ទៅលេង​ស្រុក​​កំណើត​តាម​បណ្តា​ខេត្តនានា ជិះឡាន​ក្រុង Free នៅ​មុន​និងក្រោយ​ចូលឆ្នាំ

  • 2019-04-05 01:29:42
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


សម្តេច ហ៊ុន សែន នាយករដ្ឋមន្រ្តី​នៃ​កម្ពុជា បាន​ប្រកាស​ជូនដំណឹង​ថា ចាប់ពី​ថ្ងៃទី ១២-១៨ ខែ មេសា ឆ្នាំ​២០១៩ (រយៈពេល ៧​ថ្ងៃ) សាលា​រាជធានី​ភ្នំពេញ បាន​ត្រៀម​រថយន្ត​ក្រុង ១២០ គ្រឿង​សម្រាប់​ឲ្យ​បងប្អូន​ប្រជាពលរដ្ឋ និង​កម្មករ​កម្មការិនី​ ជិះ​ធ្វើ​ដំណើរ​ ពី​រាជធានី​ភ្នំពេញ ទៅតាម​បណ្តា​ខេត្ត​នានា និងពី​តាម​បណ្តា​ខេត្ត​មកកាន់​ភ្នំពេញ​វិញ ដោយ​មិន​គិតថ្លៃ (Free) នៅក្នុង​ឱកាស​បុណ្យ​ចូលឆ្នាំ​ប្រពៃណីជាតិ​ខ្មែរ​ខាងមុខនេះ។ ការ​ប្រកាស​នេះ​ធ្វើឡើង​ក្នុងពិធីសំណេះសំណាល​ជាមួយ​កីឡាករ-កីឡាការិនី នៅ​កោះពេជ្រ ​កាលពី​យប់មិញ។

សម្តេច​បញ្ជាក់​ថា រថយន្ត​ក្រុង​ទាំងអស់​នឹង​ចេញ​ដំណើរ​តាមផ្លូវជាតិ​សំខាន់ៗ​មួយ​ចំនួន​ដូចជា៖ ផ្លូវជាតិ​លេខ ១, ផ្លូវជាតិលេខ២ ,ផ្លូវជាតិ៣, ផ្លូវជាតិលេខ៤, ផ្លូវជាតិលេខ៥, ផ្លូវជាតិលេខ៦, ផ្លូវជាតិលេខ៧ និង​ផ្លូវជាតិ​លេខ៨ ដែលនឹង​ចាប់ផ្តើម​ចេញដំណើរ​នៅថ្ងៃទី១២ ខែ​មេសា ខាង​មុខនេះ។ ក្នុងនោះ៖

-ផ្លូវជាតិលេខ១ (ភ្នំពេញ-កណ្តាល-ស្វាយរៀង) ចំនួន ៥គ្រឿង និង (ភ្នំពេញ-កណ្តាល-ព្រៃវែង) ចំនួន៥គ្រឿង សរុប ១០គ្រឿង។

-ផ្លូវជាតិលេខ២ (ភ្នំពេញ-តាកែវ) ចំនួន ៥គ្រឿង។

-ផ្លូវជាតិលេខ៣ (ភ្នំពេញ-កែប) ចំនួន ៥គ្រឿង និង(ភ្នំពេញ-កំពត) ចំនួន៥គ្រឿង សរុបចំនួន ១០គ្រឿង។

-ផ្លូវជាតិលេខ៤ (ភ្នំពេញ-កំពង់ស្ពឺ) ចំនួន៣គ្រឿង និង (ភ្នំពេញ-ក្រុងព្រះសីហនុ) ចំនួន៧គ្រឿង សរុប ១០គ្រឿង។

-ផ្លូវជាតិលខេ៥ (ភ្នំពេញ-ខេត្តកំពង់ឆ្នាំង) ចំនួន ៥ គ្រឿង , (ភ្នំពេញ-ពោធិសាត់) ចំនួន១០គ្រឿង, (ភ្នំពេញ-បាត់ដំបង) ចំនួន ១៥គ្រឿង និង (ភ្នំពេញ-បន្ទាយមានជ័យ) ចំនួន ១៥គ្រឿង សរុប ៤៥គ្រឿង។

-ផ្លូវជាតិលេខ៦ (ភ្នំពេញ-កំពង់ធំ) ចំនួន ៥គ្រឿង , (ភ្នំពេញ-សៀមរាប) ចំនួន ១៥គ្រឿង សរុប ២០គ្រឿង។

-ផ្លូវជាតិលេខ៦ និងលេខ៧ (ភ្នំពេញ-កំពង់ចាម) ចំនួន៥គ្រឿង (ភ្នំពេញ-ខេត្តត្បូងឃ្មុំ) ចំនួន ៥គ្រឿង សរុប ១០ គ្រឿង។

-ផ្លូវជាតិ​លេខ ៦ និងលេខ៨ (ភ្នំពេញ-ក្រចេះ)ចំនួន ៥គ្រឿង និង (ភ្នំពេញ-ស្ទឹងត្រែង) ចំនួន​៥គ្រឿង សរុប ១០គ្រឿង។

ចំពោះ​នៅ​រាជធានី​ភ្នំពេញ​វិញ គឺ​បងប្អូន​ប្រជាពលរដ្ឋ ជិះរថយន្ត​ក្រុង​ដោយ​មិនគិតថ្លៃ​ក្នុង​រយៈពេល ៧ ថ្ងៃ គឺចាប់ពី​ថ្ងៃទី ១២-១៨ ខែ​មេសា ឆ្នាំ​២០១៩ គឺមាន​ទាំង​សេវា​រថយន្ត​ក្រុង និង​សេវា​ដឹក​ជញ្ជូន​តាម​កាណូត៕

អត្ថបទ៖ សំភី

អត្ថបទថ្មី
;