កម្ពុជា ស្នើឱ្យ ADB បន្ត​ជួយ​ដល់​គម្រោង​ផ្លូវថ្នល់ និង​កម្មវិធី​ត្រួតពិនិត្យ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក

  • 2019-02-07 03:42:14
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តី​ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន បាន​ស្នើឱ្យ​ធនាគារ​អភិវឌ្ឍន៍​អាស៊ី (ADB) បន្ត​ជួយ​គាំទ្រ​ដល់​គម្រោង​ផ្លូវ​ថ្នល់​នៅ​កម្ពុជា និង​ជួយ​ដល់​ក្រសួង​ ទាក់ទង​នឹង​កម្មវិធី​ត្រួតពិនិត្យ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក និងការដឹក​ជញ្ជូន​លើស​ទម្ងន់​កម្រិត​កំណត់។ សំណើនេះ ធ្វើឡើង​ក្នុង​ជំនួប​រវាង​លោក ស៊ុន ចាន់ថុល និង​​​លោកស្រី ​ Sunniya Durrani-Jamal នាយក​ ADB ប្រចាំ​កម្ពុជា កាលពី​ថ្ងៃទី​៥ ខែ​កុម្ភៈ ឆ្នាំ​២០១៩ នៅ​ទីស្តីការ​ក្រសួង​សាធារណការ។

ជំនួបរវាងលោកស្រី Sunniya Durrani-Jamal និង​លោក ស៊ុន ចាន់ថុល កាលពីថ្ងៃទី៥កុម្ភៈ ២០១៩ (រូបថត៖ ក្រសួងសាធារណការ)
គោលបំណង​នៃ​ជំនួបនេះ​ គឺ​ដើម្បី​ពិភាក្សា និង​ពិនិត្យ​ឡើងវិញ​អំពី​ការ​អនុវត្ត​គម្រោង​កំពុង​បន្ត និង​កម្មវិធី នាពេល​អនាគត ដែល​ពាក់ព័ន្ធ​នឹង​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន។

លោក​ទេសរដ្ឋមន្រ្តី បានគូស​បញ្ជាក់​អំពី​គម្រោង​ផ្លូវថ្នល់​ដែល​កំពុង​អនុវត្ត​បន្ត ដើម្បី​ពង្រីក​បណ្តាញ​ផ្លូវថ្នល់​កម្ពុជា​ ដោយ​ផ្តោតជា​សំខាន់​ លើការ​ធ្វើឱ្យ​ប្រសើរ​ឡើងនូវ​ច្រក​របៀង​សេដ្ឋកិច្ច​របស់​មហា​អនុតំបន់​ទន្លេ​មេគង្គ និងការ​ធ្វើ​សមាហរណកម្ម​ថ្នាក់ជាតិ គម្រោង​កាត់បន្ថយ​ការ​កកស្ទះ​ចរាចរណ៍​នៅ​រាជធានី​ភ្នំពេញ (ដូចជា ការ​ដាក់ឱ្យ​ដំណើរការ​កាណូត​ដឹក​អ្នក​ដំណើរ​តាម​ផ្លូវទឹក ការ​ដាក់​ឱ្យប្រើប្រាស់​រថភ្លើង​ពី​ភ្នំពេញ ទៅ​ព្រលាន​យន្តហោះ) និង​គម្រោង​សាងសង់​ថ្មី​រោងចក្រ​ប្រព្រឹត្តិកម្ម​សំណល់​ទឹក​កខ្វក់។

រូបថត៖ ក្រសួងសាធារណការ

លោក ស៊ុន ចាន់ថុល ក៏​បាន​ជម្រាប​ជូន​គណៈប្រតិភូ​ផងដែរ អំពី​ការ​ធ្វើឱ្យ​ប្រសើរ​ឡើង​នូវ​កំពង់ផែ​ភ្នំពេញ និង​កំពង់ផែ​ក្រុង​ព្រះសីហនុ ការ​អភិវឌ្ឍ​ហេដ្ឋារចនា​សម្ព័ន្ធ​កំពង់ផែ​ផ្លូវទឹក និង​ធាតុផ្សំ​សំខាន់ៗ​នៃ​ផែនការ​ជាតិ​ភស្តុភារកម្ម។

ក្នុង​ជំនួប​នេះ លោកស្រី Sunniya Durrani-Jamal បានកត់​សម្គាល់​ថា ក្រុម​បេសកកម្ម​ដែលមាន​និវេសដ្ឋាន​ប្រចាំ​កម្ពុជា​របស់​ធនាគារ​អភិវឌ្ឍន៍​អាស៊ី(CARM) បាន​នឹង​កំពុង​ដឹកនាំ​បេសកកម្ម​នៃ​កម្មវិធី​ឆ្នាំ​២០១៩ ដើម្បី​ពិនិត្យ​ឡើងវិញ និង​បញ្ជាក់​ជាមួយ​រាជ​រដ្ឋាភិបាល​កម្ពុជា អំពី​ការ​ផ្តល់​ជំនួយ និង​ប្រាក់​កម្ចី​សម្រាប់​ឆ្នាំ ២០១៩-២០២២៕

អត្ថបទ៖ សំភី

អត្ថបទថ្មី
;