អាកាសយានដ្ឋានភ្នំពេញថ្មី គ្រោងនឹងចាប់ផ្តើមសាងសង់នៅដើមឆ្នាំ២០២៤
- 2019-03-15 08:38:20
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អាកាសយានដ្ឋានភ្នំពេញថ្មី គ្រោងនឹងចាប់ផ្តើមសាងសង់នៅដើមឆ្នាំ២០២៤
ចន្លោះមិនឃើញ
បើមិនមានការប្រែប្រួលទេ ការសាងសង់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញថ្មី ដែលមានភូមិសាស្ត្រនៅក្នុងស្រុកកណ្ដាលស្ទឹង និងខេត្តតាកែវ គ្រោងចាប់ផ្ដើម នៅដើមឆ្នាំ ២០២៤ខាងមុខ។ នេះបើតាមប្រសាសន៍ លោកឧកញ៉ា ពុង ឃាវសែ។
អគ្គនាយកក្រុមហ៊ុន OCIC បានថ្លែងប្រាប់អ្នកព័ត៌មានក្នុងឱកាសចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នា ស្ដីពីកិច្ចសហប្រតិបត្តិការលើវិស័យសំណង់រវាងសមាគមអ្នកសាងសង់កម្ពុជា និងភ្នាក់ងារលើកម្ពស់ពាណិជ្ជកម្ម និងការវិនិយោគកូរ៉េ (Kotra) កាលពីព្រឹកថ្ងៃទី ១៤ មីនា ឆ្នាំ២០១៩។
លោកឧកញ៉ា ពុង ឃាវសែ បន្ថែមថា បច្ចុប្បន្នតំបន់ ដែលនឹងត្រូវបានសាងសង់ព្រលានយន្តហោះនោះ គឺកំពុងបានដំណើរការរ៉ាវរកគ្រប់មីន និងគ្រាប់អាវុធយុទ្ធភណ្ឌមិនទាន់ផ្ទុះ ដែលក្នុងមួយថ្ងៃគឺគេអាចរាវរកគ្រាប់មីនបានក្នុងទំហំដីពី ៥ហិចតា ទៅ ៦ហិចតា លើផ្ទៃដីគ្រោងសាងសង់ព្រលានប្រមាណជាង ២ ៦០០ហិចតា ដោយត្រូវចំណាយពេល ៨ខែ ទើបហើយរួចរាល់។ ដីសាងសង់ព្រលានយន្តហោះអន្តរជាតិលំដាប់ 4Fនេះ បច្ចុប្បន្ន ប្រមូលដីបានប្រមាណជាង ១ ០០០ហិចតារួចហើយ ពោលគឺប្រមូលបាន៤០% នៅសល់៦០%ទៀត កំពុងរៀបចំដោះស្រាយ។
ឧកញ៉ា ពុង ឃាវសែ ឱ្យដឹងទៀតថា សម្រាប់ការសង់ព្រលានយន្តហោះនៅក្នុងទឹកដីស្រុកកណ្ដាលស្ទឹងនោះ កន្លងមក មានក្រុមហ៊ុនធំៗបី នៅក្នុងពិភពលោក បានដេញថ្លៃសាងសង់ ប៉ុន្តែចុងក្រោយ កម្ពុជាសម្រេចឲ្យក្រុមហ៊ុនដ៏ធំមួយរបស់ប្រទេសអង់គ្លេសជាអ្នកទទួលសាងសង់។
ការសាងសង់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញថ្មីខ្នាត ៤F នឹងត្រូវសាងសង់លើផ្ទៃដី ២ ៦០០ ហិកតា ចន្លោះខេត្តកណ្ដាល និងខេត្តតាកែវ។ ការសម្រេចនេះ ធ្វើឡើងក្រោយបញ្ចប់កិច្ចប្រជុំអន្តរក្រសួង នៅទីស្ដីការក្រសួងរៀបចំដែនដីនគររូបនីយកម្ម និងសំណង់ ដែលមានលោក ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី និងជាប្រធានគណៈកម្មការបានដឹកនាំកិច្ចប្រជុំលើកទី១ ដោយមានការចូលរួមពី ឯកឧត្ដម ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល និងជាអនុប្រធានគណៈកម្មការ, លោក ម៉ៅ ភិរុណ អភិបាលខេត្តកណ្ដាល និងជាសមាជិកអចិន្ត្រៃយ៍ នៃគណៈកម្មការ រួមទាំង សមាជិកគណៈកម្មការទាំងអស់ និងតំណាងក្រុមហ៊ុន ខេមបូឌា អ៊ែរផត អ៊ិនវេសមិន ខូអិលធីឌី ឯ.ក។ កិច្ចប្រជុំនេះ ធ្វើឡើងដោយអនុវត្តតាមសេចក្ដីសម្រេច របស់រាជរដ្ឋាភិបាល ស្ដីពីការបង្កើតគណៈកម្មការរៀបចំទីតាំងគម្រោងសាងសង់អាកាសយានដ្ឋាន អន្តរជាតិភ្នំពេញថ្មីកាលពីថ្ងៃទី ១៨ ខែកុម្ភៈ ឆ្នាំ ២០១៥ ។
គម្រោងព្រលានយន្តហោះ ដែលគ្រោងវិនិយោគទឹកប្រាក់ ១ ៥០០លានដុល្លារអាមេរិក រាជរដ្ឋាភិបាលបានកាន់កាប់១០% ឯក្រុមហ៊ុន លោកឧកញ៉ា ពុង ឃាវសែ កាន់កាប់ភាគហ៊ុន៩០%។ ការចំណាយថវិកាទាំង ១ ៥០០លានដុល្លារនេះ បានមកពីកម្ចីធនាគារបរទេស ១ ១០០ លានដុល្លារ ២៨០ លានដុល្លារជារបស់ក្រុមហ៊ុន OCIC និង ២៨០លានដុល្លារទៀត សម្រាប់ចុះបញ្ជីពាណិជ្ជកម្ម។
កាលពីថ្ងៃទី២៨ ខែកុម្ភៈ កន្លងមកនេះ លោកឧកញ៉ា ពុង ឃាវសែ បានថ្លែងថា ការសាងសង់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញថ្មី គឺត្រូវចំណាយពេលសាងសង់ចន្លោះពី ៥ ឆ្នាំទៅ ១០ ឆ្នាំ ទើបសាងសង់រួចជាស្ថាពរ។ លោកបានថ្លែងអំណរគុណដល់រាជរដ្ឋាភិបាលដែលផ្ដល់ទំនុកទុកចិត្តឱ្យទទួលកិច្ចការដ៏ធំសម្បើម និងជាប្រវត្តិសាស្ត្រនេះ បើទៅជាលោកមានវ័យកាន់តែច្រើនយ៉ាងណាក្ដី៕