វៀតណាម នាំចេញស្វាយជាលើកដំបូង ទៅអាមេរិក
- 2019-04-22 09:48:03
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
វៀតណាម នាំចេញស្វាយជាលើកដំបូង ទៅអាមេរិក
ចន្លោះមិនឃើញ
វៀតណាម បាននាំចេញជាលើកដំបូងនូវផ្លែស្វាយចំនួន ៨តោន ទៅកាន់សហរដ្ឋអាមេរិក បន្ទាប់ពីភាគីទាំង២ បានចរចាគ្នាអស់រយៈពេល ១០ឆ្នាំមក។
ផ្លែស្វាយនេះ ត្រូវបានដឹកចេញពីខេត្ត Dong Thap ភាគខាងត្បូងវៀតណាម តាមយន្តហោះទៅអាមេរិក កាលពីថ្ងៃទី១៨ ខែមេសា ឆ្នាំ២០១៩កន្លងទៅ ដោយក្រុមហ៊ុន Chanh Thu Fruits Import and Export។
ផ្លែស្វាយទាំងនេះ ត្រូវបានដាំដុះដោយមិនប្រើសារធាតុគីមីនោះទេ ដើម្បីបំពេញតាមស្តង់ដាររបស់អាមេរិក។
សូមជម្រាបថា អាមេរិក បានអនុញ្ញាតឱ្យវៀតណាម នាំចូលស្វាយ កាលពីខែកុម្ភៈ ឆ្នាំ២០១៩។ ការណ៍នេះ ធ្វើឱ្យស្វាយក្លាយជាផ្លែឈើទី៦របស់វៀតណាម ដែលទទួលបានអាជ្ញាបណ្ណនាំចូលអាមេរិក បន្ទាប់ពីផ្លែស្រកានាគ, សាវម៉ៅ, មៀន, គូលែន និងផ្លែទឹកដោះគោ។
ខេត្ត Dong Thap គឺជាតំបន់ដាំដុះផ្លែស្វាយដ៏ធំបំផុតមួយនៅវៀតណាម ដែលមានចម្ការស្វាយប្រមាណ ៩៣០០ហិកតា និងអាចផ្តល់ផ្លែប្រមាណជាង ១២ម៉ឺនតោនក្នុងមួយឆ្នាំ។
វៀតណាម បាននាំចេញស្វាយទៅកាន់ប្រទេសចំនួន៤០ ក្នុងនោះទីផ្សារធំៗរួមមាន៖ កូរ៉េខាងត្បូង ជប៉ុន សិង្ហបុរី អូស្ត្រាលី ណូវេលហ្សេឡង់ ចិន និងថៃ។
គួរបញ្ជាក់ដែរថា អាមេរិកគឺជាទីផ្សារផលិតផល កសិកម្មដ៏ធំបំផុតទី៤ របស់វៀតណាម កាលពីឆ្នាំ២០១៨ ពោលគឺស្មើនឹង ១០,៧ភាគរយនៃការនាំចេញរបស់វៀតណាម តាមពីក្រោយដោយចិន សហភាពអឺរ៉ុប និងអាស៊ាន៕