រដ្ឋមន្រ្តី​ទេសចរណ៍ ជំរុញឱ្យ​ផ្សព្វផ្សាយ​ពី​ការ​មើល​កញ្ចុំផ្កាយ​លើភ្នំ​បូកគោ និង​រៀបចំ​វាលស្រែ​អំបិល សម្រាប់​ភ្ញៀវ​ទស្សនា​ស្វែងយល់

  • 2019-05-07 08:29:35
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


លោក ថោង ខុន រដ្ឋមន្រ្តី​ក្រសួង​ទេសចរណ៍ បាន​ជំរុញ​ឱ្យ​មន្ទីរ​ទេសចរណ៍​ខេត្ត​កំពត សហការ​ជាមួយ​នាយកដ្ឋាន​ជំនាញ ត្រូវ​ផ្សព្វផ្សាយ​ពី​សក្ដានុពល​វិស័យ​ទេសចរណ៍​ក្នុងខេត្ត ឱ្យបាន​ទូលំទូលាយ​ចាប់ពីពេលនេះ​ទៅ ដូចជា​រមណីយដ្ឋាន​កសិ​ទេសចរណ៍ ចម្ការ​ម្រេច​ដ៏​ល្បីល្បាញ រមណីយដ្ឋាន​ភ្នំ​បូកគោ ពិសេស​ព័ត៌មាន​ដែល​ភ្ញៀវ​ទេសចរ​ អាច​មើលឃើញ​កញ្ចុំផ្កាយ​រាប់​លានដួង ឬ​ហៅថា «កាឡាក់ស៊ីមីគីវ៉េ» នៅលើ​ភ្នំបូកគោ។

ការ​ថ្លែង​ខាងលើ​នេះ ធ្វើឡើងក្នុង​កិច្ច​ប្រជុំ​ត្រៀមរៀបចំ​ពិធី​បុណ្យ​សមុទ្រ​លើកទី៨ (ជុំទី២) កាលពីថ្ងៃទី​៦ ខែ​ឧសភា ឆ្នាំ​២០១៩ នៅ​សាលាខេត្ត​កំពត ដោយ​មាន​ការចូលរួមពី​លោក ជាវ តាយ អភិបាល​ខេត្ត​កំពត។

រូបថត៖ ក្រសួងទេសចរណ៍
លោកបន្តថា គួរ​រៀបចំ​វាលស្រែ​អំបិល​ឲ្យបាន​ល្អ ទុក​សម្រាប់​ទេសចរ ស្វែងយល់ និង​ទស្សនា​ផងដែរ។

​​ក្នុង​កិច្ច​ប្រជុំ​នេះ លោក​រដ្ឋមន្រ្តី​បាន​លើកឡើង​ថា ខេត្ត​កំពត​ មាន​សក្ដានុពល​ខ្ពស់​សម្រាប់​អភិវឌ្ឍន៍​វិស័យ​ទេសចរណ៍ ក្នុងនោះ​មានទីក្រុង​បេតិកភណ្ឌ រមណីយដ្ឋាន​ទេសចរណ៍​ធម្មជាតិ​យ៉ាងច្រើន​សម្បូរបែប និង​តំបន់​កសិទេសចរណ៍​ជាដើម។

បើតាម​ក្រសួងទេសចរណ៍​ដែល​បាន​ដកស្រង់​ការ​​លើកឡើង​របស់​លោក ស្រ៊ុន សុភា ​មគ្គុទ្ទេសក៍ទេសចរណ៍​មួយរូប ឱ្យដឹងថា ការមើលឃើញ​កញ្ចុំផ្កាយ​កាឡាក់ស៊ី រាប់ពាន់​លាន​ដួង​ដែលរះ​នៅ​អវកាស គេអាច​មើលឃើញ​តែ ២កន្លែង​ប៉ុណ្ណោះ គឺលើ​កំពូល​ភ្នំ​បូកគោ ម្តុំ​វាលស្រែ​មួយរយ និង​លើ​កំពូល​ភ្នំ​ឱរ៉ាល់។

លោក ស្រ៊ុន សុភា បាន​ឱ្យដឹង​ថា ភ្ញៀវ​បាន​ប្រាប់​លោក​ថា កាឡាក់ស៊ី​នោះ​វាជា​ផ្កាយ​បញ្ចេញ​ពណ៌ចម្រុះ​នាពេល​រាត្រី ស្ថិតនៅ​ផ្តុំគ្នា​រហូតដល់​រាប់ពាន់​លានផ្កាយ។ ជា​ទូទៅ​មាន​តែ​តំបន់​ប៉ូលទេ ទើបគេ​អាច​មើលផ្កាយ​ចម្លែក​នេះ ដោយ​កាមេរ៉ា​ពិសេស​។​ ប៉ុន្តែបែរជានៅកម្ពុជា​មាន​វាសនា​អាចមើល​ឃើញ និងអាច​ថតរូប​បាន​ដូចនៅតំបន់​ប៉ូល​​ដែរ។

រដ្ឋមន្ត្រី​ក្រសួង​ទេសចរណ៍ បាន​បញ្ជាក់​ថា ចំណុច​នេះ​គឺជា​រឿង​ដ៏អស្ចារ្យ និង​អច្ឆរិយ​ដ៏ល្អ​មួយ​សម្រាប់​កម្ពុជា ដែលនេះ​គឺជា​ផលិតផល​ទេសចរណ៍ថ្មី១ដ៏​ទាក់ទាញ។ លោក​​​​​​​​​​បាន​​បន្ត​ថា ហ្វូងផ្កាយ​មីលគីវេ( Milky Way) នេះ មានរូបរាង​ល្អចម្លែកខុស​ពីផ្កាយ​ធម្មតា ដែលមនុស្សមិនអាច​មើលឃើញ​ញឹកញាប់ ក្នុងពេល​រាត្រី​ឡើយ មានតែ​ទីទួល​ខ្ពស់​ដូចជា​ភ្នំបូកគោ​ជាដើម ទើប​អាច​មាន​ឱកាស​បាន​មើល​ឃើញ៕

អត្ថបទ៖ សំភី

អត្ថបទថ្មី
;