នាយករដ្ឋមន្រ្តីកម្ពុជា-ចិន និយាយគ្នា និងចុះកិច្ចព្រមព្រៀងអ្វីខ្លះ?

  • 2019-04-29 01:23:48
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


សម្តេច​នាយករដ្ឋមន្រ្តី ហ៊ុន សែន និង​លោក លី ខឺឈាង បាន​ជួបពិភាក្សាគ្នាកាលពីថ្ងៃទី២៧ ខែមេសា ឆ្នាំ​២០១៩ នៅ​ផ្ទះ​សំណាក់​រដ្ឋ​ទៀវថាយ ក្នុងក្រុងប៉េកាំង ប្រទេស​ចិន។

រូបថត៖ ផ្តល់សិទ្ធិដោយ Reuters
ក្នុង​ជំនួប​នេះ លោក លី ខឺឈាង បាន​បង្ហាញ​ក្តី​រីករាយ​ដែល​សម្តេច ហ៊ុន សែន បាន​អញ្ជើញ​ចូលរួម​វេទិកា​ខ្សែក្រវាត់ និង​ផ្លូវ លើកទី២ សម្រាប់​កិច្ច​សសហប្រតិបត្តិការ​អន្តរ​ជាតិ។ លោក​ថា ប្រទេសកម្ពុជា​គឺជា​មិត្តដ៏ល្អ​របស់​ប្រ​ទេស​ចិ​ន។ ប្រទេសចិន​ជាមិត្តរបស់កម្ពុជា​ ហើយចិន​ជឿជាក់ និងទុកចិត្តគ្នា​ទៅវិញ​ទៅមក។

​​ជាការឆ្លើយតប សម្តេច​ ហ៊ុន សែន បាន​មា​នប្រសាសន៍​ថា ក្នុង​គំនិតផ្តួចផ្តើមខ្សែ​ក្រ​វាត់ និងផ្លូវ បច្ចុប្បន្ន​នេះ កម្ពុជា ចិន កំពុង​ធ្វើយ៉ាងណា​ឲ្យគំនិត​នេះ និង​យុទ្ធសាស្រ្ត​ចតុកោណ​របស់កម្ពុជា​មានការ​ស៊ី​សង្វាក់​គ្នា និងមាន​ការ​តភ្ជាប់​គ្នា ពិសេស​ការតភ្ជាប់​គ្នា​ទាំង ផ្នែកទុន និង​ផ្នែករឹង។ សម្តេចតេជោ​ក៏បាន​លើកឡើង ពីយន្តការ​នៃការ​បន្តបង្កើន​កិច្ចសហប្រតិ​បត្តិ​ការជាមួយគ្នា ក្នុងក្របខណ្ឌ​នៃគំនិត​តួចផ្តើម​ខ្សែក្រវាត់ និង​ផ្លូវ។

សម្តេច ក៏បាន​អរគុណ ជូនចំពោះរដ្ឋាភិបាលចិន​ដែលផ្តើម​ការពិភាក្សា​ជាមួយ​កម្ពុជា​ ដែលទាក់ទិន​ទៅនឹង​សហភាព​អឺរ៉ុប ដែល​ត្រៀម​ដក EBA ពី​កម្ពុជា។ តាមរយៈអ្វី​ដែលភាគីចិន​មានគម្រោង​ជួយដល់​កម្ពុជា​នោះ សម្តេច​បានស្នើនៅ​ចំពោះមុខ​ លោក​នាយករដ្ឋមន្រ្តី​ចិន ធ្វើយ៉ាងណា​ជួយជំរុញ​ឲ្យក្រុមហ៊ុន​ចិន បន្ត​ការបណ្តាក់ទុន​វិនិយោគ និង​ធ្វើ​ពាណិជ្ជកម្ម​ក្នុង​ប្រទេសកម្ពុជា​ជាបន្ត​ទៅទៀត។

សម្តេច​បន្តថា កម្ពុជានឹង​បន្តធ្វើកំណែ​ទំរង់​ផ្ទៃក្នុង​ខ្លួនឯង ឲ្យកាន់​តែស៊ីជម្រៅ​ថែមទៀត ដើម្បី​ធ្វើយ៉ាងណា​ជំរុញ​កំណើន​សេដ្ឋកិច្ច​កម្ពុជា​ឲ្យកាន់តែ​មាន​ល្បឿនខ្ពស់​ជាងមុន។

