ប្រធាន​អង្គការ​ខ្ញុំខ្មែរ បដិសេធ​ឈ្មោះ តោ និមល ថា​មិនមែន​ជាសមាជិក​ខ្លួន ក្រោយ​មាន​ប្រតិកម្ម​ពី​លោក ហ៊ុន ម៉ានិត

  • 2019-06-20 09:30:11
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


លោក ជា និច្ច ប្រធាន​អង្គការ​ខ្ញុំខ្មែរ បាន​បដិសេធ​ថា ចំពោះ​បុគ្គល​ឈ្មោះ តោ និមល (Tor Nimol) ដែលបាន​សរសេរ​ព័ត៌មាន​បង្ហោះ​តាម​បណ្តាញ​សង្គម​ហ្វេសប៊ុក​ថា លោក ហ៊ុន ម៉ានិត និង​ប្អូនស្រី មានលុយ ១០០លាន​ដុល្លារ​ក្នុងម្នាក់​នៅក្នុង​ធនាគារ​មួយ​របស់​អាមេរិក គឺ​មិនមែន​ជា​សមាជិក​របស់​អង្គការ ខ្ញុំខ្មែរ ទេ។ ការ​បដិសេធ​នេះ បាន​ធ្វើឡើង​បន្ទាប់ពី​លោក ហ៊ុន ម៉ានិត បានច្រាន​ចោល​ចំពោះ​ព័ត៌មាន​ដែល​ម្ចាស់​គណនី​ហ្វេសប៊ុក​ឈ្មោះ Tor Nimol បានបង្ហោះ។

ប្រធាន​អង្គការ​ដែល​កំពុង​ស្ថិតក្នុង​ប្រទេស​ថៃ​រូបនេះ បាន​ថ្លែង​បញ្ជាក់​ប្រាប់ [ខ្លីៗ] នា​រសៀល​ថ្ងៃទី២០ ខែ​មិថុនា ឆ្នាំ​២០១៩​ថា៖ «ឈ្មោះ តោ និមល (Tor Nimol) នេះ មិនមែន​ជា​សមាជិក ខ្ញុំខ្មែរ ទេ ហើយ​អ្នកណា​ពាក់អាវ​ ខ្ញុំខ្មែរ ទៅធ្វើ​ចឹង ខ្ញុំអត់​មាន​ការ​ធានា​ខុសត្រូវទេ ពីព្រោះ​មិនមែន​ខ្ញុំជា​អ្នក​ធ្វើឯណា ជារឿង​បុគ្គល ហើយ​ខ្ញុំមិន​ដែល​បង្ហាត់​អ្នកណា​ឲ្យមក​ជេរប្រទេស​ជាតិ​ទេ។ ហើយ​មនុស្សហ្នឹង​អត់មាន​ពាក់ព័ន្ធ​ជាមួយ​អង្គការ ខ្ញុំខ្មែរ ទេ»។

លោក​ ជា និច្ច ក៏​លើកឡើងដែរ​ថា អង្គការខ្ញុំខ្មែរ​គឺមិនពាក់​ព័ន្ធនយោបាយ​ប្រឆាំង​រដ្ឋាភិបាល​នោះទេ ដោយ​គ្រាន់តែជា​អង្គការ​មនុស្សធម៌​ដែល​កើតចេញ​ពីការស្រលាញ់​ខ្មែរ ស្រលាញ់​ប្រទេស និង​រាជរដ្ឋាភិបាលខ្មែរ ដោយគ្មាន​លក្ខខណ្ឌ។ «ខ្ញុំសូម​ខន្តី​អភ័យទោស​អំពី​រាជរដ្ឋាភិបាល ក៏ជា​បងប្អូន​ប្រជាពលរដ្ឋ បើមាន​បុគ្គល​មួយចំនួន​បានព្យាយាម​លាប​ពណ៌ដល់រូបខ្ញុំ​បាទ និងអង្គការខ្ញុំខ្មែរ​ផងដែរ ខ្ញុំសូម​ប្រកាសថា​ខ្ញុំមិន​បានគាំទ្រ​រាល់​ទង្វើ របស់​បុគ្គល​ទាំងនោះ​ជា​ដាច់ខាត»។

លោក ហ៊ុន ម៉ានិត កូនប្រុស​សម្តេច​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​បដិសេធ​ចំពោះ​ព័ត៌មាន​ដែល​បាន​ផ្សព្វផ្សាយ​នៅតាម​បណ្តាញ​សង្គម​ថា លោក​នឹង​ប្អូនស្រី មានលុយ ១០០លាន​ដុល្លារ​ក្នុងម្នាក់ នៅក្នុង​ធនាគារមួយ​របស់​អាមេរិក គឺជា​ព័ត៌មាន​មិនពិត និង​បង្កើត​ឡើង​ដោយ​ក្រុមប្រឆាំង​ក្នុងគោលបំណង​បង្ខូច​ឈ្មោះ លាប​ពណ៌ បង្កើត​ជា​ការសង្ស័យ​ពីសារធារណជន៕

ចុចអាន​បន្ថែម៖ លោក ហ៊ុន ម៉ានិត បដិសេធព័ត៌មាន​ដែល​ថា​លោ​ក​មាន​លុយ ១០០លាន​ដុល្លារ​នៅ​ធនាគារ​អាមេរិក

អត្ថបទ៖ សោភា

អត្ថបទថ្មី
;