២២ឆ្នាំ កូរ៉េ​ខាងត្បូង​ផ្តល់​លុយ​ឱ្យ​កម្ពុជា​ជាង ៦៣០លាន​ដុល្លារ ហើយ​បន្ត​ផ្តល់ ៧០០លាន​ដុល្លារ​ទៀត

  • 2019-03-15 09:17:51
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


គិតពីឆ្នាំ​១៩៩៦ មកដល់​ឆ្នាំ​២០១៨ រដ្ឋាភិបាល​សាធារណរដ្ឋ​កូរ៉េ បាន​ផ្ដល់​ហិរញ្ញប្បទាន​ប្រមាណ ៦៣២ លាន​ដុល្លារ​ឱ្យ​កម្ពុជា ក្នុងនោះ​ហិរញ្ញប្បទាន​ឥតសំណង​មានប្រមាណ​ជា៣០០ លានដុល្លារ។ នេះបើតាម​ការ​ថ្លែង​របស់​សម្តេច​នាយករដ្ឋមន្រ្តី ហ៊ុន សែន ក្នុង​វេទិកា​ធុរកិច្ចកម្ពុជា-កូរ៉េ​ខាងត្បូង នាថ្ងៃទី​១៥ ខែមីនា ឆ្នាំ​២០១៩។

សម្តេច​បន្ត​ថា សម្រាប់ឆ្នាំ​២០១៩ ដល់ ២០២៣ សាធារណរដ្ឋ​កូរ៉េ បាន​បន្ត​ផ្តល់​ឥណទាន​សម្បទាន​សរុប​ចំនួន​ ៧០០​លាន​ដុល្លារ ដែល​រដ្ឋាភិបាល​ទាំងពីរ​ទើបតែ​ចុះហត្ថលេខា​លើ​កិច្ចសម្របសម្រួល​ក្របខណ្ឌ​ស្ដីពី​ការផ្ដល់​ឥណទាន​សម្បទាន​នៃ​មូលនិធិ​សហប្រតិបត្ដិការ​អភិវឌ្ឍន៍​សេដ្ឋកិច្ច។ កិច្ចព្រមព្រៀង​នេះ ​ផ្ដោតលើ​ហេដ្ឋារចនាសម្ព័ន្ធ​វិស័យ​ធនធាន​ទឹក និង​សុខមាលភាព​សាធារណៈ វិស័យ​អប់រំ និង​បណ្ដុះបណ្ដាល​ធនធាន​មនុស្ស និង​វិស័យ​អភិវឌ្ឍន៍​ជនបទ​មាន​ជាអាទិ៍ គម្រោង​បង្កើត​មជ្ឈមណ្ឌល​បណ្តុះ​បណ្តាល​អាកាសចរ​ស៊ីវិល គម្រោង​ស្ដារផ្លូវជាតិ​លេខ២ និង​ផ្លូវជាតិ​លេខ២២ ជាមួយ​នឹង​ទំហំនៃ​ការ​វិភាគទាន​ដ៏ច្រើន​របស់​រដ្ឋាភិបាល និង​ប្រជាជន​សាធារណរដ្ឋ​កូរ៉េ​ ដែលបាន​ជួយដល់​កា​រស្ដារ ​កសាង និង​អភិវឌ្ឍន៍។

សម្តេច​តេជោ​លើកឡើង​ថា កម្ពុជា និង​កូរ៉េ​ខាងត្បូង មាន​ទំនាក់ទំនង​ល្អ​ជាមួយ​គ្នា ជាយូរណាស់​មកហើយ​ ប៉ុន្តែ​ទំនាក់ទំនង​នេះ​ត្រូវបាន​ផ្អាក​មួយរយៈ​ដោយសារ​បញ្ហា​សង្គ្រាម​ស៊ីវិល​នៅ​កម្ពុជា។ ទំនាក់ទំនង​ការទូត​នេះ ត្រូវបាន​តភ្ជាប់​ឡើងវិញ​នៅថ្ងៃទី​៣០ ខែ​តុលា​ ឆ្នាំ១៩៩៧ បន្ទាប់ពី​សម្តេច​បានធ្វើទស្សនកិច្ច​នៅកូរ៉េ​ខាងត្បូង នាខែ​កក្កដា ឆ្នាំ​១៩៩៦ និងបាន​សម្រេច​ឲ្យមាន​ការ​ចាប់ផ្ដើម​ឡើងវិញ​នូវ​ទំនាក់ទំនង​ការទូត​រវាង​ប្រទេស​ទាំងពីរ ជា​មិត្តភាព និង​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី។

ក្នុង​វេទិកា​នេះ​ដែរ ប្រមុខ​រាជរដ្ឋាភិបាល​បាន​អំពាវនាវឱ្យ​វិស័យ​ឯកជន និង​អ្នក​វិនិយោគ​កូរ៉េ ដែល​មិនទាន់​បាន​មក​កម្ពុជា អញ្ជើញ​មក​សិក្សា​ស្វែងយល់​អំពី​សក្តានុពល និង​កាលានុវត្តភាព​វិនិយោគ​នៅកម្ពុជា​ ព្រមទាំង​សម្រេច​ចិត្ត​បណ្ដាក់​ទុន​វិនិយោគ ដើម្បី​ចូលរួម​អភិវឌ្ឍ​ប្រទេស​កម្ពុជា នឹង​ទាញយក​ផលប្រយោជន៍​ជា​អតិបរមា៕

រូបថត៖ ហ្វេសប៊ុក​សម្តេច ហ៊ុន សែន

អត្ថបទ៖ សំភី

អត្ថបទថ្មី
;