កម្ពុជា គ្រោង​ប្រើប្រាស់​អគ្គិសនី​ចេញពីនាវាផ្ទុក​ម៉ាស៊ីនភ្លើង​របស់​តួកគី ខណៈ​ខ្វះខាត​ភ្លើង​ដល់ ៤០០​មេហ្គាវាត់

  • 2019-03-17 02:57:22
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


រាជ​រដ្ឋាភិបាល​កម្ពុជា កំពុង​រង់ចាំ​ការ​ឆ្លើយតប​ពី​សាធារណរដ្ឋ​តួកគី ដើម្បី​បញ្ជូន​នាវា​ដែល​ផ្ទុក​ម៉ាស៊ីន​ភ្លើង​ដ៏ធំ​សម្រាប់​ផ្តល់​អគ្គិសនី​ប្រើប្រាស់​ក្នុងរយៈពេល​ប៉ុន្មាន​ខែ​នេះ។ នេះបើតាម​ការ​ថ្លែង​បញ្ជាក់​របស់​សម្តេច​នាយករដ្ឋមន្រ្តី ហ៊ុន សែន ក្នុង​ពិធី​បើក​បុណ្យ​ទន្លេ​ នៅខេត្ត​កំពង់ឆ្នាំង កាលពីយប់ថ្ងៃទី១៦ ខែមីនា ឆ្នាំ​២០១៩។

រូបតំណាង
សម្តេច​បាន​លើកឡើង​ថា កត្តា​ប្រែប្រួល​អាកាសធាតុ​ បាន​ធ្វើឱ្យ​កម្ពុជា​ជួបប្រឈម​នឹង​បញ្ហា​គ្រោះ​រាំងស្ងួត​ ដែលមាន​រយៈពេល​រហូត​ដល់ខែ​មិថុនា ឆ្នាំ​២០១៩ ។ ទន្ទឹមនឹង​នេះដែរ កម្ពុជា​ក៏​កំពុង​ជួប​បញ្ហា​ខ្វះខាត​ភ្លើង​ប្រើប្រាស់​រហូត​ដល់ ៤០០​មេហ្គាវាត់ ដែល​ទំហំ​នេះ​អាចនឹង​កើនឡើង​ថែមទៀត។

សូមបញ្ជាក់​ថា វារី​អគ្គីសនី​ដែល​កម្ពុជា​មាន​សព្វថ្ងៃ​នេះ គឺ​ដំណើរការ​បានដោយ​មានទឹក​ប្រើប្រាស់​គ្រប់គ្រាន់។ ដូច្នេះ​ប្រសិន​បើមិន​មាន​ទឹក​គ្រប់គ្រាន់​ទេ គឺវារី​អគ្គិសនី​នឹង​ប្រឈម​បញ្ហា​ផលិត​ថាមពល​អគ្គីសនី​មិនខាន។

សម្តេច ហ៊ុន សែន បន្តថា នៅពេលនេះ រាជ​រដ្ឋាភិបាល​កម្ពុជា​បាននឹង​កំពុង​ខិតខំ​ដោះស្រាយ​បញ្ហា​ដោយ​បន្ថែម​ម៉ាស៊ីន​ភ្លើង​ជាច្រើន​គ្រឿង​ដើម្បី​ចែកចាយ​ភ្លើង។ វិធានការ​ជាបន្ទាន់​នៅពេល​នេះ គឺដើម្បី​ជំរុញ​ឱ្យ​សង្វាក់​ផលិតកម្ម​ទាំងអស់ ពិសេស​ផលិតកម្ម​ម៉ាស៊ីន​កិនស្រូវ អាច​បន្ត​ដំណើរការ​កែច្នៃ​ផលិតផល​ស្រូវអង្ករ​ទៅបាន ជៀសវាង​ទទួល​រងនូវ​ផល​ប៉ះពាល់​នានា។

សម្តេច ហ៊ុន សែន ថ្លែងនាពេលកន្លងមក

ជាមួយ​គ្នានេះ សម្តេច​ក៏បាន​អំពាវនាវឱ្យ​ប្រជាពលរដ្ឋ​ទូទាំង​ប្រទេស និង​អាជីវករ​ទាំងអស់ យោគយល់ អធ្យាស្រ័យ​ក្នុង​ករណី​ដែលនៅ​ទីកន្លែងខ្លះ​មានដាច់​ភ្លើង និងការ​ខ្វះភ្លើង​ប្រើ ព្រមទាំងស្នើឱ្យ​ប្រើប្រាស់​ភ្លើង​ដោយ​សន្សំសំចៃ។ «សូមបងប្អូន​ជួយ​បញ្ចេញ​ម៉ាស៊ីន​ភ្លើង និង​ទិញ​ម៉ាស៊ីន​ភ្លើង​ដាក់​ប្រើប្រាស់​បន្ត​សិន ដើម្បី​ឱ្យ​ការងារ​ដំណើរការ​ទៅមុខ​ទាន់​ពេលវេលា»៕

អត្ថបទ៖ សំភី

អត្ថបទថ្មី
;