ក្នុងជំនួប​ពិភាក្សាគ្នា​នោះដែរ សម្តេចក៏​បានស្នើដល់​ភាគី​ចិន ជួយដល់​ខេត្ត ព្រះសីហនុ លើការ​គ្រប់គ្រង ពិសេស​ជួយដល់​បញ្ហា​ទឹកកខ្វក់ តាមរយៈ​ការផ្តល់​ហិរញ្ញប្បទាន​ដល់ គម្រោង​អភិវឌ្ឍន៍​ទឹកស្អាត និងការ​អភិវឌ្ឍ​ជនបទ ដើម្បី​ឲ្យខេត្ត​ព្រះសីហនុ​ក្លាយជា​ខេត្តគំរូ នៃការនុវត្ត​គំនិតផ្តួចផ្តើម​ខ្សែក្រវាត់ និងផ្លូវ​នេះ។

រូបថត៖ ផ្តល់សិទ្ធិដោយ Reuters

​​ជាការឆ្លើយតប​ទៅ​នឹងប្រសាសន៍​លើកឡើង​របស់សម្តេច​តេជោ លោក​នាយករដ្ឋមន្រ្តី​ចិន មានប្រសាសន៍​ថា អ្វីដែល​លោក​ចង់ឃើញ​គឺការ​ពង្រឹង​កិច្ចសហប្រតិបត្តិការ នៃប្រទេស​ទាំងពីរ​ឲ្យ​កាន់តែ​រឹងមាំ និងបោះ​ជំហាន​ទៅមុខ និងការ​បម្រើ​ផលប្រយោជន៍​រួមសម្រាប់​ប្រទេស និងប្រជាជន​ទាំងពីរ ពិសេសចិន​នឹងបន្តគាំទ្រ​ដល់យុទ្ធសាស្រ្ត​ចតុកោណ​ដំណាក់កាល​ទី៤ របស់​រាជរដ្ឋាភិបាលកម្ពុជា។​​​​​

លោក លី ខឺឈាង បន្ត​ថា ចិនមាន​ឆន្ទៈ​ច្បាស់លាស់​ក្នុងការ​ជួយដល់​ប្រទេស​កម្ពុជា ពិសេសពាក់ព័ន្ធ​ទៅនឹង​ក្រុមហ៊ុនចិន​ដែលកំពុង​ធ្វើពាណិជ្ជកម្ម និង​វិនិយោគ​នៅកម្ពុជា។ រដ្ឋាភិ​បាលចិន នឹង​ជំរុញ​និងលើក​ទឹកចិត្ត​ដល់ក្រុមហ៊ុន​ទាំងនោះ បង្កើន​ខ្សែសង្វាក់​ផលិត​បន្ថែមទៀត​នៅកម្ពុជា។ លោក​សង្កត់ធ្ងន់ថា បើទោះបីជាមាន​បញ្ហាអ្វីក៏ដោយ គឺមិនអាច​បំបែកចំណង​មិត្តភាពដ៏​រឹងមាំរវាងចិន និងកម្ពុជា​បានឡើយ ហើយចិន​បន្តជួយ​ដល់កម្ពុជា​លើគ្រប់​ផ្នែកទាំងអស់។

ទាក់ទិន​ទៅនឹង​សំណើ​របស់ សម្តេចតេជោ​ដែលបាន​ស្នើឲ្យភាគី​ចិន បន្ត​បើក​ចំហរ​ទីផ្សារ​ក្នុងប្រទេស​ចិន ដើម្បី​ទទួលយកនូវ​ផលិតផល​ពីប្រទេស​កម្ពុជា លោក​នាយករដ្ឋមន្រ្តី​ចិន បាន​មាន​ប្រសាសន៍​ថា ភាគីចិន​នឹងពិនិត្យ​លទ្ធភាព​គ្រប់​បែបយ៉ាង ក្នុងការ​ទទួល​នូវ​ផលិតផល​ពីប្រទេសកម្ពុជា លើអ្វី​ដែលប្រទេសចិន មានតម្រូវការ​ចាំបាច់​នោះ។

បន្ទាប់ពី​បញ្ចប់​កិច្ច​ពិភាក្សា នាយករដ្ឋមន្រ្តី​កម្ពុជា-ចិន បាន​អញ្ជើញ​ធ្វើជា​សាក្សី នៃពិធី​ចុះហត្ថលេខា​លើឯកសារ​កិច្ចព្រមព្រៀង​សំខាន់ៗ​ចំនួន​៦ ក្នុងនោះ​រួមមាន៖

