ខេត្តសៀមរាប នឹងមានកន្លែងចិញ្ចឹមត្រីទឹកសាប-ទឹកប្រៃ និងជម្រកអភិរក្សសត្វលើផ្ទៃដី១០០ហិកតា
- 2019-04-30 09:52:52
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ខេត្តសៀមរាប នឹងមានកន្លែងចិញ្ចឹមត្រីទឹកសាប-ទឹកប្រៃ និងជម្រកអភិរក្សសត្វលើផ្ទៃដី១០០ហិកតា
ចន្លោះមិនឃើញ
គម្រោងជលវប្បដ្ឋានត្រីទឹកសាប ទឹកប្រៃ និងជម្រកអភិរក្សសត្វលើទំហំផ្ទៃដី ១០០ហិកតា មានទំហំវិនិយោគសរុប ៧០លានដុល្លារ នឹងត្រូវកសាងនៅខេត្តសៀមរាប។ គម្រោងនេះ ជាការវិនិយោគរបស់ក្រុមហ៊ុន អង្គរ វ៉ាយដ៍ឡាយហ្វ៍ & អឹឃ្វារៀម (Angkor Wildlife and Aquarium)ដែលត្រូវបានបង្កើតឡើងក្នុងទម្រង់ជាដៃគូរវាងវិនិយោគិនកម្ពុជា និងវិនិយោគិនជប៉ុនក្រោមកិច្ចសហការជាមួយ ICM Inc. (International Concept Management Inc.) ពី សហរដ្ឋអាមេរិកដែលរៀបចំរចនាប្លង់ គ្រប់គ្រងគម្រោង និងប្រតិបត្តិជលវប្បដ្ឋាន និងឧទ្យាន សមុទ្រនៅទូទាំងពិភពលោក។ នេះបើតាមការចុះផ្សាយរបស់ AKP។
គម្រោងជលវប្បដ្ឋានត្រីទឹកសាប ទឹកប្រៃ និងជម្រកអភិរក្សសត្វនេះ នឹងក្លាយជាគោលដៅលំដាប់ពិភពលោក។ សម្រាប់គោលដៅរបស់គម្រោងនេះ គឺធានាថា វានឹងក្លាយជាគោលដៅទាក់ទាញបំផុតទី២ បន្ទាប់ពីអង្គរវត្ត។ នេះបើតាមការលើកឡើងរបស់ លោក Roger R. Reynolds សមាជិកក្រុមប្រឹក្សាភិបាល និងប្រធានក្រុមហ៊ុន អង្គរ វ៉ាយដ៍ឡាយហ្វ៍ & អឹឃ្វារៀមក្នុងពិធីបើកសម្ពោធការចាប់ផ្ដើមការសាងសង់ ជលវប្បដ្ឋានត្រីទឹកសាប ទឹកប្រៃ និងជម្រកអភិរក្សសត្វកាលពីថ្ងៃទី ២៩ ខែមេសា ឆ្នាំ២០១៩។
លោក Roger R. Reynolds បានបន្ថែមថា គម្រោងនេះ គឺមានច្រើនលើសពីត្រឹមជាជលវប្បដ្ឋាន ឬឧទ្យានសត្វទៅទៀត។ ជាមួយគ្នានេះ ក្រុមលោកនឹងកសាងជម្រកធម្មជាតិប្រកបដោយគុណភាពខ្ពស់សម្រាប់ថែរក្សាសត្វព្រៃរស់នៅលើគោក ក្នុងតំបន់អាស៊ី មិនថាពួកវាជាពូជសង្រ្គោះ ឬបង្ខាំងទុកនោះទេ។ គម្រោងនេះ នឹងមានសួនរុក្ខសាស្រ្ត សាលតាំងពិព័រណ៍ ជម្រកល្មូន និងគំរូភូមិនេសាទខ្មែរដែលភ្ញៀវអាចដើរកម្សាន្ដ ទិញទំនិញ ឬរីករាយទទួលទានម្ហូបអាហារ និងភេសជ្ជៈក្នុងស្រុកមួយចំនួន។
លោក ទិត ចន្ថា រដ្ឋមន្រ្តីស្តីទីក្រសួងទេសចរណ៍ បានលើកឡើងថា គម្រោងវិនិយោគនេះ គឺជាផលិតផលទេសចរណ៍ថ្មីមួយទៀតសម្រាប់ខេត្តសៀមរាប ដែលនឹងបង្កើតភាពទាក់ទាញថ្មី ជំរុញអ្នកទេសចរមកកាន់ខេត្តសៀមរាប បន្តការស្នាក់នៅជាមធ្យមពាក់កណ្តាលថ្ងៃទៀតផង៕