ចាន់ រតនា ​ខ្វល់​ចិត្ត​រឿង​​​​ទីតាំង​ក្លឹប​ ជិត​ផុត​កុងត្រា​ជួល

  • 2019-04-11 05:02:29
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


កីឡាករ​ក្បាច់គុនចម្រុះប្រចាំ​ស្ថាប័ន ONE Championship ចាន់ រតនា ដែលគេស្គាល់ថាជាម្ចាស់ក្លិបប្រដាល់សិល្បៈ (Selapak) មានទីតាំងស្ថិតនៅក្បែរ សារមន្ទីរឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ទួលស្លែងនោះ បានបង្ហើបថា ទីតាំងបច្ចុប្បន្ននេះនឹងផុតកិច្ចសន្យាជួលនាខែកញ្ញា ឆ្នាំ ២០១៩ ខាងមុខនេះ។ រតនា បញ្ជាក់ថា នៅពេល​ប្ដូរ​ទីតាំង​ក្លឹប នឹង​ជួបផលលំបាកមួយចំនួន។

ចាន់ រតនា ហ្វឹកហាត់នៅក្លឹបសិល្បៈ
អ្នកលេងគុនខ្មែរវ័យ ៣៣ ឆ្នាំរូបនេះបានបញ្ជាក់ថា៖ "ទីតាំងក្បែរគុកទួលស្លែងបច្ចុប្បន្ននេះ ខ្ញុំជួលគេ ហើយត្រូវផុតកុងត្រាត្រឹមខែ កញ្ញានេះ ព្រោះម្ចាស់គាត់ប្រាប់ថាត្រូវលក់ឲ្យអ្នកផ្សេង។ ខ្ញុំមិនទាន់រកបានទីតាំងថ្មីនៅឡើយ។ ទីតាំងនេះល្អណាស់ ហើយ តម្លៃសមរម្យ ដែលខ្ញុំអាចរស់បានទោះមិនចំណេញ។ ទីតាំងនេះអំណោយផល ខ្ញុំអាចចូលរួមបង្ហាត់គុនខ្មែរដល់កីឡាករវ័យក្មេងដែលចង់ឡើងសង្វៀនប្រកួត និង ជនបរទេសដែលគាត់ចង់ចេះ និង ហាត់សម្រាប់សុខភាពផង"។

គ្រូបង្វឹកក្លិបប្រដាល់សិល្បៈ រៀបរាប់អំពីផលលំបាកខ្លះៗថា បើសិនប្ដូរទាំងតាំង នោះអាចបាត់បង់កីឡាករមួយចំនួនដែលហាត់ដើម្បីសុខភាព បើសិនរកកន្លែងជួលកន្លែងផ្សេងឆ្ងាយពីទីលំនៅរបស់ពួកគេ។ បច្ចុប្បន្ននេះមានជនបរទេស ចូលរួមហ្វឹកហាត់ប្រមាណ ៣០នាក់ ដើម្បីចង់ចេះគុនខ្មែរ និងដើម្បីសុខភាព ដែលក្នុងនោះមានបរទេស ២នាក់ហ្វឹកហាត់ក្នុងគោលបំណងចង់ឡើងរេញប្រកួត។ ចំណែកកូនសិស្សជាជនជាតិខ្មែរវិញ មានប្រមាណ ៣០ នាក់ដែរ ដែលត្រូវបង្ហាត់ ៣ វេន ពោលម៉ោងព្រឹក រសៀល និងល្ងាច។

ទិដ្ឋភាព​មួយផ្នែក​​​នៅ​ក្នុង​ក្លឹប​សិល្បៈ

អ្នកប្រយុទ្ធក្បាច់គុនយុទ្ធក្រមខម បានបញ្ជាក់ទៀតថា៖ "ខ្ញុំកំពុងស្វែងរកទីតាំង ប៉ុន្តែប្រហែលមិនអាចរកទីតាំងធំដូចកន្លែងបច្ចុប្បន្ននេះទេ បើខ្ញុំរ៉ាប់រងតែឯងជាមួយគ្រួសារខ្ញុំ ព្រោះនៅក្នុងក្រុងជួលថ្លៃៗណាស់។ ឥឡូវខ្ញុំមានមិត្តភ័ក្ដិគេចង់បបួលចូលហ៊ុនគ្នាដើម្បីរកទីតាំងថ្មីដែរ ប៉ុន្តែខ្ញុំកំពុងពិចារណាសិន... មិនទាន់សម្រេចចិត្តនោះទេ។ ទីតាំងថ្មី ខ្ញុំចង់ជួលម្ដុំទួលទំពូង ព្រោះខ្ញុំគិតថាល្អអាចទាក់ទាញជនបរទេសបានច្រើន ដូចកន្លែងរាល់ថ្ងៃអ៊ីចឹង មិនឆ្ងាយពីក្រុង"។

គួររំលឹកថា ចាន់ រតនា ជាកីឡាករតំណាងឲ្យកម្ពុជា ១ រូបដែលតែងតែឡើងសង្វៀនប្រកួតគុនចម្រុះ ឬ MMA ជាប្រចាំនៅសង្វៀន One Championship ។ រតនា ឡើងប្រកួតលើកដំបូងជាអន្តរជាតិ នៅសង្វៀន One Championship ពេលរៀបចំនៅព្រះរាជាណាចក្រកម្ពុជាកាលឆ្នាំ ២០១៤។ ទោះបីវ័យរាងជ្រេចូល ៣៣ ឆ្នាំ ប៉ុន្តែ ចាន់ រតនា នៅតែធ្វើបានល្អនៅលើសង្វៀនកម្រិតពិភពលោកមួយនេះក្រោយវ៉ៃកីឡាករគុនចម្រុះ ABRO Fernandez របស់ឥណ្ឌូណេស៊ី ឲ្យចុះចាញ់ត្រឹមទឹកទី២ កាលចុងឆ្នាំ ២០១៨ កន្លងទៅនៅប្រទេសម៉ាឡេស៊ី។

ចាន់ រតនា នឹង​ឡើង​ប្រកួត​នៅ ONE ជាថ្មី នា​ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០១៩ ដោយ​ត្រូវ​ជួប​កីឡាករ​មិន​ដែល​ចាញ់រ​បស់​ឥណ្ឌូណេស៊ី Rudy Agustian ក្នុង​ព្រឹត្តិការណ៍ ONE: FOR HONOR៕

ចុចអាន៖ ចាន់ រតនា ឡើង​ប្រកួត​នៅ ONE ជាថ្មី ប៉ះ​ជើងខ្លាំង​មិន​ដែល​ចាញ់​ម្នាក់ទៀត

ចាន់ រតនា និងកូនសិស្សនៅក្លឹបសិល្បៈ

អត្ថបទ៖ សុខ សុវត្ថិ

អត្ថបទថ្មី
;