សសរស្ពាន​កោះកុង​ដែល​ចាស់​ទ្រុឌទ្រោម ត្រូវបាន​ចាប់​ផ្តើម​ជួសជុល

  • 2019-02-13 02:19:25
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្រសួង​សាធារណការ និង​ដឹក​ជ​ញ្ចូ​ន ចាប់​ផ្តើម​ជួសជុល​កែលម្អ​ឱ្យ​ល្អប្រសើរ​ឡើងវិញនូវ​សសរស្ពាន​កោះកុង​ចំនួន​២៣​ដើម ​ដែលមាន​សភាព​ចាស់​ទ្រុឌទ្រោម​ខ្លាំង​ជា​យូរ​ឆ្នាំ​មកហើយ​។ គម្រោង​នេះ ធ្វើឡើង​បន្ទាប់​ពី​មាន​​ក្រុម​អ្នក​ជំនាញ​ការ ចុះពិនិត្យ​លក្ខណៈ​បច្ចេកទេស​ កាលពីដើមឆ្នាំ​២០១៨​។​

ប្រធាន​ការិយាល័យ​គ្រប់គ្រង​ប្រតិបត្តិការ និង​ស្ពាន​ផ្លូវ​ល្បឿន​លឿន បាន​ប្រាប់​កាសែត​រស្មី​កម្ពុជា កាលពី​ថ្ងៃទី​១២ កុម្ភៈ ឆ្នាំ​២០១៩ ថា ការងារ​កែលម្អ​ជួសជុល គឺ​នឹង​អនុវត្ត​រយៈពេល​១​ឆ្នាំ ចាប់ពី​ខែមករា​តទៅ ដោយ​ផ្តោត​សំខាន់​ទៅលើ​សសរ​ស្ពាន​ចំនួន​២៣​ជា​បណ្តោះអាសន្ន​ជាមុនសិន ជៀសវាង​ទទួលរង​ផល​ខូចខាត​បន្តទៀត​។

បើតាម​មន្ត្រី​ដដែល ក្រោយពី​គម្រោង​អនុវត្ត​ជួសជុល​ផ្នែក​ខាងក្រោម​ស្ពាន​កោះកុង​នេះ​រួចរាល់ ក្រុម​ការងារ​ជំនាញ​នឹង​សិក្សា​លម្អិត​បន្ថែម​ពី​គុណភាព​ស្ពាន ឬ​ចំណុច​ប្រេះស្រាំ​ទៀត ដើម្បី​ធ្វើ​រាយការណ៍​ជាក់លាក់​មួយ​ដាក់​ជូន​រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹក​ជ​ញ្ចូ​ន ពិនិត្យ​សម្រេច​បន្ត ថា​តើ​ត្រូវមាន​វិធានការ​ដោះស្រាយ​យ៉ាងណា​ទៀត។

​គួរ​ជម្រាប​ថា នេះ​លើកដំបូង​ហើយ ដែល​ក្រសួង​សាធារណការ បា​នប​ញ្ចូ​ន​ក្រុមមន្ត្រី​ជំនាញ និង​មន្ត្រី​មន្ទីរ​សាធារណការ​ខេត្ត ផ្តើម​ចុះមក​ពិនិត្យមើល​លក្ខណៈ​បច្ចេកទេស​នៃ​គុណភាព​ស្ពាន​ខេត្តកោះកុង បន្ទាប់ពី​ពិនិត្យ​ស្រាវជ្រាវ​កាលពី​ខែមករា ឆ្នាំ​២០១៨​ រកឃើញថា សសរស្ពាន​មួយចំនួន​ប្រេះស្រាំ ទាមទារ​ឱ្យមាន​ការជួសជុល​បន្ទា​ន់​។​

ស្ពាន​កោះកុង មាន​ប្រវែង​១៩០០​ម៉ែត្រ ដោយ​សាងសង់ឡើង​ឆ្លងកាត់​ដៃសមុទ្រ​ពី​ក្រុង​ខេមរភូមិន្ទ ខេត្តកោះកុង ឆ្ពោះទៅ​ស្រុក​មណ្ឌល​សី​ម៉ា ជាប់​ព្រំដែន​អន្តរជាតិ​ចាំ​យាម​។

​ ​ស្ពាន​ខេត្តកោះកុង ជា​គម្រោង​វិនិយោគទុន​ក្រុមហ៊ុន LYP Group របស់​អ្នកឧកញ៉ា លី យ៉ុង​ផាត់ ចាប់តាំងពី​ឆ្នាំ​២០០២​មកម្ល៉េះ​។ ប៉ុន្តែ​គិត​ត្រឹម​ថ្ងៃទី​២ ខែវិច្ឆិកា ឆ្នាំ​២០១៧ ប្រមុខ​រដ្ឋាភិបាល​កម្ពុ​ជា សម្តេច ហ៊ុន សែន ក៏បាន​ប្រកាស​ទិ​ញ​យក​ស្ពាន​កោះកុង​យកមក​គ្រប់គ្រង​ជា​ទ្រព្យសម្បត្តិ​រដ្ឋ​វិញ ដោយ​អនុ​ញ្ញ​ត​ឱ្យ​ប្រជាពលរដ្ឋ​ទូទៅ​ធ្វើដំណើរ​ទៅមក​លើ​ស្ពាន មិន​ចាំបាច់​បង់ប្រាក់​ដូន​មុន៕

ប្រភព៖ រស្មីកម្ពុជា ប្រែ​សម្រួល៖ សំភី

អត្ថបទថ្មី
;