សីតុណ្ហភាពនៅកម្ពុជា នឹងហក់ឡើងដល់ ៤២អង្សារសេ នៅខែមេសា និងឧសភាខាងមុខ
- 2019-03-12 09:20:27
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
សីតុណ្ហភាពនៅកម្ពុជា នឹងហក់ឡើងដល់ ៤២អង្សារសេ នៅខែមេសា និងឧសភាខាងមុខ
ចន្លោះមិនឃើញ
ក្រសួងធនធានទឹក និងឧតុនិយម បានឱ្យដឹងថា ក្នុងក្របខណ្ឌទូទាំងប្រទេស សីតុណ្ហភាពអតិបរមាមធ្យមនឹងស្ថិតក្នុងរង្វន់ពី ៣៦ ដល់ ៣៨អង្សារសេ។ ប៉ុន្តែនៅក្នុងខែមេសា និងខែឧសភា ធាតុអាកាសនឹងមានសភាពក្តៅហួតហែងខ្លាំង ហើយនៅពេលខ្លះ សីតុណ្ហភាពអតិបរមា នឹងហក់ឡើងដល់ ៤០-៤២អង្សារសេ ពិសេសនៅតំបន់ទំនាបកណ្តាលភាគពាយព្យ និងតំបន់ខ្ពង់រាបភាគខាងជើង។ នេះបើតាមសេចក្តីជូនដំណឹងរបស់ក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី១២ ខែមីនា ឆ្នាំ២០១៩។
ក្រសួងបន្តថា នៅក្នុងខែមេសា និងឧសភា មានភ្លៀងកក់ខែមានតិច ហើយអាចមានបាតុភូតផ្គរ រន្ទះ និងខ្យល់កន្ត្រាក់កើតមានច្រើន។
ការជូនដំណឹងខាងលើនេះ បន្ទាប់ពីក្រសួងបានព្យាករឃើញថា បាតុភូត El Nino នៅតែបន្តមានឥទ្ធិពលគ្របដណ្តប់លើផ្នែកជាច្រើននៃពិភពលោក និងតំបន់។ ដោយឡែកចំពោះកម្ពុជា នៅក្នុងរដូវប្រាំង និងដើមរដូវវស្សាឆ្នាំ ២០១៩នេះ នឹងបន្តទទួលរងឥទ្ធិពលបាតុភូត El Nino នេះ ក្នុងកម្រិត ៦០% និង ៤០% ទៀត ទទួលរងឥទ្ធិពលពីបាតុភូតអន្តរកាល (បាតុភូតដែលនៅចន្លោះរវាង El Nino និង La Nina)។
រដូវប្រាំងនៅកម្ពុជា នឹងបន្តអូសបន្លាយដល់ពាក់កណ្តាលខែឧសភា។
ជាមួយគ្នានេះ ក្រសួងក៏បានអំពាវនាវឱ្យបន្តចូលរួមថែរក្សាទឹកទុកសម្រាប់ប្រើប្រាស់ក្នុងជីវភាពប្រចាំថ្ងៃ និងអំពាវនាវដល់សាធារណជន បង្កើនការយកចិត្តទុកដាក់ប្រុងប្រយ័ត្នខ្ពស់ចំពោះបាតុភូតរន្ទះ និងខ្យល់កន្រ្តាក់៕