ ដែល​ប្រព្រឹត្ត​ទៅ​កាលពី​ថ្ងៃ​ទី​៣១ ខែ​មករា ដល់​ថ្ងៃ​ទី​១ ខែ​កុម្ភៈ ឆ្នាំ​២០១៩ នៅ​រដ្ឋធានី​ណៃ​ពិដោ ប្រទេស​មី​យ៉ាន់​ម៉ា រវាង​លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​កម្ពុជា និង​លោក ច ទីន រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​មី​យ៉ាន់​ម៉ា។
ជំនួបរវាងលោក ប្រាក់ សុខុន និងលោក ច ទីន (រូបថត៖ ក្រសួងការបរទេស)

​ក្រៅពីនេះ ភាគី​ទាំងពីរ ក៏​បាន​ឯកភាព​ពិភាក្សា​អំពី​លទ្ធភាព​បង្កើត​កិច្ចព្រមព្រៀងទ្វេភាគី​ថ្មី ស្តីពី​កិច្ចសហប្រតិបត្តិការ​សេដ្ឋកិច្ច និង​ពន្លឿន​ការចរចា លើ​កិច្ចព្រមព្រៀង ស្តី​ពី​ការចៀសវាង​ការយកពន្ធ​ត្រួតគ្នា និង​ការបង្ការ​ការកេងបន្លំ​ពន្ធ ពាក់ព័ន្ធ​នឹង​ពន្ធ​លើ​ប្រាក់ចំណូល។​

ចំពោះ​កិច្ចសហប្រតិបត្តិការ​លើ​វិស័យ​អប់រំ អង្គប្រជុំ​បាន​ឯកភាព​ពន្លឿន​ការអនុវត្ត​កិច្ចព្រមព្រៀ​ង ស្តីពី​កិច្ចសហប្រតិបត្តិការ លើ​វិស័យ​អប់រំ ឆ្នាំ​២០១៧-២០២១ ដើម្បី​កសាង​សមត្ថភាព​យុវជន និង​ស្វ័យ​អភិវឌ្ឍន៍។ សម្រាប់​កិច្ចសហប្រតិបត្តិការ​លើ​វិស័យ​សាសនា ភាគី​ទាំងពីរ​ឯកភាព​ពិចារណា​ចុះហត្ថលេខា​លើ​អនុស្សារណៈ នៃ​ការយោគយល់​គ្នា ស្តីពី​កិច្ចសហប្រតិបត្តិកា​ររ​វា​ង​ប្រទេស​កាន់​ព្រះពុទ្ធសាសនា​ទាំងពីរ។​ ​

កម្ពុជា​-​មី​យ៉ាន់​ម៉ា ក៏​បាន​ឯកភាព​រៀបចំ​កិច្ចប្រជុំ គណៈកម្មការ​ចម្រុះ ស្តីពី​សហប្រតិបត្តិការ​ទ្វេភាគី កម្ពុជា​-​មី​យ៉ាន់​ម៉ា (JCBC) លើក​ទី​៣ នៅ​ប្រទេស​កម្ពុជា នា​ឆ្នាំ​២០២១៕

ប្រភព៖ Vayo Fm ប្រែ​សម្រួល៖ សំភី

អត្ថបទថ្មី
;