កំពង់ផែ​ស្វយ័ត​ខេត្ត​ព្រះសីហនុ រក​ចំណូល​បាន​ជាង ៧០លាន​ដុល្លារ ក្នុង​ឆ្នាំ​២០១៨

  • 2019-05-02 04:51:20
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្នុងឆ្នាំ​២០១៨ កំពង់ផែ​ស្វយ័ត​ក្រុង​ព្រះសីហនុ ​ទទួល​បាន​កំណើន​បរិមាណ​ទំនិញ​ឆ្លងកាត់ ២២,០៨% ធៀបនឹង​ឆ្នាំ​២០១៧។ ឯ​ប្រាក់​ចំណូល​អាជីវកម្ម​សរុប​សម្រេច​បាន ៧២​លាន​ដុល្លារ។ នេះ​បើតាម​ការ​ថ្លែង​របស់​លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តី​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន ក្នុង​ពិធី​សំណេះ​សំណាល​ជាមួយ​កម្មករ-កម្មការិនី និង​បុគ្គលិក​កំពង់ផែ​ស្វយ័ត​ក្រុង​ព្រះសីហនុ កាលពីថ្ងៃទី១ ខែឧសភា ឆ្នាំ​២០១៩។

លោក​បន្តថា ផ្អែកលើ​កំណើន​សេដ្ឋកិច្ច​ដ៏រឹងមាំ និង​កំណើន​បរិមាណ​ទំនិញ​ឆ្លងកាត់​កំពង់ផែ​នេះ នឹងរំពឹងថា​បរិមាណ​កុងតឺន័រ​ដែលឆ្លងកាត់​កំពង់ផែ​នឹង​កើនលើស ៧០០ ០០០ TEUs នៅ​ឆ្នាំ ២០២០ និង​លើស ១ ០០០ ០០០ TEUs នៅឆ្នាំ ២០២៣ ដែលនាំ​ឱ្យតម្រូវការ​អភិវឌ្ឍ និង​សាងសង់​កំពង់ផែ ត្រូវ​សម្រេច​ឱ្យបានទាន់​ពេលវេលា និង​ប្រើប្រាស់​យុទ្ធសាស្ត្រ​គ្រប់​ជ្រុងជ្រោយ ដោយ​បញ្ចុះ​តម្លៃ​លើក​ដាក់​ទំនិញ បញ្ចុះ​តម្លៃ​សេវា​ឡូជិស្ទិក ពង្រឹង​នូវប្រសិទ្ធភាព​គ្រប់គ្រង និងប្រតិបត្តិការ​កំពង់ផែ និង​កតា្ត​ផ្សេងៗ​ទៀត ដើម្បី​ពង្រឹង​ការប្រកួតប្រជែង​ក្នុង​តំបន់ និង​សកលលោក។

លោក​ទេសរដ្ឋមន្រ្តី​ក៏បាន​លើកឡើង​ដែរថា ថ្មីៗ​នេះ កំពង់ផែ​ស្វយ័ត​ក្រុង​ព្រះសីហនុ បាន​ចូលរួម​គាំទ្រ​ដល់​កិច្ចសម្រួល​ពាណិជ្ជកម្ម និង​ធុរកិច្ច​នៅ​កម្ពុជា ​សំដៅជំរុញ​ភាព​ប្រកួត​ប្រជែង និង​បង្កើន​ល្បឿន​នៃការ​ធ្វើពិពិធកម្ម​សេដ្ឋកិច្ច​ជាតិ ដើម្បី​ធានា​ឱ្យបាន​នូវ​ចីរភាព​កំណើន​សេដ្ឋកិច្ច​សម្រាប់​រយៈពេល​ខាងមុខ តាមរយៈ​វិធានការ​បញ្ចុះ​ថ្លៃ​លើកដាក់ Lo-Lo ចំនួន ១០% បញ្ចុះ​ថ្លៃ Bonus ពី ៧,៥០ ដុល្លារ មក ៥ ដុល្លារ​អាមេរិក ក្នុង​មួយ Box និងកែ​សម្រួល​មិនគិតថ្លៃ​ឈ្នួលបម្លាស់​ទីនាវា (Shifting)៕

រូបថត៖ ក្រសួងសាធារណការ និងដឹកជញ្ជូន

អត្ថបទ៖ សំភី

អត្ថបទថ្មី
;