អាជ្ញាធរជាតិអប្សរា៖ ការ​ទិញ-លក់​ដី​ធ្លី​ក្នុង​តំបន់​រមណីយដ្ឋាន​អង្គរ​គឺ​ខុស​ច្បាប់

  • 2019-02-14 02:35:28
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


យោង​តាម​ការ​ចុះផ្សាយ​របស់​វេបសាយ​ផ្លូវការ​អាជ្ញាធរ​ជាតិ​អប្សរា កាលពី​ថ្ងៃទី​៨កុម្ភៈ​ ឆ្នាំ​២០១៩​ បាន​ឲ្យដឹង​ថា អាជ្ញាធរ​ជាតិ​អប្សរា​សង្កេត​ឃើញ​មាន​ប្រកាស​លក់ដូរ​ដី​ធ្លី​ក្នុង​តំបន់​១ និង​តំបន់​២ នៃ​រមណីយដ្ឋាន​អង្គរ តាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​ព័ត៌មាន​សង្គម ដែល​នេះ ផ្ទុយ​នឹង​ច្បាប់​ដូច​មាន​ចែង​ក្នុង​ព្រះរាជក្រឹត្យ​លេខ​០០១ ន.ស ចុះ​ថ្ងៃ​ទី២៨ ខែ​ឧសភា ឆ្នាំ១៩៩៤ ស្តីពី​ការកំណត់ និង​ការ​ចាត់ចែង​គ្រប់គ្រង​តំបន់​សៀមរាប​អង្គរ និង​សេចក្តី​សម្រេច​លេខ​៧០ សសរ ចុះ​ថ្ងៃ​ទី១៦ ខែ​វិច្ឆិកា ឆ្នាំ២០០៤ របស់​រាជរដ្ឋាភិបាល ស្តីពី​ការ​កំណត់​បទដ្ឋាន​នៃ​ការ​ប្រើប្រាស់​ដីធ្លី​នៅ​តំបន់​១ និង​តំបន់​២។

ដើម្បី​ទប់ស្កាត់​សកម្មភាព​ផ្ទុយ​ពី​គោលការណ៍​ច្បាប់​ក្នុង​កិច្ចការ​អភិរក្ស និង​អភិវឌ្ឍន៍​រមណីយដ្ឋាន​អង្គរ​ប្រកប​ដោយ​ចីរភាព ព្រមទាំង​បញ្ចៀស​ការ​ខូចខាត​ផលប្រយោជន៍​របស់​សាធារណជន​ដែល​កើតឡើង​ពី​ការ​បោក​បញ្ឆោត​របស់​បុគ្គល​មួយ​ចំនួន​អំពី​ការ​ទិញ-លក់ដី​ធ្លី ក្នុង​តំបន់​រមណីយដ្ឋាន​អង្គរ អាជ្ញាធរជាតិ​អប្សរា​ បាន​សហការ​ជាមួយ​អាជ្ញាធរ​ភូមិ ឃុំ-សង្កាត់​នៃ​រដ្ឋបាល​សាលា​ខេត្តសៀមរាប ដំឡើង​ផ្ទាំង​ព័ត៌មាន​ហាម​ទិញ-លក់​ដី​ធ្លី​ក្នុង​តំបន់​រមណីយដ្ឋាន​អង្គរ។ ក្នុងនោះ មាន​ដូចជា ភូមិ​អញ្ចាញ ភូមិ​អារក្ស​ស្វាយ សង្កាត់​នគរធំ ចំនួន​ ៣ផ្ទាំង ភូមិ​ខ្វៀន សង្កាត់​គោកចក ចំនួន​១ផ្ទាំង ភូមិ​ជ្រៃ សង្កាត់​ទឹកវិល ចំនួន​១ផ្ទាំង ភូមិ​ថ្នល់ សង្កាត់​ស្រង៉ែ ចំនួន​១ផ្ទាំង។

ក្រៅពី​ទីតាំង​ដូច​រៀបរាប់​ខាងលើ អាជ្ញាធរជាតិ​អប្សរា​ នឹង​ដំឡើង​ផ្ទាំង​ព័ត៌មាន​នេះ​នៅ​តាម​ទីតាំង​ភូមិសាស្ត្រ​មួយ​ចំនួន​ទៀត​ដែល​សកម្មភាព​ទិញ-លក់​ដីធ្លី​កំពុង​តែ​កើត​ឡើង​។

សូម​ជម្រាប​ថា ក្នុង​ជំពូក​១ មាត្រា​៣ និង​មាត្រា​៤ នៃ​ព្រះរាជក្រឹត្យ​ខាងលើ​បញ្ជាក់​ថា តំបន់​១​ជា​តំបន់​ដែល​មាន​ស្ថានីយ​បុរាណ​វត្ថុ​សំខាន់​ៗ ហើយ​ត្រូវ​ទទួល​កិច្ច​ការពារ​ខ្ពស់​បំផុត។ ចំណែគ​តំបន់២ ជា​តំបន់​ដែល​សម្បូរ​សំណល់​បុរាណ​វត្ថុ ដែល​ត្រូវ​ការពារ​ទប់ទល់​នឹង​ការ​ប្រើប្រាស់​ដី​ធ្លី​ផ្តេសផ្តាស​ និង​ការ​អភិវឌ្ឍ​មិន​សមស្រប​។ តំបន់២ មាន​សារសំខាន់​ចម្បង​ ដោយសារ​ជា​តំបន់​ទ្រនាប់​សម្រាប់​ការពារ​តំបន់​១។

