វៀតណាម ជាអ្នក​ឈ្នះ​ធំបំផុត​ក្នុង​សង្គ្រាម​ពាណិជ្ជកម្ម​រវាង​ចិន និង​អាមេរិក

  • 2019-06-05 04:12:52
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


វៀតណាម គឺ​ជា​អ្នក​ឈ្នះ​ធំបំផុត​ក្នុសង្គ្រាម​ពាណិជ្ជកម្ម​រវាង​ចិន និង​អាមេរិក គិត​ក្នុង​ត្រីមាស​ទី១ ឆ្នាំ​២០១៩ ខណៈ​ដែល​មហាយក្ស​សេដ្ឋកិច្ច​ទាំង២​នេះ បាន​ដំឡើង​ពន្ធ​ទំនិញ​នាំចូល​ដាក់​គ្នាទៅ​វិញទៅ​មក។ នេះ​បើតាម​ការ​ចុះផ្សាយ​របស់ South China Morning Post នៅថ្ងៃទី​៥ ខែ​មិថុនា ឆ្នាំ​២០១៩។

កម្មករក្នុងរោងចក្រមួយកន្លែងនៅក្រុងហាណូយ ប្រទេសវៀតណាម (រូបថត៖ AFP)
សារព័ត៌មាន​នេះ ដែល​បាន​ដកស្រង់​របាយការណ៍​វិភាគ​មួយ​របស់​ធនាគារ​វិនិយោគ​ជប៉ុន Nomura ឱ្យ​ដឹង​ថា សេដ្ឋកិច្ច​វៀតណាម បាន​កើនឡើង​ស្ទើរជិត ៨% នៃ GDP ដោយសារ​ការ​ផ្លាស់ប្តូរ​ផលិតកម្ម​ ពោលគឺ​ការ​រើ​រោងចក្រ​ពីចិន ទៅ​ដាក់​ផលិត​នៅ​វៀតណាម​វិញ ដើម្បី​បញ្ចៀស​នូវការ​ជាប់ពន្ធ ក្នុង​សង្គ្រាម​ពាណិជ្ជកម្ម​នេះ។ អ្នកឈ្នះ​បន្ទាប់​គឺ តៃវ៉ាន់ ដែល​ទទួល​បាន​កំណើន​សេដ្ឋកិច្ច ២,‌១% នៃ GDP។

របាយការណ៍​របស់​ធនាគារ​ជប៉ុន​ខាងលើ​នេះ ត្រូវ​បាន​សិក្សា​ទៅលើ​ប្រទេស​សេដ្ឋកិច្ច​ធំៗ​ចំនួន​៥០ ចាប់ពី​ត្រីមាសទី១ ឆ្នាំ​២០១៨​មក គឺ​មុនពេល​តែប៉ុន្មានខែ​ប៉ុណ្ណោះ ដែល​អាមេរិក បាន​ចាប់ផ្តើម​ដំឡើង​ពន្ធ​នាំចូល​ពីចិន។ ប្រទេស​ទាំងនេះ មានការនាំចេញ​នូវទំនិញ​ដែលពាក់ព័ន្ធ​នឹង​ទំនិញ​ដែលត្រូវ​ដំឡើងពន្ធ​ក្នុងសង្គ្រាម​ពាណិជ្ជកម្ម​រវាង​ប្រទេស​ចិន​និងអាមេរិក ពោលគឺ​ក្នុង​អំឡុងពេល​ដែល​អាមេរិក បាន​ដំឡើង​ពន្ធនាំចូលទំនិញពី​ចិន​ដែលមាន​តម្លៃ ២៥០ពាន់​លាន​ដុល្លារ ហើយចិន​បាន​តបតវិញ​ដោយ​ដំឡើង​ពន្ធ​នាំចូល​ទំនិញ​ពី​អាមេរិក ដែលមាន​តម្លៃ ១១០ពាន់លាន​ដុល្លារ។

កំណើន​សេដ្ឋកិច្ច​របស់​វៀតណាម ​កើតឡើង​ដោយសារ​តែប្រទេស​នេះ បាន​បង្កើន​ការនាំចូល​ទៅ​អាមេរិក នូវ​ទំនិញ​ដែល​អាមេរិក បាន​ដំឡើងពន្ធ​លើ​ប្រទេសចិន។ ក្នុងនោះ​មាន​ផលិតផល​សំខាន់ៗ​ដូចជា ឧបករណ៍​អេឡិចត្រូនិច​សម្រាប់​ទូរសព្ទ គ្រឿងសង្ហារិម និង​ម៉ាស៊ីន​ដំណើរការ​ទិន្នន័យ​ស្វ័យប្រវត្តិ​ជាដើម។ ក្រៅពីនោះ​មាន​ដូចជា ក្តារបន្ទះ ខ្សែសូត្រ កប្បាស និង​គ្រឿង​ប្រដាប់​ប្រដា​អគ្គិសនី​ផងដែរ។

តាម​របាយការណ៍​ដដែល​ក៏បាន​បង្ហាញ​ផងដែរ​ថា អាមេរិក​អាចនឹង​ស្វែងរក​ប្រភព​នាំចូល​ទំនិញ​ផ្សេងទៀត ​ក្រៅពី​ចិន ក្នុង​អំឡុង​មាន​សង្គ្រាម​ពាណិជ្ជកម្ម​នេះ ខណៈ​ដែល​ផលិតផល​របស់ចិន​ប្រមាណ ២ភាគ៣ បាន​រងការ​ដំឡើងពន្ធពី​អាមេរិក។ ដូចគ្នានេះ​ដែរ ចិន​ក៏​នឹង​ស្វែងរក​ប្រភព​នាំទំនិញ​ចូល​ផ្សេង​ទៀត ក្រៅពី​អាមេរិក​ផងដែរ៕

ប្រភព៖ South China Morning Post ប្រែ​សម្រួល៖ សំភី

អត្ថបទថ្មី
;