រកឃើញប្រាសាទថ្មី និងលិង្គព្រះឥសូរប្រវែង១ម៉ែត្រ នៅខេត្តក្រចេះ
- 2019-05-28 01:34:22
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
រកឃើញប្រាសាទថ្មី និងលិង្គព្រះឥសូរប្រវែង១ម៉ែត្រ នៅខេត្តក្រចេះ
ចន្លោះមិនឃើញ
ក្រុមអ្នកស្រាវជ្រាវនៃរាជបណ្ឌិត្យសភាកម្ពុជា ដែលដឹកនាំដោយ លោកសាស្ត្រាចារ្យ បណ្ឌិត ធុយ ចាន់ធួន បានរកឃើញ ប្រាសាទថ្មីមួយទៀតគឺ «ប្រាសាទអូរក្រសាំង» ស្ថិតក្នុងទីក្រុងសម្ភុបុរៈ នៅ ភូមិអូរក្រសាំង ឃុំបឹងចារ ស្រុកសំបូរ ខេត្តក្រចេះ។ នេះបើតាមការចុះផ្សាយរបស់ AKP កាលពីថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០១៩។
លោកសាស្ត្រាចារ្យបណ្ឌិត ធុយ ចាន់ធួន បានឱ្យដឹងថា កាលពីថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៩ បន្ទាប់ពីបង្រៀនពីវិធីសាស្រ្ដ ប្រមូលទិន្នន័យនៅពុទ្ធសាសនបណ្ឌិត្យ លោកបានដឹកនាំសិក្ខាកាមដែលជាថ្នាក់ដឹកនាំ និងមន្ត្រីនៃពុទ្ធសាសនបណ្ឌិត្យចុះកម្មសិក្សាអនុវត្តផ្ទាល់នៅទីក្រុងសម្ភុបុរៈ នៃអាណាចក្រចេនឡាបុរាណ (ស្រុកចិត្របុរី ស្រុកសំបូរ ខេត្តក្រចេះ)។
ក្រុមស្រាវជ្រាវបានបន្តដំណើរទៅក្បាលកោះរងាវ ប្រមាណជា ១០គ.ម ហើយ បានជួបសំណេះសំណាលជាមួយអ្នកភូមិអូរក្រសាំង ឃុំបឹងចារ ក៏បានទទួលដំណឹងថា មាន ទួលកំណប់មួយនៅក្រោយចម្ការរបស់អ្នកភូមិ ហើយនៅរសៀលថ្ងៃទី២៧ឧសភា ក្រុមស្រាវជ្រាវ ក៏បានជួបប្រទះនូវភស្ដុតាងបុរាណវត្ថុ ជាតឹកតាងប្រវត្តិសាស្រ្ដសំខាន់ៗដូចជា ដុំឥដ្ឋធំៗ ធ្វើអំពីដីឥដ្ឋដុត ថ្មមេទ្វារប្រាសាទ ទបង្ហូរទឹកមន្តចេញពីប្រាសាទ ទម្រព្រះ ស្នាមដាប់ នៃផែនថ្ម និងជាពិសេសគឺ លិង្គព្រះឥសូរ ១ដេក ស្ថិតនៅលើទីទួល ប្រហែលជាខឿន ប្រាសាទក្នុងផ្ទៃក្រឡាប្រមាណជា ៥០០០ម៉ែត្រការ៉េ។
សំណល់បុរាណវត្ថុដែលនៅសល់រាយប៉ាយ ជាសំណល់នៃការលួចជីកកាយ ដោយក្រុមទុច្ចរិតក្នុងសម័យមុន ក្រុមស្រាវជ្រាវ សង្កេតឃើញមាន រណ្ដៅនៃផ្ទាំងដាប់ថ្ម ទំហំ ១០៥ ស.ម x ១០៥ស.ម បួនជ្រុង ជម្រៅប្រមាណជា ៥ ស.ម. (ប្រហែលជាចំណុចកណ្ដាលនៃប្រាសាទជាទីតម្កល់លិង្គ) ដាប់ជាប់ពីលើផ្ទាំងថ្មធម្មជាតិ បានឃើញ ស្លាកស្នាម ឥដ្ឋប្រមាណជា ៥ម៉ែត្របួនជ្រុង ព័ទ្ធរណ្ដៅថ្មដាប់ខាងលើឃើញទបង្ហូរទឹកមន្ត ចេញពីប្រាសាទចំនួន២ បំណែកមេទ្វារ អំពីថ្មភក់បែកបាក់ជាច្រើនដុំ ទម្រព្រះបែកបាក់ជាច្រើនដុំ លិង្គចម្លែក១ នៅខាងកើតគ្រឹះប្រាសាទនោះប្រហែល ៣០ម៉ែត្រ លិង្គនោះមានបណ្ដោយប្រមាណជា ១ម៉ែត្រ អង្កត់ផ្ចិតប្រមាណជា ៤០ស.ម គល់ព្រលួញ ២៥ស.ម ចម្លែកត្រង់ថាលិង្គ នេះមិនមានក្បាលមូលទេ ក្បាលចិតស្មើដូចគេកាត់កំណាត់ឈើ និងមានស្រះទឹកមួយនៅ ទិសខាងកើត ប្រហែល ៥០ម ពីគ្រឹះប្រាសាទ។
តាមការស្រាវជ្រាវដោយក្រុមអ្នកស្រាវជ្រាវសម្ភុបុរៈ ដែលបានទៅសិក្សាលើទីតាំងចាស់ដែលមានស្រាប់ និងរកឃើញប្រាសាទថ្មីៗថែមទៀត សរុបទាំងអស់ជាង ១០០ទីតាំងស្ថានីយុបុរាណ និង ប្រាសាទបុរាណ ហើយបានកំពុងតែផ្ទៀងផ្ទាត់ និងសិក្សាលម្អិតទៅលើសំណង់ស្ថាបត្យកម្ម និង រចនាបទនានា ដែលទាក់ទងនឹងប្រាសាទថ្មីៗទាំងនោះ ហើយនឹងផ្សព្វផ្សាយជា សាធារណៈជូននៅពេលខាងមុខឆាប់ៗនេះ៕
រូបថត៖ AKP