ខណ្ឌ​ណា​នៅ​ភ្នំពេញ ដែល​ជាប់​ជា​ខណ្ឌ​​ដែលមាន​ចំនួន​បុរី​ច្រើនជាងគេ​?

  • 2019-04-09 10:02:01
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ខណ្ឌ​សែន​សុខ ត្រូវបាន​អ្នកជំនាញ​ផ្នែក​ខាង​ស្រាវជ្រាវ​អចលនទ្រព្យ​ អះអាងថា​ជា​ខណ្ឌ​មួយ​ក្នុងចំណោម​ខណ្ឌ​ទាំង​១៤ នៅក្នុង​រាជធានី​ភ្នំពេញ ដែលមាន​គម្រោង និងសំណង់​បុរី​លំនៅដ្ឋាន​ច្រើនជាងគេ ខណៈដែល​ខណ្ឌឫស្សីកែវ ឈរ​នៅ​លំដាប់​លេខ រៀង បន្ទាប់​។

​យោងតាម​ការសិក្សា​រប​ស់​ក្រុមហ៊ុន​ CBRE Cambodia ដែល​បានបង្ហាញ​ក្នុង​របាយការណ៍​របស់ខ្លួន​ នា​ព្រឹក​ថ្ងៃទី​៩ ខែមេសា​នេះ​ថា ស្រប​ពេលដែល​វិស័យ​សំណង់​នៅ​កម្ពុជា​កំពុងមាន​ការអភិវឌ្ឍ និង​កើនឡើង​ឥតឈប់ឈរ​ ជាពិសេស​វិស័យ​លំនៅដ្ឋាន​តែម្ដង​ គេ​សង្កេតឃើញ​ខណ្ឌ​សែន​សុខ ដែល​ស្ថិតនៅ​ប៉ែក​ខាងជើង​ឆៀង​ខាងលិច​នៃ​រាជធានី​ភ្នំពេញ បាននិងកំពុង​ដើរតួ​ឈានមុខ​គេ​លើ​ផ្នែក​សំណង់​បុរី​។

ផ្សារទំនើប AEON 2 ដែលស្ថិត​នៅ​ខណ្ឌ​សែនសុខ រាជធានី​ភ្នំពេញ
​អ្នកស្រាវជ្រាវ​ផ្នែក​អចលនទ្រព្យ​ជាន់ខ្ពស់​ប្រចាំ​នៅ​ក្រុមហ៊ុន CBRE Cambodia កញ្ញា​គឹម គិ​ន​កេសា បាន​និយាយថា ដោយ​សារ​តែ​តម្លៃ​​អចលនទ្រព្យ​នៅ​កណ្តាល​រាជធានី​ភ្នំពេញ​មានការ​កើនឡើង​ខ្ពស់ បាន​ជំរុញ​ឱ្យ​ក្រុមហ៊ុន​អភិវឌ្ឍ​លំនៅដ្ឋាន​ជាច្រើន​ងាក​ទៅ​ចាប់អារម្មណ៍​នៅតាម​តំបន់​ជាយក្រុង ជាក់ស្ដែង​ដូចជា​នៅក្នុង​ខណ្ឌ​សែន​សុខ​ជាដើម។ កញ្ញា​បាន​បន្តថា ចំនួន​បុរី​នៅក្នុង​ខណ្ឌ​សែន​សុខ គឺមាន​រហូតដល់ ​៤៥​គម្រោង ដោយ​នៅក្នុង​គម្រោង​បុរី​ទាំងនោះ មានការ​សាងសង់​លំនៅដ្ឋាន​ច្រើន​ប្រភេទ ច្រើន​ជម្រើស ដែល​លក់​ក្នុងតម្លៃ​ផ្សេងៗ​ពីគ្នា​ អាស្រ័យ​ទៅតាម​ទីតាំង​ប្រភេទ​ផ្ទះ និង​ទំហំ។​

​កញ្ញា​បន្តថា “​ភាគច្រើន​លំនៅដ្ឋាន ដែល​ទទួល​បានការ​សាទរ​ពី​អតិថិជន គឺ​ប្រភេទ​ផ្ទះល្វែង និង​វីឡា​កូនកាត់ ព្រោះ​លំនៅដ្ឋាន​ប្រភេទ​នេះ​មានតម្លៃ​សមរម្យ ស្របទៅនឹង​កម្រិតជីវភាព​របស់​ប្រជាជន​”​។ កញ្ញា​បន្តថា បន្ទាប់ពី​ខណ្ឌ​សែន​សុខ ដែលមាន​រហូតដល់ ៤៥ គម្រោង​នោះ ខណ្ឌឫស្សីកែវ​ឈរ​នៅ​លំដាប់​ទី​២ ដែលមាន​ចំនួន​បុរី​ ៣១ គម្រោង ហើយ​ខណ្ឌ​ពោធិ៍​សែន​ជ័យ ស្ថិតនៅ​លំដាប់​ទី​៣​។

ផ្សារ Makro នៅ​ខណ្ឌសែនសុខ

នាយក​ក្រុមហ៊ុន​ R Investment Group លោក​ឧកញ៉ា​ តេង រិទ្ធី មានប្រសាសន៍ថា​ ខណ្ឌ​សែន​សុខ មាន​សក្ដានុពល​ល្អ និង​សមស្រប​ទៅនឹង​សំណង់​លំនៅដ្ឋាន​ងាយស្រួល​រស់នៅ ហើយ​ផ្ទៃដី​នៅក្នុង​ខណ្ឌ​នេះ​នៅមាន​វិសាលភាព​ធំ​ទូលាយ និង​មានតម្លៃ​ទាប​អាច​ផ្តល់ឱកាស​ដល់​អ្នក​អភិវឌ្ឍន៍​។ បន្ថែម​ពីនេះ អ្វីដែល​ជំរុញឱ្យមាន​គម្រោង​បុរី គម្រោង​លំនៅដ្ឋាន​ឆ្ពោះទៅកាន់​ខណ្ឌ​មួយ​នេះ ព្រោះ​មនុស្ស​ជាច្រើន​ចាប់ផ្តើម​ចាប់អារម្មណ៍​ចូលទៅ​រស់នៅ​ទីនេះ រួម​ជាមួយនឹង​គម្រោង​វិនិយោគ​ធំៗ​ជាច្រើន ដូចជា ផ្សារ​ទំនើប អ៊ី​អន​២ (AEON 2) និងផ្សារ​ម៉ាក្រូ ​(Makro)​ ជាដើម​។ ​ ​លោក​បន្តថា “​នៅ​ថ្ងៃ​អនាគត​ក៏​នឹងមាន​គម្រោង​ផ្សារ​ទំនើប​ផ្សេងៗ​ទៀត ចូលទៅ​កាន់​ខណ្ឌ​មួយ​នេះ ដែល​ខណ្ឌ​នេះ​នឹង​អាចមាន​ភាព​រីកចម្រើន លំនាំ​ដូចគ្នា​ខណ្ឌទួលគោក​នាពេល​បច្ចុប្បន្ន​”៕

ប្រភព៖ រស្មីកម្ពុជា អត្ថបទ៖ រស្មីកម្ពុជា

អត្ថបទថ្មី
;