អភិបាល​រាជធានី កំពុង​សុំ​ដីកា​ពីតុលាការ តាម​ចាប់​ខ្លួន​ម្ចាស់​ក្លិប​កម្សាន្ត​លុច្សសារី

  • 2019-06-10 00:33:19
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


លោក​ឃួ​ង​ ស្រេង ​អភិបាល​រាជធានី​ភ្នំពេញ​ បានបញ្ជាក់​ប្រាប់​ក្រុម​អ្នកសារព័ត៌មាន នៅ​ថ្ងៃទី​៩​ ខែមិថុនា​ ឆ្នាំ​២០១៩​ នេះ​ថា​ នៅ​ពេលនេះ​ លោក​កំពុង​សុំ​ដីកា​ពី​តុលាការ​ ដើម្បី​តាម​​ចាប់ខ្លួន​​ម្ចាស់​ក្លិប​​កម្សាន្ដ ​«​លុ​ច្ស​សារី​»​ ទី​​ដែល​កម្លាំង​សមត្ថកិច្ច​​ចុះបង្ក្រាប​ កាលពី​យប់​ថ្ងៃទី​៨​ ខែមិថុនា​ ពាក់ព័ន្ធ​ករណី​គ្រឿងញៀន ដោយ​ឃាត់ខ្លួន​បាន​មនុស្ស​ជាង ៤០០​នាក់​។​

លោក ឃួង ស្រេង ថ្លែង​ប្រាប់​អ្នកកាសែត ក្នុងកម្មវិធីហូបនំបញ្ចុក​សាមគ្គីជាតិ នៅ​វត្ត​ជម្ពូវ័ន្ត កាលពីថ្ងៃទី៩ មិថុនា
​លោក​អភិបាល​រាជធានី​ភ្នំពេញ ​ថ្លែង​បែប​នេះក្នុងឱកាស​អញ្ជើញ​ដឹកនាំ​កម្មករ​កម្មការិនី​ហូប​នំ​បញ្ចុក​សាមគ្គី​ជាតិ នៅវត្ត​ជម្ពូ​វ័​ន្ត​ សង្កាត់​ចោមចៅ​ទី​២ ខណ្ឌ​ពោធិ៍​សែន​ជ័យ ជិត​២​ពាន់​នាក់​។​ ​លោក ឃួ​ង ស្រេង បានបញ្ជាក់​ទៀតថា​ ​កន្លងទៅ​អាជ្ញាធរ​ធ្លាប់បាន​ណែនាំ​ជាច្រើនលើក​ច្រើនសា​រហើយ​ដល់​ម្ចាស់​ទីតាំង​ក្លិប​កម្សាន្ដ​ខាងលើនេះ​ ប៉ុន្ដែ​ហាក់​គ្មាន​ប្រសិទ្ធភាព​នោះទេ ​គឺ​ម្ចាស់​ទីតាំងនៅ​បន្ដ​បើក​ដដែល​មិន​ថាយប់​ថ្ងៃ​នោះឡើយ​ ដោយ​បង្ក​ការរំខាន​យ៉ាងខ្លាំង​ដល់​ប្រជាពលរដ្ឋ​សិស្ស​និស្សិត​ រហូត​ប៉ុន្មាន​ថ្ងៃមុន​នេះ​មាន​ករណី​បាញ់បោះ​ផងដែរ​។​

យ៉ាងណាក្ដី សមត្ថកិច្ច​ពាក់ព័ន្ធ ​មិនទាន់​បានបង្ហាញ​អំពី​អត្ដ​សញ្ញាណ​ម្ចាស់​ទីតាំង​ក្លិប «​លុ​ច្ស​សារី​» ថា​ឈ្មោះ​អ្វី ហើយ​មាន​តួនាទីអ្វី​នោះទេ​។​

​គួរ​ជម្រាប​ថា​កម្លាំង​នគរបាល​រាជធានី​ភ្នំពេញ​ ក្រោម​ការបញ្ជា​ផ្ទា​ល់ពី​នាយ​ឧ​ត្ត​ម​សេនីយ៍​សន្ដិ​បណ្ឌិត​នេ​ត​ សាវឿន​ អគ្គស្នងការ​នគរបាល​ជាតិ ​និង​ដឹកនាំ​កម្លាំង​ប្រតិបត្តិការ​ដោយ​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ស ថេត អគ្គ​ស្នងការរង​នគរបាលជាតិ ​និង​ជា​ស្នងការ​រាជធានី​ភ្នំពេញ​ បាន​បើក​ប្រតិបត្តិការ​ទាំង​កណ្តាល​អា​ធ្រា​ត្រ ថ្ងៃទី៨ ខែមិថុនា ​ចុះ​ឆែកឆេរ​ក្លិប​កម្សាន្ត​ «​លុ​ច្ស​សារី​» នៅ​សង្កាត់បឹងរាំង ខណ្ឌដូនពេញ ដោយ​រកឃើញ​ថ្នាំញៀន​មួយចំនួន​ និង​ឃាត់ខ្លួន​អ្នក​ចូល​លេង​កម្សាន្ត​ក្នុង​ក្លឹប​ជាង ៤០០​នាក់​។​

​ក្រោយ​ការឆែកឆេរ​កម្លាំង​សមត្ថកិច្ច​បាន​បិទ​ក្លិប​ជា​បណ្តោះអាសន្ន និង​បាន​នាំ​អ្នកលេង​កម្សាន្ត​ប្រមាណ ៤០០​នាក់​ទៅ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​។​ បើតាម​ប្រភពពី​សមត្ថកិច្ច​អ្នកលេង​កម្សាន្ត​ក្នុង​ក្លិប​នេះ​ភាគច្រើន​ជនជាតិ​ចិន​និង​វៀតណាម​៕

ចុចអាន៖ ប៉ូលិស​ឆ្មក់​ចូល​​បង្រ្កាប​ក្លឹប​កម្សាន្ត​មួយ ទាំង​កណ្ដាល​អាធ្រាត្រ ឃាត់ខ្លួន​បានជាង ៤០០នាក់

ប្រភព៖ រស្មីកម្ពុជា

អត្ថបទថ្មី
;