កម្ពុជា-វៀតណាម ចុះ​កិច្ចព្រមព្រៀង​៥ ពាក់ព័ន្ធ​នឹង​ដឹកជញ្ជូន ពាណិជ្ជកម្ម ទេសចរណ៍ និង​ការសង់​អគារ​​រដ្ឋសភា

  • 2019-02-26 06:53:11
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្រោយ​ជំនួប​ទ្វេភាគី នាព្រឹកថ្ងៃទី២៦ ខែកុម្ភៈ ​ឆ្នាំ២០១៩ នៅ​វិមាន​សន្តិភាព សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន និង​លោក ង្វៀង ហ៊្វូជុង ប្រមុខរដ្ឋ​វៀតណាម បាន​អញ្ជើញ​ជាអធិបតី​ក្នុង​ពិធី​ចុះ​ហត្ថលេខា​លើឯកសារ​ចំនួន៥​ រួមមាន៖

១. ពិធី​សារ​ស្តី​ពី​វិសោធនកម្ម​លើ​ពិធីសារ​សម្រាប់​អនុវត្ត​កិច្ច​ព្រមព្រៀង​រវាង​កម្ពុជា-វៀតណាម ស្តីពី​ការ​ដឹក​ជញ្ជូន​ផ្លូវគោក ដែល​ចុះ​ហត្ថលេខា​ដោយ​លោក ង្វៀន វ៉ាន់ថេរ (Nguyen Van The)រដ្ឋមន្ត្រី​ក្រសួង​ដឹកជញ្ជូន​វៀតណាម និង​លោក តូច ចាន់កុសល រដ្ឋមន្ត្រី​ស្តីទី​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន​កម្ពុជា។

២. សេចក្ដី​បន្ថែម​ស្តីពី​ការ​កែប្រែ​មាត្រា៦ និង​មាត្រា១៧ នៃ​កិច្ចព្រមព្រៀង​រវាង​កម្ពុជា-វៀតណាម ស្តីពី​ការ​ដឹក​ជញ្ជូន​ផ្លូវទឹក ចុះហត្ថលេខា​ដោយ លោក ង្វៀន វ៉ាន់ថេរ (Nguyen Van The) រដ្ឋមន្ត្រី​ក្រសួង​ដឹក​ជញ្ជូន​វៀតណាម និង​លោក តូច ចាន់កុសល រដ្ឋមន្ត្រី​ស្តីទី​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន​កម្ពុជា។

៣. អនុស្សារណៈ​នៃការ​យោគយល់គ្នា​ ស្តីពី​ការ​ផ្តល់​ហិរញ្ញប្បទាន​ឥត​សំណង ២៥លាន​ដុល្លារ​ សម្រាប់​ការ​អនុវត្ត​គម្រោង​សាងសង់​អគារ​រដ្ឋបាល​របស់​រដ្ឋសភា ដែល​ចុះហត្ថលេខា​ដោយ លោក ឌីញ គៀនយ៉ុង (Dinh Tien Dzung) រដ្ឋមន្ត្រី​ក្រសួង​ហិរញ្ញវត្ថុ​វៀតណាម និង​លោក ឡេង ប៉េងឡុង អគ្គលេខាធិការ​រដ្ឋសភា​ជាតិ​កម្ពុជា។

៤. ការ​ចុះ​ហត្ថលេខា​លើ​កិច្ចសម្រប​សម្រួល​ជំរុញ​ពាណិជ្ជកម្ម​ទ្វេភាគី​រវាង​កម្ពុជា-វៀតណាម ស្តីពីការ​អនុគ្រោះ​ពន្ធ​សម្រាប់​ឆ្នាំ ២០១៩-២០២០ ដែល​ចុះហត្ថលេខា​ដោយ លោក Tran Tuan Anh រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម​វៀតណាម និង​លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម​កម្ពុជា។

៥. ការ​ចុះហត្ថលេខា​លើ​អនុស្សារណៈ​នៃការ​យោគយល់​គ្នា ស្តីពី​កិច្ចសហប្រតិបត្តិការ​ទេសចរណ៍​ សម្រាប់ឆ្នាំ​២០១៩-២០២១ រវាង​ក្រសួង​ទេសចរណ៍​កម្ពុជា និង​ក្រុមហ៊ុន​អាកាសចរណ៍​វៀតណាម ដែល​ចុះហត្ថលេខា​ដោយ លោក Duong Tri Thanh ជា​ប្រធាន និងជា​នាយក​ប្រតិបត្តិ​ក្រុមហ៊ុន​អាកាសចរណ៍​វៀតណាម និង​លោក ថោង ខុន រដ្ឋមន្ត្រី​ក្រសួង​ទេសចរណ៍​កម្ពុជា៕

អត្ថបទ៖ សំភី

អត្ថបទថ្មី
;