រដ្ឋបាល​រាជធានី​ភ្នំពេញ នឹង​បំពាក់​អំពូល​ភ្លើង​ឆ្លាត​វៃ នៅ​តាម​ផ្លូវ​សាធារណៈ​

  • 2019-02-21 07:22:56
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


រដ្ឋបាល​រាជធានី​ភ្នំពេញ នឹង​ធ្វើការ​រៀបចំ​កែ​លម្អ​ភ្លើង​បំភ្លឺ​ផ្លូវ​សាធារណៈ​ក្នុង​រាជធានី​ភ្នំពេញ ពី​អំពូល​ភ្លើង​ធម្មតា​ មក​ប្រើ​អំពូល​ភ្លើង​ឆ្លាតវៃ តាម​បច្ចេកវិជ្ជា ទំនើប​ទាន់​សម័យ​សន្សំសំចៃ​ភ្លើង​ដែល​ផលិត​ដោយ​ក្រុមហ៊ុន Minebea Cambodia របស់​ប្រទេស​ជប៉ុន។ នេះបើយោងតាម​ការ​ចុះ​ផ្សាយ​របស់ AKP នៅ​ថ្ងៃទី​២១ ខែ​កុម្ភៈ ឆ្នាំ​២០១៩​។

រដ្ឋបាល​រាជធានី​ភ្នំពេញ​បាន​រៀបចំ​ពិធី​ចុះហត្ថលេខា លើ​កិច្ច​ព្រមព្រៀង​ការ​ដាក់​ឲ្យ​ដំណើរការ​ និង​ការ​ថែទាំ​សេវា​ភ្លើង​បំភ្លឺ​ផ្លូវ​សាធារណៈ​ តាម​ប្រព័ន្ធ​គ្រប់គ្រង​ទីក្រុង​វៃឆ្លាត ក្នុង​រាជធានី​ភ្នំពេញ (Smart lighting System) រវាង​ក្រុមហ៊ុន Minebea Cambodia និង​ក្រុមហ៊ុន PPDE & C ដែល​ត្រូវ​រៀបចំ​ដំឡើង​។

ពិធី​ចុះ​ហត្ថលេខា​នេះ បាន​ប្រព្រឹត្ដ​ទៅ​កាល​ពី​រសៀល​ថ្ងៃ​ពុធ ទី​២០ ខែ​កុម្ភៈ ឆ្នាំ​២០១៩  នៅ​សាលា​រាជធានី​ភ្នំពេញ ក្រោម​អធិបតីភាព​លោក​ ឃួង ស្រេង អភិបាល​រាជធានី​ភ្នំពេញ និង​លោក យូស៊ីហ៊ីសា កៃណឺម៉ា អគ្គ​នាយក​ក្រុមហ៊ុន Minebea Mitsumi ជប៉ុន​។

លោក យូស៊ីហ៊ីសា កៃណឺម៉ា អគ្គ​នាយក​ក្រុមហ៊ុន Minebea ជប៉ុន បាន​ឲ្យ​ដឹង​ថា អំពូល​ភ្លើង​ឆ្លាតវៃ​ប្រភេទ LEDដែល​ក្រុមហ៊ុន Minebea នឹង​ផ្គត់ផ្គង់​សម្រាប់​បំភ្លឺ​ផ្លូវ​សាធារណៈ​ ក្នុង​រាជធានី​ភ្នំពេញ​ គឺ​ជា​អំពូល​ភ្លើង​ដែល​អាច​សន្សំសំចៃ​ថាមពល​អគ្គិសនី​រហូត​ដល់ ៨០​ភាគរយ បើ​ប្រៀបធៀប​នឹង​អំពូល​ភ្លើង​ធម្មតា។ គេ​អាច​ដំឡើង ឬ​បន្ថយ​ពន្លឺ​ តាម​រយៈ​ទូរ​បញ្ជា​ តាម​ស្ថានភាព​ជាក់ស្តែង​នៃ​ចរាចរណ៍​ តាម​ដង​ផ្លូវ​ដែល​ក្រុមហ៊ុន​បាន​ប្រើប្រាស់ សាកល្បង​រួច​ហើយ​តាម វិថី​សំខាន់​ៗ​ចំនួន ​៣​គឺ៖ មហាវិថី​ព្រះនរោត្តម, មហាវិថី​សហព័ន្ធ​រុស្ស៊ី​វិថី និង​វិថី​សម្តេច​តេជោ​ហ៊ុនសែន ជា​អំពូល​ភ្លើង​ដែល​ធានា​បាន​នូវ​សោភណភាព និង​បរិស្ថាន​យ៉ាង​ល្អ​ប្រសើរ​៕

អត្ថបទ៖ លាភ.

អត្ថបទថ្មី
;