ក្រុមហ៊ុន១ គ្រោងសង់រោងចក្រកែច្នៃដំឡូងមីខ្នាតធំ ឱ្យបាន២០ នៅកម្ពុជា
- 2019-03-28 03:24:47
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ក្រុមហ៊ុន១ គ្រោងសង់រោងចក្រកែច្នៃដំឡូងមីខ្នាតធំ ឱ្យបាន២០ នៅកម្ពុជា
ចន្លោះមិនឃើញ
ក្រុមហ៊ុន Green Leader (Cambodia) Co., Ltd មានគម្រោងសង់រោងចក្រកែច្នៃដំឡូងមី ឱ្យបានដល់ចំនួន២០ នៅទូទាំងប្រទេសកម្ពុជា នារយៈពេល ៥ឆ្នាំខាងមុខ។ នេះបើតាមការឱ្យដឹងពីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ស្តីពីជំនួបរវាងលោក វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម និងលោក Michael Tse កាលពីថ្ងៃទី២៦ ខែមីនា ឆ្នាំ២០១៩ នៅទីស្តីការក្រសួង។
ក្រសួងបញ្ជាក់ថា ដើម្បីឲ្យការផែនការវិនិយោគខាងលើនេះទទួលបានជោគជ័យ ក្រុមហ៊ុនបានបង្កើតកិច្ចសហការយ៉ាងល្អប្រសើរ និងប្រទាក់ក្រឡាគ្នាជាមួយក្រសួងកសិកម្ម និងដៃគូអភិវឌ្ឍន៍ UNDP Cambodia ដោយបានសម្រេចការសិក្សា ស្រាវជ្រាវផែនការដាំដុះ និងផ្ទៃដីដាំដុះដំឡូងមីរបស់ប្រជាកសិករជាង ៥,៥ពាន់គ្រួសារ លើផ្ទៃដីជាង ៣០ពាន់ហិចតា នៅក្នុងតំបន់គោលដៅ។
លោករដ្ឋមន្ត្រីបានលើកឡើងក្នុងជំនួបនេះថា គម្រោងនេះគឺជាសមិទ្ធិផលថ្មីមួយទៀតដែលរាជរដ្ឋាភិបាលសម្រេចបានតាមរយៈក្រសួងកសិកម្ម ស្របតាមការអនុវត្តគោលនយោបាយ វិនិយោគវិស័យឯកជន ក្នុងការកែច្នៃវត្ថុធាតុដើមទៅជាផលិតផលសម្រេចសម្រាប់ធ្វើការនាំចេញ ដើម្បីកាត់បន្ថយការនាំចេញវត្ថុធាតុដើម បង្កើនតម្លៃបន្ថែម បង្កើតការងារ ជំរុញផលិតកម្មក្នុងស្រុក ធានាតម្លៃ និងទីផ្សារដំឡូងមីជូនប្រជាកសិករ ដោយអនុវត្តតាមអភិក្រម រដ្ឋ ឯកជន ដៃគូអភិវឌ្ឍន៍ និងសហគមន៍ តាមរយៈផលិតកម្មកសិកម្មតាមកិច្ចសន្យា។
ក្រសួងកសិកម្ម បានឱ្យដឹងថា គិតពីថ្ងៃទី០១ ខែមករា ឆ្នាំ២០១៩ មកដល់ថ្ងៃទី២៥ ខែមីនា ឆ្នាំ២០១៩ ការនាំចេញផ្លូវការនៃផលិតផលដំឡូងមីនៅទូទាំងប្រទេសមានចំនួន ១,០៨លានតោន៕