ប៉ាគីស្ថានហៅកីឡាករក្រៅស្រុក១២នាក់បោះជំរំហាត់នៅបារ៉ែនត្រៀមមកកម្ពុជា
- 2019-05-22 04:06:30
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ប៉ាគីស្ថានហៅកីឡាករក្រៅស្រុក១២នាក់បោះជំរំហាត់នៅបារ៉ែនត្រៀមមកកម្ពុជា
ចន្លោះមិនឃើញ
ក្រុមបាល់ទាត់ប៉ាគីស្ថានបានប្រមូលផ្តុំហ្វឹកហាត់កាលពីយប់ថ្ងៃអង្គារ ទី១៤ ខែឧសភាកន្លងទៅនៅប្រទេសបារ៉ែនដើម្បីត្រៀមខ្លួនធ្វើដំណើរមកកម្ពុជាក្នុងយុទ្ធនាការណ៍វគ្គជម្រុះជើងឯកពិភពលោក FIFA World Cup 2022 ជុំទី១ប្រចាំតំបន់អាស៊ី និងជម្រុះពានរង្វាន់អាស៊ី 2023 AFC Asian Cup។
កីឡាករមកពីក្រៅប្រទេស១២នាក់
កីឡាករកូនកាត់គួរឲ្យចាប់អារម្មណ៍
Samir Nabi អាយុ២២ឆ្នាំជាយុវជនរបស់ក្លឹបអង់គ្លេស West Bromwich Albion ពីឆ្នាំ២០០៥ដល់២០១៦។ ឆ្នាំ២០១៩នេះរូបគេត្រូវខ្ចីជើងទៅលេងនៅក្លឹប Halesowen Town ក្របខណ្ឌ Southern League ប្រទេសអង់គ្លេស។ រូបគេត្រូវបានដឹងថា ជាកីឡាករនាំលេងដ៏សំខាន់ម្នាក់ និងជាអ្នករកគ្រាប់បាល់បានច្រើនជាងគេឲ្យក្រុម West Bromwich Albion អាយុ២១ឆ្នាំរដូវកាល២០១៥-២០១៦។
Rahis Nabi អាយុ២០ឆ្នាំក៏ទទួលបានការចាប់អារម្មណ៍ខ្លាំងពីអ្នកគាំទ្រប៉ាគីស្ថាន។ រូបគេក៏ជាយុវជនអាយុ១៨ឆ្នាំរបស់ក្រុម West Brom FC និងជាសមាជិកអាយុ២៣ឆ្នាំរបស់ក្រុម Burnley FC នៅប្រទេសអង់គ្លេស។
ខ្សែប្រយុទ្ធ Mohammad Ali មានដើមកំណើតនៅប្រទេសដាណឺម៉ាកដែលជាសមាជិកសំខាន់របស់ប៉ាគីស្ថាន ហើយក៏ជាកីឡាករដែលមានបទពិសោធជោកជាំដែរ។
អនុប្រធានក្រុម Hassan Bashir មានដើមកំណើតនៅប្រទេសដាណឺម៉ាកដែលជាខ្សែប្រយុទ្ធមានបទពិសោធ។ គិតចាប់តាំងពីឆ្នាំ២០០៦រហូតដល់បច្ចុប្បន្ននេះ រូបគេឆ្លងកាត់ក្លឹបជាង១០ហើយ ខណៈជាប់ជម្រើសជាតិប៉ាគីស្ថានតាំងពីឆ្នាំ២០១២លេងបាន១៩ប្រកួត រកបាន៨គ្រាប់។
កីឡាករ Zesh Raman ជាខ្សែការពារមានបទពិសោធក្រាស់ណាស់។ កីឡាករដែលមានដើមកំណើតនៅប្រទេសអង់គ្លេសរូបនេះលេងច្រើនក្លឹបណាស់គិតពីឆ្នាំ២០០៣រហូតដល់២០១៩នេះដូចជា Hulham, Brighton & Hove Alblion, Norwich City, Queens Park Rangers, Blackpool, Bradford City, Maungthong United, Ktichee, Pahang FA, Gillingham និង Southern។
បោះជំរំហាត់នៅប្រទេសបារ៉ែន
តាមប្រភពព័ត៌មានបានឲ្យដឹងថា ប៉ាគីស្ថានបានជម្រើសកីឡាករ២២ឆ្នាំនាក់ហើយក្នុងនោះកីឡាករ១២នាក់មកពីក្រៅប្រទេស និង១០នាក់លេងនៅក្នុងស្រុក។ ពួកគេបានចាប់ផ្តើមបោះជំរំហ្វឹកហាត់នៅទីក្រុង Manama ប្រទេសបារ៉ែន កាលពីថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០១៩នេះដើម្បីត្រៀម World Cup 2022 ទល់នឹងកម្ពុជា។
នាថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០១៩ខាងមុខ គឺជាការប្រកួតជើងទី១ ដែលកម្ពុជាបើកទ្វារពហុកីឡដ្ឋានជាតិ ក្នុងរាជធានីភ្នំពេញដើម្បីទទួលស្វាគមន៍ប៉ាគីស្ថាន និងជើងទី២ ថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០១៩ ប៉ាគីស្ថានទទួលកម្ពុជាវិញ៕