រូបថត៖ ផ្តល់សិទ្ធិដោយ Reuters

១. អនុស្សារណៈ​នៃការ​យោគយល់​គ្នា ស្តីពី​បញ្ជី​គម្រោង​គន្លឹះ​វង់ទី២ សម្រាប់​កិច្ចសហប្រតិបត្តិការ​សមត្ថភាព​ផលិត និង​ការវិនិយោគ​ចុះហត្ថលេខា​រវាង​លោក សុខ ចិន្តាសោភា រដ្ឋមន្រ្តី​ប្រតិភូ​អមនាយករដ្ឋមន្រ្តី និងជា​អគ្គលេខាធិការក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា ជាមួយ​លោក ចាង យុង អនុប្រធាន​គណៈកម្មការ​កំណែ​ទំរង់ និង​អភិវឌ្ឍន៍​ជាតិ។

២. អនុស្សារណៈ​នៃការយោគយល់​គ្នា ស្តីពី​កិច្ចសហប្រតិបត្តិការ នៃការ​ជួយគ្នា​ទៅវិញ​ទៅមក​ក្នុងកិច្ចការ​គយ ចុះហត្ថលេខា​រវាង លោក​អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយក​រដ្ឋមន្រ្តី និងជា​រដ្ឋមន្រ្តី ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ជាមួយលោក វ៉ាង វិនធាន ឯកអគ្គរដ្ឋទូត​វិសាមញ និង​ពេញ​សមត្ថភាព​សាធារណរដ្ឋ​ប្រជាមានិត​ចិន ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា។

៣. អនុស្សារណៈ​ នៃការ​យោគយល់​គ្នា ស្តីពី​កិច្ចសហប្រតិបត្តិការ ស្តីពី​ការនាំអង្ករ​កម្ពុជាចំនួន ៤០ម៉ឺន​តោន ចូលទីផ្សារ​ចិន ចុះហត្ថលេខា​រវាង លោក ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តី​ក្រសួងពាណិជ្ជកម្ម​កម្ពុជា ជាមួយ លោក លូ ជុន ប្រធាន​ក្រុមហ៊ុន​សាជីវកម្ម COFCO ។

៤. អនុស្សារណៈ​នៃការ​យោគយល់​គ្នា ស្តីពី​សហប្រតិបត្តិការ​ក្រោម​យុទ្ធសាស្រ្ត​ចតុកោណ និង​គំនិត​ផ្តួចផ្តើម​ខ្សែក្រវាត់ និងផ្លូវ ចុះហត្ថលេខា​លោកអគ្គបណ្ឌិត​សភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយក​រដ្ឋមន្រ្តី និងជារដ្ឋមន្រ្តី​ក្រសួង​សេដ្ឋកិច្ច និងហិរញ្ញវត្ថុ ជាមួយ​លោក លីវ លានកី ប្រធាន​ធនាគារ​ចិន។

៥. ផែនការ​សកម្មភាព ស្តីពី​ការ​បង្កើត​សហគមន៍​វាសនា​រួម កម្ពុជា​ចិន ចុះហត្ថលេខា​រវាង លោក​ឧបនាយក​រដ្ឋមន្រ្តី ហោ ណាំហុង ជាមួយ​លោក វ៉ាង យី ទីប្រឹក្សារដ្ឋ និងជា​រដ្ឋមន្រ្តី ក្រសួង​ការបរទេសចិន។

៦. កិច្ចព្រមព្រៀង ស្តីពី​កិច្ចសហប្រតិបត្តិការ​សេដ្ឋកិច្ច និងបច្ចេកទេស ជា​ហិរញ្ញប្បទាន​ឥត​សំណង ចុះ​ហត្ថលេខា​រវាង​លោក​អគ្គបណ្ឌិត​សភាចារ្យ អូន ព័ន្ធមុនី រ័ត្ន ឧបនាយក​រដ្ឋមន្រ្តី និងជា​រដ្ឋមន្រ្តី​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ជាមួយ​តំណាង​ទីភ្នាក់ងារ​សហប្រតិបត្តិការ​អភិឌ្ឍ​អន្តរជាតិ របស់​ប្រទេស​ចិន៕

អត្ថបទ៖ សំភី

អត្ថបទថ្មី
;