កាំកុងត្រូល ​ត្រួត​ពិនិត្យ​គុណភាព​ទំនិញ​ក្នុងសាលារៀន រកឃើញ​នំ​ខូច​គុណភាព និងចំណី​អាហារហាមឃាត់

  • 2019-05-17 00:45:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


មន្ត្រី​ជំនាញ​កាំកុងត្រូល​សាខា​ខេត្តបន្ទាយមានជ័យ សហការ​ជាមួយនិង​មន្ត្រី​មន្ទីរ​ពាណិជ្ជកម្ម​ខេត្ត បាន​ចុះ​ពង្រឹត​ត្រួតពិនិត្យ​ផលិតផល​ចំណីអាហារ នៅក្នុង​សាលារៀន​ចំនួន​ ៣​កន្លែង ក្នុង​ក្រុង​ប៉ោយប៉ែត​ ខេត្ត​បន្ទាយមានជ័យ នា​ថ្ងៃទី១៦ ខែឧសភានេះ។

លោក សាន វិជ្ជា​សា​រ៉ាវុធ ប្រធាន​សាខា​កាំកុងត្រូល​សាខា​ខេត្តបន្ទាយមានជ័យ​ បាន​ឲ្យដឹងថា ក្នុង​ការចុះ​ត្រួតពិនិត្យនេះ ​មន្ត្រី​ជំនាញ បាន​ពិនិត្យ​រកឃើញ​ប្រភេទ​នំ​កញ្ចប់​ហួស​សុពលភាព​ប្រើប្រាស់ និង​ផលិតផល​ហាមឃាត់​កម្ទេច​មី មួយចំនួន​ផងដែរ​។ ផលិតផល​គ្មាន​សុវត្ថិភាព​ទាំង​នោះ ត្រូវ​ដកហូត​ ដើម្បី​រង់ចាំ​ទុក​ដុត​កំទេចចោល បញ្ចៀស​ផលប៉ះពាល់​សុខភាព​សិស្ស​។​

ប្រធាន​សាខា​កាំកុងត្រូល​សាខា​ខេត្តបន្ទាយមានជ័យ​ បាន​បញ្ជាក់ថា ការ​ត្រួត​ពិនិត្យ ធ្វើឡើង​នៅ​​អនុវិទ្យាល័យ និង​បឋមសិក្សា​គីឡូម៉ែត្រ​លេខ​៤ និងបឋមសិក្សា​ប្រជា​ធម្ម ស្ថិតក្នុង​សង្កាត់​ផ្សារកណ្តាល​ ក្រុង​ប៉ោយប៉ែត​។ លោក​ថា ការ​ចុះ​ត្រួតពិនិត្យ​ផលិតផល​ក្នុង​សាលារៀន មាន​គោលបំណង​ដើម្បី​ឆ្លើយតប​មតិ​របស់​អាណាព្យាបាល​សិស្ស ដែល​បារម្ភ​ពី​សុវត្ថិភាព​ចំណីអាហារ របស់​កូនៗ ពួកគាត់​ទិញ​ទទួលទាន​នៅក្នុង​សាលា​ដែល​គ្មាន​សុវត្ថិភាព​។​

មន្ត្រី​ជំនាញ ក៏បាន​ពន្យល់​អប់រំ​ដល់​អ្នកលក់​ផលិតផល​ចំណីអាហារនៅក្នុង​សាលា​ ឱ្យ​យល់​ពី​គុណភាព និង​សុវត្ថិភាព ដើម្បី​បញ្ចៀស​ប៉ះពាល់​សុខភាព​សិស្ស និង​ជាពិសេស​យកចិត្តទុកដាក់​លើ​អនាម័យ​ផ​លិ​ត​ផល​ចំណីអាហារ​ ការ​ចម្អិន ការរៀបចំ​ដាក់លក់​ឱ្យបាន​សមស្រប និង​ការ​វិច​ខ្ចប់​ឱ្យបាន​ត្រឹមត្រូវ​។​

​លោក ហៀ ផល្លី នាយក​សាលា​អនុវិទ្យាល័យ​ និង​ឋ​ម​សិក្សា​គីឡូ​​ម៉ែត្រ​លេខ​៤ និយាយថា សាលារៀន​ចង់​ឲ្យ​មន្ត្រី​ជំនាញ​ចុះមក​ត្រួតពិនិត្យ​ផលិតផល​ចំណីអាហារ ដែល​ដាក់តាំង​នៅក្នុង​សាលា​របស់លោក ដើម្បី​ស្វែង​រកមើល​ផលិតផល​ចំណីអាហារ​ណា ដែល​បង្ក​ប៉ះពាល់​សុខភាព​សិស្ស និង​ផលិតផល​ដែល​ត្រូវ​ហាមឃាត់​មិន​អនុញ្ញាត​។​

​សូម​រំលឹកថា កាលពី​សប្តាហ៍​មុន មន្ត្រី​កាំកុងត្រូល​ ក៏​បាន​ចុះ​ត្រួតពិនិត្យ​ផលិតផល​ចំណីអាហារ នៅក្នុង​សាលារៀន​ចំនួន​ ៥​កន្លែង ក្នុង​ក្រុង​ប៉ោយប៉ែតផងដែរ៕

ចុចអាន៖ រកឃើញ​​ម្ហូបអាហារ​មាន​សារធាតុ​គីមី​ជិត​ ១០០​គីឡូក្រាម ក្នុង​ពិព័រណ៍​ផលិតផល​​ថៃ​​

ប្រភព៖ រស្មីកម្ពុជា

អត្ថបទថ្មី
;