លោក ឃួង ស្រេង ស្នើឱ្យ​ ADB ជួយ​សង់ផ្លូវអម​ផ្លូវរថភ្លើង ក្រោយ​សាលា​តិចណូ ដល់ផ្លូវ​ឈ្នះឈ្នះ

  • 2019-03-14 03:25:46
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


លោក ឃួង ស្រេង អភិបាល​រាជធានី​ភ្នំពេញ បាន​ស្នើឱ្យ​ធនាគារ​អភិវឌ្ឍន៍​អាស៊ី (ADB) ជួយ​ស្ថាបនា​ផ្លូវ​អម​ផ្លូវរថភ្លើង​ប្រវែង​ជាង ១០​គីឡូម៉ែត្រ ចាប់ពី​ក្រោយ​វិទ្យាស្ថាន​បច្ចេក​វិទ្យា​កម្ពុជា (សាលា​តិចណូ)ដល់​មហាវិថី​ឈ្នះ ឈ្នះ( អូឌឹម)។ សំណើ​នេះ ធ្វើឡើង​ក្នុងពេល​ដែល​លោក ឃួង ស្រេង ទទួល​ជួប​ពិភាក្សា​ការងារ ជាមួយ​លោ​ស្រី Sunniya Durrani-Jamal នាយក​ ADB ប្រចាំ​កម្ពុជា កាលពី​ព្រឹក​ថ្ងៃទី​១៣ ខែ​មីនា ឆ្នាំ​២០១៩ នៅ​សាលា​រាជធានី​ភ្នំពេញ។

លោក​អភិបាល​រាជធានី បញ្ជាក់ថា ផ្លូវនេះ​ពិតជា​មានសារៈសំខាន់​ក្នុងការ​ដោះស្រាយ​បញ្ហា​កកស្ទះ​ចរាចរណ៍​លើ​បណ្តោយ​ផ្លូវរុស្ស៊ី និង​ស្របពេល​ដែល​រាជរដ្ឋាភិបាល គ្រោងនឹង​បើកផ្លូវថ្មីមួយ​ទៀតចាប់​ពី​មហាវិថី​ឈ្នះ ឈ្នះ(អូឌឹម) រហូត​ទៅដល់​ក្រុង​ព្រះសីហនុ ដែល​ជាប្រភេទ​ផ្លូវ BOT (ផ្លូវល្បឿនលឿន)។

ជាការ​ឆ្លើយតប​លោ​ស្រី Sunniya Durrani-Jamal ​បាន​ទទួល​យកការ​ស្នើសុំ​ពី​រដ្ឋបាល​រាជធានីភ្នំពេញ​ ដោយ​រង់ចាំ​ឱ្យ​ក្រុម​ការងារ​ចុះ​ធ្វើការ​សិក្សា លើ​បញ្ហា​កកស្ទះ​ចរាចរណ៍ ដើម្បីរក​វិធានការ​ដោះស្រាយ។ ប៉ុន្តែ​ទោះបីជា​យ៉ាងណាក្តី​ លោកស្រី​បាន​បញ្ជាក់​ថា ការ​ដោះស្រាយ​ជួយជ្រោមជ្រែង​ទៅលើ​សំណើ​របស់​រដ្ឋបាលរាជធានី​ភ្នំពេញ នឹង​ធ្វើឡើង​ជាកញ្ចប់​ធំមួយ ដោយមិនអាច​ធ្វើឡើង​ដាច់​ដោយឡែក​នោះ​ទេ ហើយ​ការងារ​ជាច្រើន​ខាង ADB ក៏បាន​ជួប​ពិភាក្សា​ជាមួយ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​ហើយដែរ។

ក្នុង​ជំនួប​ពិភាក្សា​ការងារ​នេះ នាយក ADB ក៏បាន​កោតសរសើរ​ចំពោះ​ភាពរីកចម្រើន​របស់​រាជធានីភ្នំពេញ​ក្នុងរយៈពេល​ប៉ុន្មានឆ្នាំ​ចុងក្រោយ​នេះ ដោយមាន​កំណើន​យានយន្ត កំណើន​មនុស្ស និង​កំណើន​អចលនទ្រព្យ​ផងដែរ៕

អត្ថបទ និងរូបថត៖ វិបសាយ​ក្រសួងព័ត៌មាន

អត្ថបទ៖ សំភី

អត្ថបទថ្មី
;