លោក ផែង វណ្ណៈ សុំការលើកលែងទោសពីសម្តេច ហ៊ុន សែន
- 2019-06-13 01:36:15
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
លោក ផែង វណ្ណៈ សុំការលើកលែងទោសពីសម្តេច ហ៊ុន សែន
ចន្លោះមិនឃើញ
លោក ផែង វណ្ណៈ ដែលកំពុងជាប់ឃុំនៅក្នុងពន្ធនាគារម១ បានផ្ញើលិខិតទៅសម្តេច ហ៊ុន សែន កាលពីថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០១៩ ដើម្បីសុំការអភ័យទោសពីសម្តេច ដើម្បីជួយឱ្យលោកឆាប់បានចេញពីពន្ធនាគារ ទៅជួបជុំក្រុមគ្រួសារ និងបន្តព្យាបាលជំងឺប្រចាំកាយ។
ក្នុងលិខិតនេះ លោក ផែង វណ្ណៈ បានសរសេរយ៉ាងដូច្នេះថា៖ «ខ្ញុំបាទមានការសោកស្តាយជាពន់ពេកនូវកំហុសឆ្គងរបស់ខ្ញុំបាទនាពេលកន្លងមក និងសុំការខន្តីអភ័យទោសពីសម្តេចតេជោ នូវអ្វីដែលខ្ញុំបាទបានសរសេរព័ត៌មានប្រៀបធៀបមិនសមរម្យ តាមរយៈបណ្តាញសង្គមហ្វេសប៊ុកនោះ។ ទង្វើដ៏ឆ្គាំឆ្គងនេះ កើតឡើងដោយសារខ្ញុំមានការភ្លេចខ្លួន មានអារម្មណ៍ឆេវឆាវ ខ្វះការពិចារណា ច្រឡោត ខឹងសម្បា ទៅលើអ្នកលេងហ្វេសប៊ុកមួយចំនួន ដោយមិនបានគិតវែងឆ្ងាយ ជាហេតុនាំឱ្យប៉ះពាល់ដល់កិត្តិយស សម្តេចតេជោ ហ៊ុន សែន ដែលជាប្រមុខដឹកនាំដ៏ល្អប្រពៃនៃប្រជាជនកម្ពុជា»។
ជាមួយគ្នានេះ លោក ផែង វណ្ណៈ ក៏បានសន្យាដែរថា នឹងធ្វើការកែប្រែអត្តចរិត ពាក្យសម្តីរបស់ខ្លួន និងមិនឱ្យមានបញ្ហាទាំងនេះកើតឡើងជាថ្មីម្តងទៀតឡើយ។
សូមរំលឹកថា ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចឃុំខ្លួនលោក ផែង វណ្ណៈ ជាបណ្តោះអាសន្ន នៅក្នុងពន្ធនាគារ (មណ្ឌលអប់រំកែប្រែទី១ (ម១))។ លោកត្រូវបានដាក់ឱ្យស្ថិតក្រោមការពិនិត្យពីបទ៖ ញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍ និងបរិហារកេរ្តិ៍ជាសាធារណៈ ប្រព្រឹត្តនៅរាជធានីភ្នំពេញ តាមរយៈទំព័រហ្វេសប៊ុក ដែលមានឈ្មោះ Pheng Vannak News កាលពីថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៩ បទល្មើសដែលមានបទបញ្ញត្តិឱ្យផ្តន្ទាទោសតាមមាត្រា ៤៩៤ មាត្រា ៤៩៥ និងមាត្រា ៣០៥ ក្រមព្រហ្មទណ្ឌនៃព្រះរាជាណាចក្រកម្ពុជា។
លោក ផែង វណ្ណៈ មន្ត្រីយោធានៅក្រសួងការពារជាតិ និងជាអ្នកលេងបណ្តាញសង្គមហ្វេសប៊ុកដ៏ល្បីឈ្មោះម្នាក់ ត្រូវបានប៉េអឹមលើផ្ទៃប្រទេសចាប់ខ្លួនកាលពីព្រឹកថ្ងៃទី០២ ខែមេសា ឆ្នាំ២០១៩ តាមដីការបស់តុលាការ។ ការចាប់ខ្លួនលោក ផែង វណ្ណៈ បានធ្វើឡើងបន្ទាប់ពីលោក គី តិច មេធាវី សម្តេចតេជោ ហ៊ុន សែន បានដាក់ពាក្យបណ្តឹងទៅកាន់សាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី០១ ខែមេសា ឆ្នាំ២០១៩ ដោយប្តឹងលោក ផែង វណ្ណៈ ពីបទប្រើប្រាស់បណ្តាញសង្គម Facebook ផ្សព្វផ្សាយដល់សាធារណជន គោលបំណងបរិហាកេរ្តិ៍ ជាសាធារណៈលើសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងមានចេតនាពេញទី គោលបំណងញុះញង់ឲ្យប្រព្រឹត្ត បទឧក្រិដ្ឋជាអាទិ៍ ដែលជាអំពើផ្ទុយនឹងបញ្ញត្តិមាត្រា៣០៥ និងបញ្ញត្តិមាត្រា ៤៩៤-៤៩៥ នៃក្រមព្រហ្មទណ្ឌ៕