កម្ពុជា រៀបចំ​ការ​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ថ្ងៃនេះ [បណ្តុំរូបភាព]

  • 2019-05-26 01:54:01
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


នៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ​២០១៩​នេះ កម្ពុជា បាន​រៀបចំ​ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ​អាណត្តិទី៣។ នេះ​គឺជាការ​បោះឆ្នោត​អសកល ដែល​មាន​សមាជិក​ក្រុមប្រឹក្សា​ឃុំ-សង្កាត់ នៅ​ក្នុង​មុខ​តំណែង​ជាអ្នក​បោះឆ្នោត ដើម្បី​ជ្រើសរើស​ក្រុមប្រឹក្សា​ ២ប្រភេទ គឺ​ក្រុមប្រឹក្សា​រាជធានី ក្រុមប្រឹក្សា​ខេត្ត និង​ក្រុម​ប្រឹក្សា​ក្រុង ក្រុមប្រឹក្សា​ស្រុក ក្រុម​ប្រឹក្សា​ខណ្ឌ។

អ្នក​បោះឆ្នោត​ម្នាក់ៗ ត្រូវ​បោះឆ្នោត​២សន្លឹក ដើម្បី​ជ្រើសរើស​ក្រុមប្រឹក្សា​តាម​ប្រភេទ​នីមួយៗ និងមាន​ហិបឆ្នោត​ចំនួន​ពីរ៖

-សន្លឹក​ឆ្នោត​ទី១ ដែលមាន​ពណ៌​លឿង ប្រើ​ក្នុង​ការបោះឆ្នោត​ជ្រើសរើស​ក្រុម​ប្រឹក្សា​ក្រុង ក្រុមប្រឹក្សា​ស្រុក ក្រុម​ប្រឹក្សាខណ្ឌ សម្រាប់​ដាក់​ក្នុង​ហិបឆ្នោតមួយ។

-សន្លឹក​ឆ្នោត​ទី២ ដែលមាន​ពណ៌ស ប្រើ​ក្នុង​ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​រាជធានី​ ក្រុមប្រឹក្សា​ខេត្ត សម្រាប់​ដាក់​ក្នុង​ហិបឆ្នោត​មួយ​ផ្សេងទៀត។

នៅក្នុងការបោះឆ្នោតនេះមាន៖

-មណ្ឌល​រាជធានី-ខេត្ត​ទូទាំង​ប្រទេស​សរុបចំនួន ២៥ មាន​អាសនៈ​សមាជិក​ក្រុមប្រឹក្សា​សរុប​ចំនួន ៥៥៩។

-មណ្ឌល​ក្រុង-ស្រុក-ខណ្ឌ ទូទាំង​ប្រទេស​សរុប​ចំនួន ២០៣ មាន​អាសនៈ​សមាជិក​ក្រុមប្រឹក្សា​សរុប​ចំនួន ៣៥៥៥។

-អ្នក​បោះឆ្នោត ដែល​ជា​សមាជិក​ក្រុមប្រឹក្សា​ឃុំ-សង្កាត់​ក្នុង​មុខ​តំណែង មាន​ចំនួន​សរុប ១១ ៥២៧នាក់។

-ការិយាល័យ​បោះឆ្នោត សម្រាប់​ការ​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​លើក​នេះ មាន​ចំនួន​សរុប ២០៣ ដែលមាន​ទីតាំង​នៅ​ទីប្រជុំជន​ក្រុង-ស្រុក-ខណ្ឌ៕

សូមទស្សនាទិដ្ឋភាព​នៃអ្នកចូលរួមបោះឆ្នោតខាងក្រោមនេះ នៅ​ការិយា​ល័យ​បោះឆ្នោត ០០០៨ សាលាបឋមសិក្សា​ភ្នំពេញថ្មី សង្កាត់​ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ៖

អត្ថបទ៖ សំភី

អត្ថបទថ្មី
;