រីឯ​ក្នុង​ជំពូក​២ មាត្រា​៨ បញ្ជាក់​ថា ទិសដៅ​សំរាប់​តំបន់​ត្រូវ​ការពារ​នៃ​រមណីយដ្ឋាន​អង្គរ ត្រូវ​ប្រកាន់​ទិសដៅ​អភិវឌ្ឍន៍​ដូច​តទៅ៖ តំបន់​១ និង​តំបន់​២ ហាមឃាត់​ការ​អភិវឌ្ឍ​ក្នុង​រមណីយដ្ឋាន​មាន​ប្រាសាទ លើកលែងតែ​ការ​អភិវឌ្ឍ​ណា​ដែល​មាន​សារប្រយោជន៍​សម្រាប់​កិច្ច​ការពារ និង​ការ​លើកស្ទួយ​តម្លៃ​រមណីយដ្ឋាន​ ឬ​បុរាណ​វត្ថុ​នោះ ឬ​សម្រាប់​ការ​ថែរក្សា​របៀប​រស់នៅ​របស់​មនុស្ស​នៅ​តំបន់​នោះ​។

រាជរដ្ឋាភិបាល​កម្ពុជា​ ក៏​បាន​ចេញ​សេចក្តី​សម្រេច​លេខ​៧០.សសរ ដោយ​កំណត់​ដី​ធ្លី​ស្ថិត​ក្នុង​តំបន់​១ និង​តំបន់​២ នៃ​រមណីយដ្ឋាន​បេតិកភណ្ឌ​ពិភពលោក​អង្គរ​ ជា​ដី​ទ្រព្យ​សាធារណៈ​របស់​រដ្ឋ ដែល​អាជ្ញាធរ​ជាតិ​អប្សរា​មាន​ភារកិច្ច កាតព្វកិច្ច​ត្រូវ​គ្រប់គ្រង ថែរក្សា​ និង​អភិវឌ្ឍ​ប្រកប​ដោយ​ចីរភាព​។ រីឯ​ការ​ប្រើប្រាស់​ដី​ធ្លី​ ក្នុង​តំបន់​១ និង​តំបន់​២ ត្រូវ​បាន​កំណត់​ដូច​តទៅ៖

១- ប្រជាពលរដ្ឋ​ដែល​មាន​លំនៅឋាន និង​រស់នៅ​យូរ​លង់​មក​ហើយ អាច​បន្ត​រស់នៅ​ត​ទៅ​ទៀត​ បាន​ដោយ​មិន​មាន​ការ​ដេញ​ឲ្យ​ចាកចេញ​ពី​ភូមិឋាន​ឡើយ

២- ប្រជាពលរដ្ឋ​អាច​រុះរើ​ជួសជុល​ផ្ទះ​ចាស់​ទ្រុឌទ្រោម ឬ​សាងសង់​ផ្ទះ​ថ្មី​ជំនួស​ផ្ទះ​ចាស់​បាន​ ដោយ​មាន​ការ​សុំ​អនុញ្ញាត​ពី​សមត្ថកិច្ច​នៃ​អាជ្ញាធរ​ជាតិ​អប្សរា

៣- ប្រជាពលរដ្ឋ​មាន​សិទ្ធិ​គ្រប់គ្រង​ និង​ចាត់ចែង​ដី​ធ្លី​តាម​រូបភាព​ ដូចជា ផ្ទេរ​មរតក​ទៅ​ឲ្យ​ញាតិ​សន្តាន​ពី​ឪពុកម្តាយ​ទៅ​កូន​ក្មួយ ឬ​លក់​ដូរ​ឲ្យ​អ្នក​ភូមិ​ផង​ជាមួយ​គ្នា​ ដើម្បី​ដោះស្រាយ​ជីវភាព ប៉ុន្តែ​ហាម​ឃាត់​លើ​សកម្មភាព​ទិញ-លក់​ដី​របស់​ឈ្មួញ ក្នុង​គោលដៅ​ធ្វើ​អាជីវកម្ម​យក​ចំណេញ សម្រាប់​ក្រុមហ៊ុន​ ឬ​បុគ្គល ឬ​ការ​ទិញ-លក់​សម្រាប់​យក​ទៅ​សាងសង់​សណ្ឋាគារ ភោជនីយដ្ឋាន ខារ៉ាអូខេ ជាដើម​។

អាជ្ញាធរ​ជាតិ​អប្សរា អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ​ធ្វើការ​ទំនាក់ទំនង​មក​កាន់​អាជ្ញាធរ​ជាតិ​អប្សរា នូវ​រាល់​ចម្ងល់​ទាំងឡាយ​ណា ពាក់ព័ន្ធ​នឹង​ការ​គ្រប់គ្រង​ដី​ធ្លី​ ក្នុង​តំបន់​រមណីយដ្ឋាន​បេតិកភណ្ឌ​ពិភពលោក​អង្គរ​ តាម​លេខ​ទូរសព្ទ ០៩២ ៨៩ ៩៩ ៦៦ ឬ​តាម​លេខ​ទូរសព្ទ​ថ្នាក់ដឹកនាំ​អាជ្ញាធរ​ជាតិ​អប្សរា ដែល​បាន​ប្រកាស​ តាម​គេហទំព័រ​ផ្លូវការ​របស់​អាជ្ញាធរជាតិអប្សរា www.apsaraauthority.gov.kh៕

អត្ថបទ៖ លាភ.

អត្ថបទថ្មី
;