ឡាវនឹង​បើក​ការ​ហោះហើរ​មក​កម្ពុជា​ឡើងវិញ នាខែ​តុលា​ខាងមុខ

  • 2019-05-28 08:21:48
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្រុមហ៊ុន​អាកាសចរណ៍​ឡាវ​ (Loas Airline) របស់​ប្រទេស​ឡាវ នឹង​បើកការ​ហោះហើរ​មកកាន់​កម្ពុជា​ឡើងវិញ នា​អំឡុងខែ​តុលា ឆ្នាំ​២០១៩ ខាងមុខ​នេះ ក្រោយពី​ផ្អាកការ​ហោះហើរ​អស់មួយរយៈ​កន្លងមក។ នេះបើតាម​ការចុះផ្សាយ​របស់​ក្រសួង​ទេសចរណ៍។

ដំណឹង​នេះ ​ត្រូវបាន​បង្ហាញ​ឡើង​នាឱកាស​ជំនួប​ពិភាក្សា​រវាង​លោក ថោង ខុន រដ្ឋមន្ត្រី​ក្រសួង​ទេសចរណ៍ ជាមួយ​ឯកអគ្គរដ្ឋទូត​ឡាវប្រចាំ​កម្ពុជា លោក អាមផៃ គីនដាវង្ស (Amphay Kindavong) នៅទីស្ដីការ​ក្រសួង​ទេសចរណ៍ កាលពី​រសៀល​ថ្ងៃទី២៤ ខែ​ឧសភា ឆ្នាំ​២០១៩។

រូបថត៖ ក្រសួងទេសចរណ៍
ក្រោយ​បញ្ចប់​ជំនួប​ពិភាក្សា​ខាងលើ លោក តុប សុភ័ក អនុរដ្ឋលេខាធិការ និងជាអ្នក​នាំពាក្យ​ក្រសួង​ទេសចរណ៍ បានថ្លែង​ប្រាប់​ក្រុមអ្នកសារព័ត៌មាន​ថា លោក អាមផៃ គីនដាវង្ស បានជម្រាបជូន​លោក​រដ្ឋមន្ត្រីថា ​ឡាវនឹង​បើកការ​ហោះហើរ​ត្រង់​ដំបូងពី​រដ្ឋធានីវៀងចន្ទន៍​ មករាជធានី​ភ្នំពេញ ហើយនឹង​បើកការ​ហោះហើរ​មកកាន់​ខេត្តសៀមរាប និង​ខេត្ត​ព្រះសីហនុ ជា​បន្តបន្ទាប់​ទៀត។

ឯក​អគ្គរដ្ឋទូតឡាវ​បានប​ង្ហើប​ថា ពេលដែល​ព្រលាន​យន្តហោះ​នៅតំបន់​វិស្សមកាល​ទេសចរណ៍​តារាសាគរ ខេត្ត​កោះកុង ត្រូវបាន​សាងសង់​រួចរាល់​នៅក្រោយ​ឆ្នាំ​២០២០ ឡាវ​នឹង​បន្ត​បើក​ការហោះហើរ​ត្រង់​ទៅកាន់​កន្លែង​នេះ​បន្ថែម​ទៀត ដើម្បី​នាំភ្ញៀវ​ទេសចរ​ទៅទស្សនា​កម្សាន្ត​នៅ​តារា​សាគរ និង​តំបន់​នានា​នៅខេត្ត​កោះកុង។

ត្រង់​ចំណុច​នេះ​បង្ហាញថា ភ្ញៀវ​ទេសចរ​ឡាវ និង​ភ្ញៀវ​ទេសចរ​ប្រទេស​ទី៣ (ប្រហែល​ភាគច្រើន​ភ្ញៀវ​ជនជាតិ​ចិន) ហាក់​ដូចជា​ចាប់អារម្មណ៍​ខ្លាំង ចំពោះ​តំបន់​វិស្សមកាល​ទេសចរណ៍​តារា​សាគរ និង​តំបន់​ទេសចរណ៍​តាម​មាត់សមុទ្រ​របស់​កម្ពុជា។

លោក ថោង ខុន ឯកភាព​ជាមួយ​លោក​ឯកអគ្គរដ្ឋទូត​ឡាវ​ថា តាមរយៈ​ការភ្ជាប់​ជើងហោះហើរ​ឡើងវិញ​នេះ កម្ពុជា-ឡាវ នឹង​ខិតខំ​រៀបចំ​កញ្ចប់​ទស្សនកិច្ច​ទេសចរណ៍ ជូនដល់​ភ្ញៀវទេសចរ​ ឱ្យកាន់តែ​សម្បូរបែប​ថែមទៀត ពិសេស​គោលដៅ​ទេសចរណ៍​នៅតំបន់​មាត់សមុទ្រ​របស់​កម្ពុជា។

មួយវិញ​ទៀត កម្ពុជា-ឡាវ ក៏ចង់​ឱ្យខ្សែទស្សនកិច្ច «គោលដៅ​ទេសចរណ៍​បេតិកភណ្ឌ​ពិភពលោក» កាន់តែ​ត្រូវបាន​ជំរុញ​ឱ្យមាន​សកម្មភាព​ច្រើន​ឡើង​ថែមទៀត ដោយ​ប្រទេស​ទាំងពីរ ក៏មាន​គោលដៅ​ទេសចរណ៍​បេតិកភណ្ឌ​ពិភពលោក «សៀមរាប-អង្គរ តំបន់​ប្រាសាទ​សំបូរ​ព្រៃគុក ប្រាសាទ​ព្រះវិហារ និងប្រាសាទ​វត្តភូ​របស់​ឡាវ» ផង​ដែរ ដែលតំបន់​ប្រាសាទ​ទាំងនេះ សុទ្ធតែ​ត្រូវបាន​ចុះក្នុងបញ្ជី​បេតិកភណ្ឌ​ពិភពលោក​របស់​អង្គការ​យូណេស្កូ។

បើតាម​អ្នក​នាំពាក្យ​ក្រសួង​ទេសចរណ៍ កាលពី​ឆ្នាំ២០១៨ កន្លងទៅ កម្ពុជា​ទទួលបាន​ភ្ញៀវទេសចរ​ឡាវ​ប្រមាណ​ជាង ៤២ម៉ឺន​នាក់។ ដោយឡែក ក្នុងរយៈពេល​៤ខែ ឆ្នាំ​២០១៩​នេះ កម្ពុជា​ទទួលបានទេសចរ​ឡាវប្រមាណ​ជាង ១២ម៉ឺន​នាក់ ឈរលើ​ចំណាត់ថ្នាក់​លេខ៣ ក្នុងចំណោម​ទេសចរ​អន្តរជាតិ ១០ប្រទេស ដែល​មក​ទស្សនា​កម្ពុជា (Top 10)។

ប្រទេស​ឡាវ ត្រូវបាន​គេស្គាល់​ថា​ជាប្រទេស​សម្បូរ​ទៅដោយ​តំបន់​អេកូ​ទេសចរណ៍ និង​តំបន់​បេតិកភណ្ឌ ប៉ុន្តែ​ប្រទេសឡាវ​មិនមាន​សមុទ្រ​នោះឡើយ៕

អត្ថបទ៖ សំភី

អត្ថបទថ្មី
;