ចិន​ជាង ១០០​នាក់ មក​ស្វែងរក​ឱកាស​វិនិយោគ​នៅ​កម្ពុជា

  • 2019-05-24 01:28:02
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


វិនិយោគិន និង​ធុរជន​ចិន​ប្រមាណ​ជាង ១០០​នាក់ មកពី​រដ្ឋធានី​ប៉េកាំង និងតំបន់​រដ្ឋបាល​ពិសេស​ហុងកុង (នាគអាស៊ី) ដែល​សុទ្ធសឹង​ជាអ្នកវិនិយោគ​លំដាប់ខ្ពស់ បានធ្វើ​ដំណើរ​មកប្រទេស​កម្ពុជា ដើម្បី​ស្វែងរក​ឱកាស​វិនិយោគ​នៅប្រទេស​សន្តិភាព​មួយ​នេះ ដូចជា​វិស័យ​ទេសចរណ៍​ជាដើម។ នេះបើ​តាមការ​ចុះផ្សាយ​របស់​ក្រសួង​ទេសចរណ៍​នាព្រឹក​ថ្ងៃទី​២៤ ខែ​ឧសភា ឆ្នាំ​២០១៩។

គណៈប្រតិភូ​នេះ ដឹកនាំ​ដោយ​លោក Peter Wong នាយក​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​ពាណិជ្ជកម្ម​ហុងកុង​ប្រចាំ​តំបន់​អាស៊ីអាគ្នេយ៍ និង​អាស៊ី​ខាងត្បូង និង​លោក Li Hengqing ប្រធាន​នាយកដ្ឋាន​កិច្ចការ​សហ​ប្រតិបត្តិការ​សេដ្ឋកិច្ច​នៃ​ការិយាល័យ​ពាណិជ្ជកម្ម​ក្រុង​ប៉េកាំង។

ដើម្បី​ទទួល​ស្វាគមន៍​ចំពោះ​វិនិយោគិន និង​ធុរជន​ចិន​ខាងលើ ក្រសួង​ទេសចរណ៍​បាន​សហការ​ជាមួយ​ក្រុមប្រឹក្សាអភិវឌ្ឍន៍​ពាណិជ្ជកម្ម​ហុងកុង (Hong Kong Trade Development Council-HKTDC) រៀបចំ​ជំនួប​ធុរកិច្ច​អាហារ​ថ្ងៃត្រង់​សម្រាប់​ពួកគេ ព្រម​ជាមួយ​សុន្ទរកថា​ស្វាគមន៍​យ៉ាងកក់ក្ដៅ នៅ​សណ្ឋាគារ​សូហ្វីតែល​ភ្នំពេញ​ភូកេត្រា កាលពី​ថ្ងៃទី២៣ ខែ​ឧសភា ឆ្នាំ​២០១៩។

លោក ថោង ខុន រដ្ឋមន្ត្រី​ក្រសួង​ទេសចរណ៍ បាន​បញ្ជាក់​ថា នេះ​គឺជាជំនួប​លើកទី២ បន្ទាប់ពី​ជំនួបលើក​ទី១ ខែ្ស​ក្រវាត់ និងផ្លូវ ស្តីពី​កិច្ចពិភាក្សា​តុមូល​លើការ​វិនិយោគ​ទេសចរណ៍​នៅ​កម្ពុជា ដោយ​ទទួល​បាន​ជោគជ័យ​នៅទីក្រុង​ហុងកុង​កន្លងមក។

លោក​រដ្ឋមន្រ្តី​បានថ្លែង​ថា ឆ្នាំនេះ​មិន​ត្រឹមតែ​ជាឆ្នាំ​ពិសេស​សម្រាប់​ខួប ៦១​ឆ្នាំ នៃទំនាក់ទំនង​ការទូតរវាង​កម្ពុជា និង​ចិន​ប៉ុណ្ណោះ​ទេ តែក៏​ជាឆ្នាំ​ប្រកាស​ទំនាក់ទំនង​កិច្ចសហប្រតិបត្តិការ​លើ​វិស័យ​ទេសចរណ៍ និង​វប្បធម៌​រវាង​ប្រទេស​ទាំងពីរ​ផងដែរ។ កម្ពុជា​មាន​ផែនការ​ទាក់ទាញ​ទេសចរ​អន្តរជាតិ​ឱ្យបាន​ជាង ៧លាន​នាក់ នៅឆ្នាំ​២០២០ (ក្នុងនោះ​ទេសចរចិន​ប្រមាណ ៣លាន​នាក់)។

ជាមួយគ្នានេះ លោកបាន​អំពាវនាវ​ដល់​វិនិយោគិន​ចិន​មកពីទី​ក្រុង​ហុងកុង និង​ប៉េកាំង ឱ្យ​មក​បណ្តាក់ទុន​វិនិយោគ​លើ​វិស័យ​ទេសចរណ៍​នៅ​កម្ពុជា ឱ្យកាន់តែ​ច្រើន​ថែមទៀត ពិសេស​លើការ​បង្កើត​ផលិតផល​ទេសចរណ៍​ថ្មីៗ ដោយ​ឈរលើ​គោលការណ៍​ស្អាត​បៃតង ការច្នៃ​ប្រឌិត (Creative) និង​នវានុវត្តន៍ (Innovative ) ក្នុង​យុគសម័យ​ឌីជីថលូប​នីយកម្ម (Digitalization)។

តាមរយៈ​ជំនួប​ជាដៃគូ​វិនិយោគ​ពី​ក្រុងហុង​កុង និង​ក្រុង​ប៉េកាំង បាន​បង្ហាញ​នូវការគាំទ្រ និង​ជឿជាក់​លើការ​វិនិយោគ​លើ​គ្រប់​វិស័យ​នៅ​កម្ពុជា ជាពិសេស​វិស័យ​ទេសចរណ៍ និងបាន​សន្យា​ជួយ​សិក្សា​លទ្ធភាព​រៀបចំ​គម្រោង​វិនិយោគ​ពាក់ព័ន្ធ ពិសេស​លើ​គម្រោង​អភិវឌ្ឍន៍​តំបន់​ទេសចរណ៍​ថ្មីៗ ការអភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​ទីក្រុង​ទេសចរណ៍​បៃតង និង​ឆ្លាតវៃ (Green & Smart Tourism City)៕

អត្ថបទ និងរូបថត៖ ក្រសួងទេសចរណ៍

អត្ថបទថ្មី
;